ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អាដហុក៖ ការ​គំរាម​កំហែង​សកម្មភាព​នយោបាយ និង​ការ​រឹតត្បឹត​សេរីភាព​ជួប​ជុំ​កើន​ឡើង​ក្នុង​ឆ្នាំ​២០២២


រូប​ឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ករណី​នៃ​ការ​គំរាម​កំហែង​សកម្មភាព​នយោបាយ និង​ការ​រឹតត្បឹត​សេរីភាព​នៃ​ការ​ជួបជុំ កើន​ឡើង​ក្នុង​ឆ្នាំ​២០២២។ នេះ​បើ​តាម​របាយ​ការណ៍​របស់​សមាគម​អាដហុក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៣។

របាយ​ការណ៍​របស់​សមាគម​អាដហុក​ដែល​មាន​ចំណង​ជើង​ថា​«ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្នាំ​២០២២»​បង្ហាញ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​ស្រ្តី និង​កុមារ ដែល​បាន​កើត​ឡើង​ចាប់​ពី​ខែ​មករា ដល់​ខែធ្នូ ឆ្នាំ​២០២២។

ក្នុង​ឆ្នាំ​២០២២ សមាគម​អាដហុក​បាន​ធ្វើ​សកម្ម​ភាព​អង្កេត​និង​អន្តរាគមន៍​ចំនួន​ ៩២១​ករណី រួម​មាន​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​ ៥៩៤​ករណី និង​សិទ្ធិ​ដីធ្លី​ចំនួន​ ៨៤​ករណី និង​ផ្នែក​ស្រ្តី និង​កុមារ​ចំនួន ​២៨៨​ករណី។

សមាគម​បញ្ជាក់​ថា ករណី​រំលោភ​សិទ្ធិ​មនុស្ស​«កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង»។ ករណី​រំលោភ​សិទ្ធិ​មនុស្ស មាន​ចំនួន​សរុប ​៥៤៩​ករណី ដែល​កើន​ឡើង ​៣៩២​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ត្រឹម​តែ ១៥៧​ករណី​ប៉ុណ្ណោះ។ ក្នុង​នោះ​ករណី​គំរាម​កំហែង​សកម្ម​ភាព​នយោបាយ​កើន​ឡើង​រហូត​ដល់​ ២១៨​ករណី ការ​រឹតត្បឹត​សេរីភាព​ជួបជុំ​ចំនួន ​១១៨​ករណី និង​រឹត​ត្បឹត​សេរីភាព​បាតុកម្ម​ចំ​នួន ​៦៥​ករណី។

របាយ​ការណ៍​បញ្ជាក់​ថា៖ «ឆ្លង​តាម​ការ​វិភាគ​បង្ហាញ​ថា​ជាង​ ៥០%​នៃ​ករណី​គំរាម​កំហែង​សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ និង​ករណី​រឹត​ត្បឹត​សេរីភាព​មូលដ្ឋាន​នៅ​តែ​មិន​ត្រូវ​បាន​ដោះស្រាយ។ ហើយ​ភាគ​ច្រើន​បំផុត​នៃ​ជន​រង​គ្រោះ​ករណី​ទាំង​នោះ​សម្រេច​មិន​ដាក់​ពាក្យ​បណ្តឹង ពីព្រោះ​ពួក​គាត់​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌»។

បើ​តាម​របាយ​ការណ៍ នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ២០២២ មាន​ការ​គំរាម​កំហែង​តាម​រយៈ​ប្រព័ន្ធ​តុលាការ បដិសេធ​លុប​ឈ្មោះ​បេក្ខជន​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​គណបក្ស គំរាម​(តាម​បណ្តាញ​សង្គម) បង្ក​របួស​ស្នាម គំរាម​ឱ្យលា​ឈប់​ពី​បញ្ជី​ឈរ​ឈ្មោះ​បេក្ខ​ភាព​គណបក្ស បំផ្លាញ​ស្លាក​សញ្ញា​គណ​បក្ស រារាំង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស និង​រឹតត្បឹត​សេរីភាព​ជួប​ជុំ​សកម្មជន​គណបក្ស។

នៅ​ក្នុង​របាយ​ការណ៍​នោះ សមាគម​អាដហុក​ក៏​បាន​ដាក់​ជា​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ស្នើ​ឱ្យក្រសួង​មហាផ្ទៃ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យឈប់​តាម​ដាន សួរ​នាំ​ថត​រូប សុំ​បញ្ជី​វត្តមាន​នូវ​សកម្ម​ភាព​ការងារ​របស់​សហគមន៍ និង​តម្រូវ​ឱ្យសហ​គមន៍​រាយការណ៍​ពេល​មុន​ទៅ​ចូលរួម និង​ត្រឡប់​ពី​ចូលរួម​សកម្មភាព​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ សមាគម​ក៏​ស្នើ​ឱ្យក្រសួង​យុត្តិធម៌​ពង្រឹង​យុត្តិធម៌​សង្គម លុប​បំបាត់​អំពើ​និទណ្ឌភាព​គ្រប់​ទម្រង់ ជា​ពិសេស​អំពើ​ល្មើស​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​គោល​ដៅ​នយោ​បាយ ដូច​ជា​ការ​បង្ក​របួស​ស្នាម​សកម្មជន​នយោ​បាយ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​នយោបាយ​តាម​ប្រព័ន្ធ​តុលាការ​ជា​ដើម។

លោក ស៊ឹង សែនករុណា អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក ប្រាប់​វីអូអេ​ថា ​សមាគម​ចងក្រង​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដើម្បី​ជា​ការ​បង្ហាញ​ទៅ​រដ្ឋាភិបាល​ឱ្យមាន​ការ​ពិចារណា​បើក​លម្ហ​សិទ្ធិ​សេរីភាព​នយោបាយ​ឡើង​វិញ។

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖ «ក្នុង​នោះ​ដែរ ក៏​យើង​ចង់​ឃើញ​ខាង​ក្រសួង​មហាផ្ទៃ​ដែរ ធ្វើ​យ៉ាងណា​ធ្វើ​សេចក្តី​ណែនាំ​ដល់​មន្រ្តី​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​ឱ្យបញ្ឈប់​រាល់​សកម្មភាព​រំខាន បំភិត​បំភ័យ គំរាម​កំហែង​តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ដែល​អាច​បង្ហាញ​ជា​សញ្ញា​បំភិត​បំភ័យ​ចំពោះ​សកម្មជន​គណ​បក្ស​នយោបាយ និង​អ្នក​ដែល​មាន​មតិ​ផ្ទុយ ក៏​ដូចជា​ប្រជាពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ហ្នឹង​ផង​ដែរ»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​របាយ​ការណ៍​របស់​សមាគម​អាដហុក ជា​របាយការណ៍​«ដដែលៗ» ហើយ​មិន​បាន​ពិនិត្យ​មើល​ស៊ី​ជម្រៅ​លើ​ទិដ្ឋភាព​ច្បាប់​និង​នីតិវិធី​ច្បាប់។ លោក​បន្ថែម​ថា​ សកម្មជន​នយោបាយ​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​តុលាការ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធថា៖ «ហើយ​របាយ​ការណ៍​អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​ប្រឆាំង​ហ្នឹង គឺ​យក​តាម​របាយ​ការណ៍ និង​ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង សកម្មជន​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់។

អញ្ចឹង​របាយ​ការណ៍​នេះ​ជា​របាយ​ការណ៍​ដដែល​ ដែល​មិន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធី​ច្បាប់ ក៏​ប៉ុន្តែ​ផ្អែក​ទៅ​លើ​រូបភាព​នយោ​បាយ​ច្រើន​ជាង»។

គួរ​បញ្ជាក់​ថា​ សកម្មជន​និង​អ្នក​នយោបាយ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ញុះញង់ ប្រមូល​ស្នាមមេដៃ​ក្លែង​ក្លាយ ដោយ​ក្រុម​គ្រួសារ​ពួក​គេ​អះ​អាង​ថា​ ដោយ​សារ​សកម្ម​ភាព​នយោបាយ​របស់​សកម្មជន​ទាំង​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG