ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាដហុក​ចាត់​ទុក​បណ្តឹង​ទារ​ប្រាក់​៥០​ម៉ឺន​ដុល្លារ​របស់​បក្ស​កាន់​អំណាច​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ


លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ក្រោយ​មានការ​ប្តឹង​ផ្តល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ឹង សែនករុណា​ បាន​ថ្លែង​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​ ការ​ប្តឹងផ្តល់​របស់​គណបក្ស​កាន់​អំណាច​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​មិន​លើក​ទឹកចិត្ត​លោក​ដែល​បានធ្វើ​ការងារ​ជួយ​សង្គម​ជា​ច្រើន​ឆ្នាំ​មក​នេះ។

លោក ស៊ឹង សែនករុណា​ គឺ​ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​ជា​អ្នក​នាំពាក្យ​របស់សមាគម​មួយ​នេះ​ ហើយ​ជា​ញឹកញាប់​គេ​សង្កេត​ឃើញ​លោក​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ សិទ្ធិ​ដីធ្លី​ និងស្ថានភាព​វិវឌ្ឍ​សង្គម​ចុង​ក្រោយ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​ បន្ថែម​លើ​កិច្ចការ​ស្នូល​របស់​លោក​ដែល​ចុះ​សង្កេត​ផ្ទាល់ ​ទី​ដែល​មាន​សេចក្តី​រាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

បើ​តាម​ការ​បង្ហោះ​សារ​អត្ថាធិប្បាយ​មួយ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​ លោក​លើក​ឡើង​ថា​ ជាង​២០​ឆ្នាំ​មក​ហើយ លោក​បាន​បម្រើ​ការងារ​លើ​វិស័យ​សង្គម​ស៊ីវិល​ ហើយ​រឿង​លំបាក​វេទនា​យ៉ាងណា​ក៏​លោក​ធ្លាប់​ឆ្លង​កាត់​ដែរ ក៏​ប៉ុន្តែ​ការងារ​លោក​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ ហើយ​បែរ​មក​ជាប់​បណ្តឹង​នៅ​តុលាការ។ ​

លោក​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ៖ «គួរ​ឱ្យ​ស្តាយ​ជា​ចុង​ក្រោយ​នេះ​ បែរ​ជា​ទទួល​នូវ​ការ​ប្តឹង​ចោទ​ដ៏​ធ្ងន់ធ្ងរ​ពិបាក​ទទួល​យក​បាន​ទៅវិញ។ អ្វី​ដែល​សំខាន់​នោះ​ប្តឹង​ទារ​៥០​ម៉ឺន​ដុល្លារ»។​

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «ការងារ​ដូច​រូប​ខ្ញុំ​គួរ​ត្រូវ​ជួយ​លើក​ទឹក​ចិត្ត ​មិនមែន​ដាក់​ប្តឹង​ធ្វើ​ទុក្ខ​បុកម្នេញ​ បន្ទុចបង្អាក់​ទឹកចិត្ត​បែប​នេះ​នោះ​ទេ ​កិច្ចការ​មួយ​ចំនួន​ចាំបាច់​ណាស់ ត្រូវ​មាន​វត្តមាន​ដូច​ពួក​ខ្ញុំ​នេះ ជួយ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងឡាយ ​ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើត​មាន​ក្នុង​សង្គម​មួយ​នេះ»។

បើ​តាម​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ ប្រាក់​ប្រចាំ​ខែ​ដែល​លោក​ទទួល​បាន​គឺ​គ្រប់គ្រាន់​សម្រាប់​តែ​ការ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ពោល​គឺ​លោក​គ្មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ដើម​បណ្តឹង​នោះ​ទេ។

ក្រុម​មេធាវី​របស់​អតីត​នាយករដ្ឋមន្ត្រី ​លោក​ ហ៊ុន សែន បានប្តឹង​លោក ​ស៊ឹង សែនករុណា ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២ពាន់​លាន​រៀល​ ឬ​ប្រមាណ​៥០ម៉ឺន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​នៅ​លើ​សារព័ត៌មាន​ ដែល​គណបក្ស​កាន់​អំណាច​ថា ​«មួល​បង្កាច់​នាំ​ឱ្យ​ប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

ភាព​ចម្រូងចម្រាស​ដែល​នាំ​ដល់​ការ​ប្តឹង​លោក​ ស៊ឹង សែនករុណា គឺ​នៅ​ចំណុច​ដែល​លោក​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស​មួយ​ស្រង់​សម្តីថា «គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។

លោក​ ស៊ឹង​ សែនករុណា ​បដិសេធ​មិនផ្តល់​ការ​អត្ថាធិប្បាយ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធាន​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ​ប្រាប់​វីអូអេ​ថា សមាគម​អាដហុក ​កំពុង​រៀបចំ​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកនាំ​ពាក្យសមាគម​ ហើយ​លោកក៏​សុំ​មិន​ផ្តល់ការ​អត្ថាធិប្បាយ​បន្ថែម​ដែរ។​

ចំណែក​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ប្រាប់​វីអូអេ​ថា​ ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ ទាមទារ​សំណង​ប្រមាណ​៥០ម៉ឺន​ដុល្លារ​ពី​អ្នក​នាំពាក្យ​សមាគម​អាដហុក​ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ ​ដូច្នេះ​មានតែ​ការ​តតាំង​គ្នា​នៅ​តុលាការ​តែ​ប៉ុណ្ណោះ។ ​

លោកបន្ថែម​ថា​ ការ​ថ្លែង​របស់​លោក ស៊ឹង សែន​ករុណា​ ជាមួយ​សារព័ត៌មាន​ The Cambodia Daily ​បាន​ប៉ះពាល់​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង ដែល​មិន​អាច​វាស់វែង​ជាមួយ​ទំហំ​ទឹក​ប្រាក់​បាន​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «ប៉ះពាល់​កិត្តិយស​គណបក្ស​ប្រជាជន​ ​វា​ធំធេង​ណាស់​ បើ​គិត​ជា​លុយ វា​អត់​មាន​ទំហំ​ណា​ យក​មក​វាស់​បាន​ទេ»។

​លោក​បន្ថែម​ថា៖ ​«ប្រាប់​ទៅ​សាមីជន​នោះ​ ឱ្យ​គាត់​ទៅ​និយាយ​ជាមួយ​តុលាការ​ ឬមួយ​ក៏​យក​មេធាវី​ណា​ដែល​ល្បីល្បាញ​ មាន​ស្នាដៃ​ អាហ្នឹង​ឱ្យ​គាត់​ទៅ​ត[តាំង]​ក្តី​ជាមួយ​តុលាការ​ទៅ​ អាហ្នឹង​បាន​វា​ត្រូវ​តាម​នីតិវិធី​ច្បាប់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ក្រុមអ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក អំ សំអាត យល់​ថា​ ទំហំ​ទឹក​ប្រាក់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងទាមទារ​ពី​មន្ត្រី​អាដហុក​ គឺ​ជា​ទំហំដ៏​ធំ​សម្បើម​មួយ​ព្រោះអ្នកធ្វើ​ការ​ផ្នែកសិទ្ធិ​មនុស្ស ​ទទួល​បាន​ប្រាក់​ខែស្ទើរតែ​ចិញ្ចឹម​គ្រួសារ​មិន​គ្រាប់គ្រាន់​ផង។ ​យ៉ាងណាក៏ដោយ​ លោក​ថា​ តុលាការមិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ និង​ជំនុំជម្រះ​លើ​បណ្តឹង​របស់​គណបក្ស​កាន់​អំណាច​នៅឡើយ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG