សកម្មជនម្នាក់របស់ប្រទេសកូរ៉េខាងត្បូងនិយាយថា លោកបានបង្ហោះបាឡុងដែលមានខ្សែភាពយន្តចំឡងរឿង The Interview រាប់ពាន់របស់ហូលីវូដចូលក្នុងប្រទេសកូរ៉េខាងជើង។
ខ្សែភាពយន្តដែលពណ៌នាពីផែនការរបស់ CIA ធើ្វឃាតមេដឹកនាំកូរ៉េខាងជើង Kim Jong Un ត្រូវបានដាក់ចូលក្នុងបាឡុងរួមជាមួយខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងផង។
លោក Lee Min-bok ជាអ្នករត់គេចចេញពីកូរ៉េខាងជើងបានក្លាយជាសកម្មជននិយាយថា លោកបានបង្ហោះបាឡុងដាច់ដោយឡែកពីគ្នាចំនួន៤។ ការបង្ហោះភាគច្រើនបានធ្វើឡើងកាលពីថ្ងៃសៅរ៍។
កូរ៉េខាងជើងបានជំទាស់ប្រឆាំងយ៉ាងខ្លាំងនឹងការបង្ហោះបាឡុងបែបនេះ។ កាលពីខែធ្នូឆ្នាំទៅ កូរ៉េខាងជើងបានបាញ់ទម្លាក់បាឡុងខ្លះ ដែលបណ្តាលឲ្យមានការបាញ់តបតគ្នាមួយសន្ទុះជាមួយកងទ័ពកូរ៉េខាងត្បូង។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានជំរុញឲ្យក្រុមសកម្មជនទប់កុំបង្ហោះបាឡុង ក៏ប៉ុន្តែ និយាយថា ការបង្ហោះបាឡុងនោះជាសកម្មភាពនៃសេរីភាពក្នុងការនិយាយស្តី។
ជនជាតិកូរ៉េខាងត្បូងខ្លះ ដែលរស់នៅជិតព្រំដែនបានត្អូញត្អែរថា ក្រុមសកម្មជន កំពុងធ្វើឲ្យជិវិតរស់នៅរបស់ក្រុមអ្នកស្រុកក្នុងតំបន់នោះ មានភាពគ្រោះថ្នាក់ដោយធ្វើឲ្យពួកគេក្លាយជាគោលដៅ។
កូរ៉េខាងជើង មានការរកាំចិត្តយ៉ាងខ្លាំងពីការប៉ុនប៉ងដាក់ខ្សែភាពយន្ត The Interviewចូលក្នុងបាឡុង ដោយកូរ៉េខាងជើងបានប្រកាសថា ខ្សែភាពយន្តនោះជាអំពើភេរវកម្ម។
មន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធកុំព្យុទ័រយ៉ាងធំទៅលើក្រុមហ៊ុន Sony Pictures ដែលបានផលិតខ្សែភាពយន្តនោះ៕