ប៉ូលិសប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេកំពុងស៊ើបអង្កេតពីលទ្ធភាពនៃការជាប់ទាក់ទងរវាងរដ្ឋាភិបាលកូរ៉េខាងជើង និងបុរសម្នាក់ដែលបានវាយប្រហារលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
ក្រុមអាជ្ញាធរ ក៏បាននិយាយផងដែរថាKim Ki-jong អាយុ៥៥ឆ្នាំ ប្រឈមការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាតបន្ទាប់ពីយកកាំបិទឆូតនៅលើមុខនិងកដៃរបស់លោកឯកអគ្គរដ្ឋទូត Mark Lippert ដោយធ្វើឲ្យលោកមានរបួសដោយដេរ៨០ថ្នេរ។
ថ្លែងពីកៅអីរុញរបស់ខ្លួននៅថ្ងៃសុក្រនេះជនសង្ស័យបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងសេអ៊ូលថា ខ្លួនមិនបានទទួលការបញ្ជារដោយផ្ទាល់ណាមួយពីកូរ៉េខាងជើងទេ។
ទីភ្នាក់ងារព័ត៌មានមជ្ឈឹមផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានឆ្លើយតបដល់ការវាយប្រហារនេះដោយបានហៅថា វាជាការដាក់ទ័ណ្ឌកម្ម ហើយជាសម្តែងនូវការប្រឆាំងដល់សមយុទ្ធខាងយោធាដែលកំពុងធ្វើឡើងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
លោក Lim Byeong-cheon អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ឧបទ្ទវហេតុនេះជាសកម្មភាពបង្កគ្រោះថ្នាក់ប្រឆាំងបេសកជនការទូតដែលមិនអាចអត់ឱនឲ្យបាននៅក្រោមកាលៈទេសៈណាក៏ដោយ។ យើងប្រកាសប្រឆាំងយ៉ាងខ្លាំងដល់កូរ៉េខាងជើងចំពោះការប្រឌិតពីឧបទ្ទវហតុនេះ និងការគាំទ្រសកម្មភាពបែបនេះ។
លោក Yoon Myeong-seong ប្រធានប៉ូលិសទីក្រុងសេអ៊ូល បាននិយាយថា ជនសង្ស័យ បានទៅទស្សនាកូរ៉េខាងជើងប្រហែល៧ដងរវាងឆ្នាំ១៩៩៩និងឆ្នាំ២០០៧។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានសុខភាពល្អនិងមានស្មារតីល្អហើយក្រោយមកលោក បានសរសេរក្នុង Twitterថា លោកនិងក្រុមគ្រួសារលោក មានការរំភើបជាខ្លាំងចំពោះការគាំទ្រដ៏សន្ធឹកសន្ធាប់ដែលបានផ្ញើទៅជូនលោក ហើយលោកនឹងវិលត្រឡប់ទៅធ្វើការវិញនៅពេលឆាប់ៗនេះដើម្បីជួយពន្លឿនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង៕