ពលរដ្ឋនៅទូទាំងរដ្ឋកាលីហ្វញ៉ា ទទួលបទបញ្ជាមិនឱ្យចាកចេញពីផ្ទះបើមិនមានការចាំបាច់ទេ ដែលជាបម្រាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់អ្នកស្ម័គ្រចិត្តខ្មែរ-អាមេរិកាំងមួយក្រុម មើលឃើញថា វាជាពេលវេលាដែលពួកគេត្រូវធ្វើសកម្មភាពបន្ថែម ដើម្បីថែរក្សាសុខភាពពលរដ្ឋវ័យចំណាស់នៅក្នុងសហគមន៍។
នេះជាសប្តាហ៍ទីពីរហើយ ដែលក្រុមអ្នកស្ម័គ្រចិត្តនៃសម្ព័នភាពខ្មែរអាមេរិកាំង បានយកស្បៀងអាហារទៅចែកជូនពលរដ្ឋវ័យចំណាស់ នៅក្នុងទីក្រុងឡុងប៊ិច និងស៊ីកណល់ហ៊ីល ដែលជាប់នៅក្នុងផ្ទះនិងកំពុងខ្វះខាតស្បៀងអាហារ។
លោក ឆល សុង ប្រធានសម្ព័ន្ធភាពខ្មែរអាមេរិកាំង បានបញ្ជាក់ថា អំណោយទាំងនេះផ្តោតសំខាន់លើមនុស្សចាស់ជរា ដែលរស់នៅតែម្នាក់ឯង គ្មានកូនចៅនៅជាមួយ ដោយសារតែពួកគាត់គឺជាក្រុមងាយរងគ្រោះនឹងការឆ្លងវីរុសកូរ៉ូណា ហើយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត បើសិនជាពួកគាត់ទៅផ្សារទិញអាហារ។
លោក ឆល សុង បានបន្ថែមថា៖ «ខ្ញុំយល់ថា ការលះបង់នៅពេលនេះគឺជាភារៈកិច្ច ពីព្រោះតែពេលណាយើងត្រូវការពួកគាត់ យើងតែងតែទៅរកពួកគាត់ តែពេលនេះ យើងមិនអាចចោលពួកគាត់បានទេ»។
កាលីហ្វញ៉ាបានក្លាយជារដ្ឋទីមួយ ដែលបានប្រកាសស្ថានភាពគ្រាមានអាសន្ន កាលពីថ្ងៃទី២០ ខែមីនា ដោយតម្រូវឱ្យពលរដ្ឋនៅឆ្ងាយពីគ្នា និងកុំចេញពីផ្ទះ បើមិនមានការចាំបាច់។ រហូតមកដល់ពេលនេះ នៅក្នុងរដ្ឋមានអ្នកឆ្លងជិត ២០.០០០នាក់ និងស្លាប់ជាង ៥០០នាក់ ដែលជាចំនួនច្រើនលំដាប់ទី៤នៅទូទាំងសហរដ្ឋអាមេរិក។
អ្នកជំនាញសុខាភិបាល បានលើកទឹកចិត្តពលរដ្ឋឱ្យជួយមើលថែពលរដ្ឋចាស់ៗនៅក្នុងសហគមន៍របស់ពួកគេ ដោយជួយទិញអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីជៀសវាងមិនឱ្យពួកគេចេញពីលំនៅដ្ឋាន។
លោក ឆល សុង បានបញ្ជាក់ថា ពលរដ្ឋចាស់ជរាទាំងនោះ ទទួលការឧបត្ថម្ភពីរដ្ឋ និងក៏មានអង្គការធំៗជាច្រើនចែកស្បៀងដែរ ប៉ុន្តែដោយសារតែការខ្វះខាតមធ្យោបាយធ្វើដំណើរទៅទទួលយក និងការហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋានធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង។
«ខ្ញុំខំទប់ចិត្តណាស់ ដែលនិយាយជាមួយនឹងលោកប្អូន ពីព្រោះការខ្វះខាតរបស់ពួកគាត់ នេះគឺថាបើយើងមិនជួយគាត់ នៅពេលនេះសួរថា តើពេលណាយើងនឹងជួយគាត់។ គ្រាន់តែសេចក្តីសង្ឃឹមគឺថាមិនប៉ះពាល់ដល់ជីវិតរបស់ពួកគាត់ ដោយសារឥឡូវគាត់មានសុខភាពល្អ អត់មានប៉ះពាល់សុខភាពអីអីចឹង។ អីចឹង ខ្ញុំមានតែបន់ស្រន់ដល់ព្រះ កុំឱ្យប៉ះពាល់ពួកគាត់ជារៀងដរាប»។
ក្រុមស្ម័គ្រចិត្តនេះមានសមាជិកជិត ១០នាក់ ដែលរួមមានមិត្តភក្តិអាមេរិកាំងផងដែរ។ ពួកគេបានចំណាយថវិកាផ្ទាល់ខ្លួន និងថវិកាបានមកពីសប្បុរសជនដទៃទៀតក្នុងសហគមន៍ ដើម្បីទិញស្បៀងចែកជូនដល់មនុស្សចាស់ទាំងនោះ។
លោកស្រី ហេង សេរីរ័ត្ន ដែលជាអ្នកស្ម័គ្រចិត្តម្នាក់បានបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញពីភាពលំបាករបស់ចាស់ៗ ដែលគាត់នៅម្នាក់ឯង អត់មានកូនចៅនៅផ្ទះរដ្ឋ ហើយគាត់នៅឃុំខ្លួន អត់ហ៊ានចេញពីព្រោះគាត់មានហានិភ័យឆ្លងជាងមនុស្សពេញវ័យ។ គាត់អត់អាចទៅផ្សារបាន គាត់មានភាពលំបាក។ ខ្ញុំយល់អារម្មណ៍មនុស្សចាស់ ទើបខ្ញុំចំណាយថវិកា និងពេលវេលា យកឥវ៉ាន់ទៅឱ្យគាត់»។
ក្រុមអ្នកស្ម័គ្រចិត្ត ក៏មានការព្រួយបារម្ភពីសុខភាពខ្លួនឯងដែរ ប៉ុន្តែត្រូវតែជំនះ និងគោរពតាមនិយាមអនាម័យដែលមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងបានដាក់ចេញ។
លោកស្រី ហេង សេរីរ័ត្ន បានបន្ថែមថា៖ «មានការព្រួយបារម្ភ ប៉ុន្តែយើងធ្វើតាមច្បាប់គេដាក់ឱ្យ។ យើងត្រូវពាក់ស្រោមដៃ យើងត្រូវលាងអាល់កុល ត្រូវពាក់ម៉ាស់ ហើយយើងអត់ឈរជិតគ្នាទេ គឺពីរម៉ែត្រ ដល់អីចឹងទៅ វាអត់មានភាពឆ្លងទេ។ ម្ល៉ោះហើយគាត់ចាស់ៗចេញមកយកអីវ៉ាន់ហ្នឹង ក៏គាត់ធ្វើដូចយើងដែរ»។
រហូតមកដល់ពេលនេះ ក្រុមអ្នកស្ម័គ្រចិត្តបានចែកស្បៀងដែលមានទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីងៀត និងពងទាជាដើម ជូនដល់មនុស្សចាស់ជរាជាង ១០០នាក់ហើយ ដោយភាគច្រើនគឺជាពលរដ្ឋខ្មែរអាមេរិកាំង។
រូបភាពឃ្លីបវីដេអូខ្លីៗ ដែលក្រុមការងារបានថត និងផ្តល់ជូនមកដល់វីអូអេ បង្ហាញថា ពលរដ្ឋទាំងនោះដោយមានខ្លះពាក់ម៉ាស់ បានមកទទួលអំណោយដែលបានដាក់ទុកនៅមុខផ្ទះ និងខ្លះនៅក្នុងអគារដែលរដ្ឋបានផ្តល់ជូនពួកគាត់ស្នាក់។
លោកយាយ លឹម ថូ អាយុ៩៣ឆ្នាំរ ស់នៅក្នុងទីក្រុងឡុងប៊ិច បានថ្លែងថា៖ «ខ្ញុំចាស់ជរាខ្ញុំអត់មានធ្វើអ្វីកើតទេ។ បងប្អូនជួយខ្ញុំផង។ ឥវ៉ាន់ហ្នឹងសូមដល់មាតាបីតាដែលចែកឋាន។ ខ្ញុំគ្មានពាក្យអីសមរម្យដែរ។ ខ្ញុំសូមទៅទាំងអស់គ្នា។ សុខសប្បាយទាំំងអស់គ្នា។
លោកយាយ ស៊ីវ បេលីម អាយុ៨៥ឆ្នាំ រស់នៅទីក្រុងឡុងប៊ិច បានថ្លែងដែរថា៖ «ខ្ញុំសូមអរគុណហើយនូវអំណោយទានរបស់កូនក្មួយទាំងអស់។ សូមទេវតាជួយក្មួយឱ្យជួបតែរឿងល្អទាំងអស់គ្នា។ សូមឱ្យម្ចាស់ទានជួបតែរឿងល្អ»។
លោក ឆល សុង បន្តថា បើទោះបីជាធ្វើបានប៉ុណ្ណេះ ប៉ុន្តែកិច្ចការរបស់លោកនៅមិនទាន់ចប់នៅឡើយទេ៖
«មានមិត្តភក្តិមួយចំនួនទៀតដែរ គាត់កំពុងតែឆ្លើយតបមកខ្ញុំវិញ ដើម្បីឱ្យជួយដោះស្រាយបងប្អូនមួយចំនួនទៀត ដែលគាត់មានវ័យ ៩០ផ្លាយ ឬ៨០ផ្លាយ ហើយគាត់រស់នៅតែឯង ដែលយើងមិនទាន់ចែកចាយ ហើយពាក្យពេចន៍ដែលធ្វើឱ្យខ្ញុំខ្លួនឯង ក៏មិនអាចនៅស្ងៀម គឺនឹងបន្តប្រើប្រាស់ប្រាក់កាសដែលនៅសល់ទាំងប៉ុន្មាន ដើម្បីនឹងសម្រួលចែកជូនពួកគាត់»។
តួលេខរបស់មន្ទីរសុខាភិបាលក្រុង ឡូសអាន់ជឺឡេស ត្រឹមថ្ងៃទី៨ ខែមេសា បង្ហាញថា នៅទូទាំងក្រុង មានអ្នកឆ្លងចំនួន ៧.៥៣០នាក់និងស្លាប់ ១៩៨នាក់ ក្នុងនោះទីក្រុងឡុងប៊ិច មានអ្នកឆ្លងចំនួន ២៥៦នាក់ និងស្លាប់ ៦នាក់។ ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក៕