បីឆ្នាំកន្លងផុតទៅ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងកម្មករ នៅមិនទាន់អាចបំភ្លេចបាន អំពីការវាយដំលើរាងកាយរបស់ពួកគេ ដែលពួកគេចោទថា បានធ្វើឡើងដោយកម្លាំងទ័ពពិសេសនៃកងពល៩១១។
ការវាយដំនោះ បានកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ គឺមុនមួយថ្ងៃនៃការបើកការបង្ក្រាបដ៏ហិង្សាពីកម្លាំងមានសមត្ថកិច្ចទៅលើក្រុមកម្មករ ដែលបានធ្វើបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួលនៅក្នុងឧស្សាហកម្មកាត់ដេរ។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេសថា IDEA និងជាតំណាងកម្មករ បានពិពណ៌នាអំពីការវាយដំប្រាប់ក្រុមអ្នកយកព័ត៌មានថា៖
«មានន័យថា ថ្ងៃទី២ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំ ក៏ដូចជាសកម្មជនដទៃទៀត បាទ។ ប្រវត្តិសាស្ត្រនៃការឈឺចាប់ដែលយើងក្នុងនាមជាសកម្មជនសិទ្ធិមនុស្ស រងការឈឺចាប់ ដោយទាហានឆត្រយោង៩១១ ដែលតួនាទីជាអ្នកការពារប្រជាពលរដ្ឋ ជាអ្នកការពារប្រទេសជាតិ តែបែរមិនបានមកការពារប្រទេសជាតិ បែរជាយកដំបង មានទាំងពីចម្ពាមកៅស៊ូ មានទាំងពីអាវុធ មកវាយធ្វើបាប។ ខ្ញុំសូមជម្រាបថា ថ្ងៃនោះ គេមានចេតនាយ៉ាងច្បាស់លាស់ ក្នុងការសម្លាប់រូបខ្ញុំ នៅមុខរោងចក្រយ៉ាកជីង ដោយទាហានឆត្រយោង៩១១ និងជនស៊ីវិលផ្សេងទៀតដែលសហការគ្នា»។
លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលជាអ្នករងគ្រោះដោយអំពើហិង្សានោះដែរ បានស្នើឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់កម្លាំងមកដោះស្រាយបញ្ហា។
លោកថ្លែងថា៖
«រដ្ឋាភិបាលគួរតែមានជម្រើសក្នុងការចរចា ឬក៏ដោះស្រាយដោយសន្តិវិធី មិនគួរណាប្រើប្រាស់អំពើហិង្សាដើម្បីបង្ក្រាបឬដោះស្រាយបញ្ហាទេ ពីព្រោះអំពើហិង្សាគ្មាននរណាចង់បាន គ្មាននរណាចង់ជួបទេសម្រាប់មនុស្សជាតិនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង មានតែការដោះស្រាយដោយសន្តិវិធីទេ ដែលយើងអាចបង្កនូវភាពស្ងប់ក្នុងចិត្តបាន»។
កងទ័ពពិសេសនៃកងពល៩១១ ដែលគេស្គាល់ថាជាជំនិតលោក ហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។
មួយថ្ងៃក្រោយមក គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សបួននាក់បានស្លាប់ ម្នាក់បាត់ខ្លួនហើយ២៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះ មានការបាញ់រះមួយបានកើតឡើងពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេង។
មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ លោក ចាប ភក្តី បដិសេធមិនផ្ដល់ការអធិប្បាយ ដោយលោកអះអាងថាលោកកំពុងប្រជុំ។
VOA ក៏មិនទាន់អាចទាក់ទង លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានដែរនៅថ្ងៃអង្គារនេះ។
នៅឆ្នាំទីបីនៃការរំឭកដល់ការបង្ក្រាបដ៏ហិង្សានេះ ក្រុមសកម្មជនមិនបានធ្វើពិធីដើរហែក្បួន បង្ហាញដល់សាធារណជនឲ្យបានដឹងទូលំទូលាយនោះទេ ដោយពួកគេអះអាងថា អាជ្ញាធររាជធានីភ្នំពេញបានបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និយាយថា ការសម្រេចមិនធ្វើពិធីហែក្បួនរំឭកដល់អំពើហិង្សានេះនៅលើកំណាត់ផ្លូវវេងស្រេង គឺដោយសារតែមានក្តីបារម្ភអំពីការរារាំងពីអាជ្ញាធរ ដូចដែលធ្លាប់បានកើតឡើងកាលពីឆ្នាំមុន។
លោកបន្ថែមថា ការប្រមូលផ្ដុំត្រូវបានរឹតបន្តឹងដោយអាជ្ញាធរនៅឆ្នាំ២០១៦ ដែលជាហេតុនាំឲ្យក្រុមសកម្មជនធ្វើពិធីរំឭកនេះ នៅការិយាល័យធ្វើការរបស់ខ្លួន នៅរាជធានីភ្នំពេញវិញ។
«ក្នុងឆ្នាំ២០១៦ យើងឃើញថា សេរីភាពនៃការជួបប្រជុំត្រូវបានរឹតត្បិតទាំងស្រុងតែម្ដង។ អញ្ចឹងហើយបានយើងបង្ខំចិត្តធ្វើនៅការិយាល័យរបស់យើងនេះឆ្នាំនេះ»។
កាលពីឆ្នាំ២០១៦ លោក វន់ ពៅ បានដឹកនាំការដើរហែក្បួនប្រារព្ធខួបនៃការបង្ក្រាបដ៏ហិង្សានេះ នៅលើកំណាត់ផ្លូវវេងស្រេង ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចបានរារាំងមិនឲ្យមានការហែក្បួនលើកំណាត់ផ្លូវនោះឡើយ។
មួយថ្ងៃក្រោយការប្រារព្ធពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានសើរើចំណាត់ការផ្លូវច្បាប់ចំពោះប្រធានសមាគមរូបនេះ។
លោក វន់ ពៅ និងក្រុមកម្មករ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស២២នាក់ទៀត ត្រូវចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
លោក អំ សំអាត ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា យុត្តិធម៌ គឺនៅឯជើងមេឃសម្រាប់អ្នកទាំង២៣នាក់ ដោយសារថា ជាងបីឆ្នាំមកហើយ អាជ្ញាធរមានសមត្ថកិច្ច មិនបានបើកកិច្ចស៊ើបអង្កេតជាក់លាក់ណាមួយនៅក្នុងករណីបង្ក្រាបដ៏ហិង្សានេះទេ។
«យើងរយៈពេលឥឡូវបីឆ្នាំហើយ មិនទាន់ឃើញមានពន្លឺណាមួយ គឺថា ស៊ើបអង្កេតឲ្យចេញជារូបរាងណាមួយ។ អានេះហើយ ដែលខ្ញុំគិតថា យុត្តិធម៌នៅឯជើងមេឃ»។
លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលខកខានមិនបានរកឲ្យឃើញអ្នកបង្កហិង្សាកាលពីឆ្នាំ ២០១៤នោះទេ អំពើនិទ្ទណ្ឌភាព នឹងបន្តកើតមាននៅប្រទេសកម្ពុជា ហើយការណ៍នេះនឹងលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចប្រើយុទ្ធសាស្ត្រដដែលនេះក្នុងវាយបង្ក្រាបក្រុមអ្នកតវ៉ា។
ក្រុមអ្នករងគ្រោះពីការបង្ក្រាបដោយកងទ័ពពិសេសនៃកងពល៩១១ បានលើកឡើងក្នុងថ្ងៃគម្រប់ខួបបីឆ្នាំនៃការបង្ក្រាបដ៏ហិង្សានេះថា ពួកគេនឹងចាប់ផ្ដើមស្វែងរកយុត្តិធម៌ នៅពេលដែលមានការកែទម្រង់ក្នុងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាពិតប្រាកដ។
ពួកគេនិយាយថា ការវាយដំដែលពួកគេបានទទួលនោះ នឹងមិនអាចបំភ្លេចបាននោះឡើយ៕