មួយសប្តាហ៍ក្រោយរងការវាយដំយ៉ាងដំណំលោក នី ណាក់ ដែលស្ថានភាពសុខភាពទើបតែបានល្អប្រសើរបន្តិច ថ្លែងថា លោកចង់ឃើញពន្លឺយុត្តិធម៌ ខណៈតម្រុយតាមចាប់ក្រុមជនបង្កដែលប្រើហិង្សាលើរូបលោកមិនទាន់មាននៅឡើយ។
លោក នី ណាក់ គឺជាសកម្មជនសង្គមមួយរូបដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម។ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក នី ណាក់ ប្រាប់វីអូអេថា រហូតមកដល់ថ្ងៃអង្គារនេះ អាជ្ញាធរមិនទាន់បង្ហាញតម្រុយអ្វីនៃការចាប់ក្រុមជនបង្កដែលវាយដំរូបលោកនោះទេ បើទោះជាកន្លែងកើតហេតុមានកាមេរ៉ាសុវត្ថិភាពក៏ដោយ។
លោកថ្លែងថា៖ «មកដល់ពេលនេះ ខ្ញុំអត់ទាន់មានការ Update ឬផ្តល់តម្រុយផ្តល់ព័ត៌មានអ្វី សូម្បីតែបន្តិច [ពីអាជ្ញាធរ] ក៏អត់មានដែរ»។
លោក នី ណាក់ ចង់ឃើញពន្លឺយុត្តិធម៌ និងចង់មើលវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ ដើម្បីឱ្យបានដឹងច្បាស់នូវហេតុការណ៍ដែលកើតលើរូបលោក។
លោកថ្លែងថា៖ «តាមខ្ញុំទទួលបានព័ត៌មានគឺទាំងប៉ូលិស ទាំងប៉េអឹម ទាំងស្នងការ សុទ្ធតែពួកគាត់ដុតដៃដុតជើងក្នុងការធ្វើការងារហ្នឹង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា ខ្ញុំនៅតែមិនរំពឹងគិតថា រឿងហ្នឹងនឹងបង្ហាញឱ្យចេញថា ឃាតក ឬអ្នកដៃដល់ជាអ្នកណានៅឡើយទេ។
ហេតុនេះហើយបានខ្ញុំតែងតែសំណូមពរ ហើយទទូចទៅកាន់អង្គការជាតិ អន្តរជាតិ មហាជន ដើម្បីតាមដានទៅលើការធ្វើការរបស់សមត្ថកិច្ចបន្តទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យយុត្តិធម៌ វាកើតមានឡើងចំពោះជនរងគ្រោះ សម្រាប់រូបខ្ញុំ និងសម្រាប់អ្នករងគ្រោះដទៃទៀតនៅក្នុងសង្គមកម្ពុជានេះ»។
បើតាមលោក នី ណាក់ ករណីហិង្សានេះគឺជាផែនការគិតទុកជាមុនរបស់ក្រុមជនបង្ក ដែលមិនមែនជាករណីប្លន់យកទ្រព្យសម្បត្តិនោះទេ។ លោកអះអាងថា លោកមិនបាត់បង់របស់របរអ្វីឡើយ។
លោកថា៖«យើងមើលសកម្មភាពជាក់ស្តែង! ចុះមកគឺវាយ ហើយអត់មានប៉ះពាល់ទ្រព្យសម្បត្តិខ្ញុំមួយកាក មួយសេនណាឡើយ។ ហើយនេះគឺជាការរៀបគម្រោងផែនការ ជាអំពើមនុស្សឃាតដោយចេតនា គ្រាន់ថា ចៃដន្យគឺគេធ្វើវាមិនបានសម្រេច»។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមមិនអត្ថាធិប្បាយបន្ថែមជុំវិញករណីវាយដំលើលោក នី ណាក់ ដោយខ្លាចប៉ះពាល់ដល់ការស៊ើបអង្កេត។ លោក ស្នើសុំពលរដ្ឋឱ្យជឿជាក់លើការបំពេញការងាររបស់សមត្ថកិច្ចជំនាញក្នុងសំណុំព្រហ្មទណ្ឌ។
កាលពីថ្ងៃទី១៥ ខែកញ្ញា លោក ទូច សុឃៈ ប្រាប់វីអូអេថា សមត្ថកិច្ចជំនាញបានសន្និដ្ឋានបឋមថា ការវាយដំលោក នី ណាក់ ជាហិង្សាមានស្ថានទម្ងន់ទោស ក្នុងចេតនាចង់យកទ្រព្យសម្បត្តិ ព្រោះជនបង្កមានគ្នាច្រើន ឬជាក្រុម និងមានឧបករណ៍គ្រោះថ្នាក់ក្នុងការប្រព្រឹត្តបទល្មើស។
លោកបន្ថែមថា ក្រោយកើតហេតុនៃការវាយដំលើលោក នី ណាក់ ភ្លាមៗនោះ អង្គភាពអគ្គស្នងការដ្នាននគរបាលជាតិ ស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋានខណ្ឌច្បារអំពៅ រួមទាំងកម្លាំងប៉ុស្តិ៍នៅកន្លែងកើតហេតុ បានធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដោយចុះប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ពិនិត្យរាល់វត្ថុតាងនានា រួមទាំងមធ្យោបាយផ្សេងៗ ដែលអាចគ្រប់គ្រងមុខសញ្ញាបាន ដូចជាកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ។
លោក នី ណាក់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៥ ខែកញ្ញាថា ក្តីសង្ឃឹមតែមួយគត់របស់លោក គឺលោក ហ៊ុន ម៉ាណែត «ជួយពន្លឿនដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច ដើម្បីរកមុខអ្នកពាក់ព័ន្ធ និងអ្នកដៃដល់មកដាក់ទោស»។
លោក នី ណាក់ រៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកបន្ថែមថា៖ «បើសម្តេចជួយបាន ខ្ញុំបាទនឹងប្រកាសចុះចូលបម្រើរាជរដ្ឋាភិបាល ក្រោយពេលយុត្តិធម៌កើតមានចំពោះរូបខ្ញុំ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតករណីនេះ និងកាត់ទោសអ្នកដែលប្រព្រឹត្តសកម្មភាពហិង្សានោះ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនាថ្ងៃអង្គារនេះថា ការវាយដំលោក នី ណាក់ នេះបង្ហាញក្តីព្រួយបារម្ភខ្លាំងក្លាថា «ភាពឃោរឃៅរបស់រដ្ឋាភិបាល ហ៊ុន សែន ប្រឆាំងនឹងសំឡេងរិះគន់មិនផ្លាស់ប្តូរឡើយ ក្រោមការដឹកនាំរបស់កូនប្រុសរបស់លោក»។
អង្គការនេះបញ្ជាក់ថា ការវាយប្រហារនេះស្រដៀងគ្នានឹងការវាយប្រហារទៅលើសមាជិកគណបក្សភ្លើងទៀនកាលពីកន្លងទៅ។
លោក Phil Robertson បន្ថែមថា៖ «វាជាការសាកល្បងឆន្ទៈរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្នុងការស៊ើបអង្កេត និងកាត់ទោសសមរម្យលើអ្នកដែលទទួលខុសត្រូវចំពោះការបំពាន»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា សមត្ថកិច្ចកម្ពុជាមានសមត្ថភាព ព្រោះសូម្បីបទឧក្រិដ្ឋធំៗក៏រកឃើញជនប្រព្រឹត្តបទល្មើស យកផ្តន្ទាទោសតាមផ្លូវច្បាប់បានភ្លាមៗផងដែរ។ ដូច្នេះលោកយល់ថា ករណីវាយដំលើលោក នី ណាក់ នេះ ប្រសិនសមត្ថកិច្ចមានឆន្ទៈនឹងរកឃើញជនដៃដល់។
ក្រៅពីនេះ លោកថា បើវីដេអូនៃកាមេរ៉ាសុវត្ថិភាពនៅទីតាំងកន្លែងកើតហេតុត្រូវបានអាជ្ញាធរប្រមូលទុក គឺអាជ្ញាធរអាចសហការជាមួយជនរងគ្រោះ ឬជនរងគ្រោះអាចស្នើទៅអាជ្ញាធរដើម្បីពិនិត្យ និងងាយឈានទៅកំណត់អត្តសញ្ញាណក្រុមជនបង្ក និងយកមកផ្តន្ទាទោស។
លោកថ្លែងថា៖ «សមត្ថកិច្ចអាចសហការ ដោយសុំឱ្យជនរងគ្រោះ និងសាក្សីពិនិត្យមើលទៅលើកាមេរ៉ាហ្នឹង ថាតើស្គាល់ជនណាខ្លះ ឬកំណត់អត្តសញ្ញាណបានយ៉ាងម៉េចខ្លះ។ អានេះទីមួយ។ ទីពីរ បើសមត្ថកិច្ចមិនបង្ហាញទេ មិនប្រាប់ទេ លោក នី ណាក់ ក៏អាចមានសិទ្ធិស្នើសុំសមត្ថកិច្ចដើម្បីមើលវីដេអូកាមេរ៉ាសុវត្ថិភាពនោះដែរ បើសិនជាវីដេអូកាមេរ៉ាសុវត្ថិភាពត្រូវបានសមត្ថកិច្ចថតចម្លងយកទៅ ហើយច្បាប់ដើម[លោក នី ណាក់] អត់មាន»។
លោក អំ សំអាត បន្ថែមថា ប្រសិនបើសមត្ថកិច្ចមិនអាចចាប់ជនបង្កមកផ្តន្ទាទោស វានឹងនាំឱ្យមានការរិះគន់ចំពោះភាពអយុត្តិធម៌សម្រាប់អ្នកហ៊ានរិះគន់បញ្ហាសង្គម ក៏ដូចទៅនឹងករណីវាយដំសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ដែលកម្រចាប់បានជនបង្ក៕