ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​របស់​លោក នី ណាក់ អំពាវនាវ​ចាប់​ជន​ដៃ​ដល់ ក្រោយ​ស្វាមី​ត្រូវ​បាន​វាយ​​យ៉ាង​ដំណំ


លោក នី ណាក់ កំពុង​ព្យាបាល​របួស ក្នុង​គ្លីនិក​ព្យាបាល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយដំ  ហើយ​រូប​ថត​នេះ ថត​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក នី ណាក់ កំពុង​ព្យាបាល​របួស ក្នុង​គ្លីនិក​ព្យាបាល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយដំ  ហើយ​រូប​ថត​នេះ ថត​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក នី ណាក់ ​ដែល​តែងតែ​រិះ​គន់​អំពី​ភាព​អវិជ្ជមាន​សង្គម និង​ជា​សកម្មជន​មួយ​រូប ​ដែល​ធ្លាប់​ជាប់​ពន្ធនា​គារ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​វាយ​ដំ​លើ​រាង​កាយ ​និ​ង​ក្បាល​យ៉ាង​ដំណំ កាល​ពី​ថ្ងៃ​អង្គារ នៅ​ពេល​លោក និង​ភរិយា​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នៅ​ជិត​វត្ត​ព្រែក​ប្រា ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានី​ភ្នំពេញ។

ភរិយារបស់​លោក នី ​ណាក់​ ចាត់​ទុ​កថា​នេះ​ជា​សកម្ម​ភាព​«ដ៏​ឃោរឃៅ​បំផុត» ខណៈ​អ្នកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ដៃ​ដល់។

ភរិយា​របស់​លោក​លោក នី ណាក់ គឺ​អ្នកស្រី ​សុខ ស៊ីណែត ​អាយុ​៤១​ឆ្នាំ ​ដែល​ធ្វើដំណើរ​ជា​មួយស្វាមី ពេល​កើត​ហេតុ ប្រាប់​វីអូអេ​នា​ថ្ងៃ​ពុធ​នេះ​ថា​ ហេតុ​ការណ៍​នេះ​មិន​មែន​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប៉ុន​ប៉ង​របស់​ក្រុម​ណា​មួយ ​ដោយ​សារ​ មនុស្ស​មួយ​ក្រុម​នោះ​បាន​ជិះ​ម៉ូតូ​មក​ធាក់​ម៉ូតូ​របស់​អ្នកស្រី​ និង​ស្វាមីពី​ក្រោយ កាល​ពី​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា រួចពួក​គេ​រត់​មកវាយ​លោក នី ណាក់ ដោយ​សំដៅ​ត្រង់​ក្បាល ហើយ​ប្រើ​ដំបង​ដែក​ បើ​ទោះ​បី​ជា​ស្វាមី​អ្នក​ស្រី​ព្យាយាម​រត់​ចូល​ទៅ​កន្លែង​លក់​និង​ទិញ​អេតចាយ​ក៏​ដោយ។ អ្នកស្រី​ក៏​រង​របួស​ដៃ​ជើងផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «តាម​កាមេរ៉ា ដែល​គេ​មើល​ហ្នឹង ​គឺ​វា​អត់​បុក​ទេ គឺ​វា​ធាក់​ឱ្យ​ដួល។ ធាក់​ឱ្យ​ពួក​ខ្ញុំ​ដួល​ម៉ូតូ​ប្រាវ​អ៊ីចឹង​ទៅ គឺ​វា​ចុះ​មក​វាយ​ហ្មង»។

អ្នក​ស្រី​បន្ថែម​ថា៖ «ឃើញ​គេ​រត់​មក​ ខ្ទង់​៣​ឬ៤​នាក់​ហ្នឹង ​គេ​រត់​មក​សម្រុកវាយ​គាត់​ហើយ វា​ទាញ​មួក​ការ​ពារ​ពី​ក្បាល​ប្តី​ខ្ញុំ​របើក គឺ​វាយ​យក​តែ​ក្បាល​ទេ។ ពេល​ហ្នឹង​គាត់​យក​ដៃ​គាត់​រង​អ៊ីចឹង។ ដល់​ពេល​ខ្ញុំ​ស្រែក​ឱ្យ​ជួយ​ប្តី​ខ្ញុំ​ផង​ អ៊ីចឹង​វា​ឃើញ​ខ្ញុំ​ស្រែក​ វា​មក​វាយ​ខ្ញុំ​ដែរ។ ដល់​ពេល​អ៊ីចឹង គាត់​ខ្លាច​គេ​វាយ​ខ្ញុំ​អ៊ីចឹង​ទៅ គាត់​ក៏​រត់​ចូល​ក្នុង​ទៅ ពួក​វា​ក៏​តាម​គាត់​ តាម​ហ្នឹង​គឺ​វាយ​សម្រុក​យក​ហ្មង»។

បើ​តាម​អ្នកស្រី សុខ ស៊ីណែត ក្រុម​ជន​បង្ក​នោះ​ពាក់​មួក​និង​អាវ​ក្រៅ​ពណ៌​ខ្មៅ និង​មាន​ដំបង​ដែក​។ អ្នកស្រី​ចាត់​ទុក​ថា​នេះ​ ជា​សកម្មភាព​ដ៏​ឃោរ​ឃៅ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួនជន​បង្ក​ទាំង​នោះ​មក​ផ្ទន្ទា​ទោស។

អ្នកស្រី​បន្ថែម​ថា៖ ​«ឃោរ​ឃៅ​ខ្លាំង​មែន​ទែន​ មិន​នឹក​ស្មាន​ថា​សាហាវ​អ៊ីចឹង ​ចាត់ទុក​យើ​ង​ដូចសត្វ​អ៊ីចឹង​។​ ចុះ​មក​វាយ​យកៗ ​អត់មាន​សតិ​សម្បជញ្ញៈ​នៅ​ក្នុង​ខ្លួន​សោះ ​ចង់​និយាយ​ថាក្នុង​ខ្លួន​វា គឺ​សត្វ​ហ្មង​ចេញ​មក​គឺ​សាហាវម្តង»។

អ្នក​ស្រី​បន្តថា​ទីតាំង​កើត​ហេតុ​នោះ ក៏​មាន​កាមេរ៉ា​សុវត្ថិ​ភាព​ផង​ដែរ ហើយ​អាជ្ញាធរ​ក៏​បាន​ចុះ​មក​ធ្វើ​របាយ​ការណ៍ និងពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

អ្នកស្រី សុខ ស៊ីណែត បញ្ជាក់​ថា ​ទាំង​អ្នកស្រី និង​ស្វាមី​របស់​អ្នក​ស្រី​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​អ្នកណា​តាម​ដាន​នោះ​ទេ ​ព្រោះស្វាមី​អ្នក​ស្រី​មិន​ដែល​ជំពាក់​លុយ​អ្នក​ណាទេ ​ហើយក៏​មិន​ដែល​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណា​ដែរ។

អ្នកស្រី​ថ្លែង​ថា៖ «និយាយ​រឿង​ជម្លោះ​គឺ​អត់​ទេ។ ប្តី​ខ្ញុំ​គឺ​ស្លូត​ត្រង់​ណាស់ អត់​ដែល​ឈ្លោះ​ជាមួយ​គេ។ និយាយ​ទៅ​អត់​មាន​ពេល​ឈ្លោះ​ហ្មង ហើយ​ជំពាក់​លុយ​គេ​ ក៏​អត់​ដែរ»។

លោក​ នី ណាក់ ​កំពុងសម្រាក​ព្យាបាលក្នុង​គ្លីនិក​ព្យាបាលមួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​សភាព​ទ្រុឌ​ទ្រោម បែក​មាត់ មុខ​ហើម របួស​ក្បាល​ធ្ងន់ធ្ងរ និង​របួស​ដៃ​ជើង​ទាំង​សង​ខាង។ លោក​មិន​ទាន់​អាច​និយាយ​ស្តី​បាន​ឡើយ នា​ពេល​នេះ​។

លោក នី ណាក់ ធ្លាប់​ជាប់​ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ​«ជេរ​ប្រមាថ​ជា​សាធា​រណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ​កាល​ពី​ថ្ងៃទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​ពាក់​ព័ន្ធ​ការ​បង្ហោះ​សារលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ ក្នុងលក្ខណៈ​កំប្លែង រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

នៅ​ថ្ងៃ​ពុធ​នេះ អ្នក​សារព័ត៌មាន​វីអូអេក៏​បាន​ចុះ​ទៅ​ផ្ទាល់​ជួប​អ្នកស្រី សុខ ស៊ីណែត និង​លោក នី ណាក់ ដែល​កំពុង​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​សាក​សួរពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​នេះ។ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន​បាន​ចុះ​ជួប​ជន​រង​គ្រោះ​នៅ​គ្លី​និច​ឯក​ជន​នោះ និង​ឃើញ​អាជ្ញាធរ ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ចុះ​ជួប​ពលរ​ដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​នោះ ​ដើម្បី​ស៊ើប​អង្កេត​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អធិការ​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ​ លោក ម៉ៅ សឿត បាន​នៅ​ឡើយ​ទេ។

លោក ​សុខ យូ អាយុ​២១​ឆ្នាំ ដែល​ជា​កម្មករ​ទិញ​អេត​ចាយ និង​បាន​ឃើញ​ហេតុការណ៍​នោះ ប្រាប់​វីអូអេថា​ក្រុម​ជន​បង្កជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ហើយប្រើ​ដំបងដែកវាយលោក នី ណាក់ ​ដល់​ខាង​ក្នុង​ឃ្លាំង​អេត​ចាយ។ លោក​ថា​លោក​ចង់​ជួយ​លើក​ម៉ូតូ ដោយ​ស្មាន​តែ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ប៉ុន្តែ​ដោយឃើញ​ក្រុម​ជន​ដៃ​ដល់​មាន​គ្នា​ច្រើន ដូច្នេះ​លោក​ម្នាក់​ឯង ក៏​សម្រេច​ចិត្តរក​កន្លែងសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។

លោក​បញ្ជាក់​ថា៖ «​ដំបូង​ខ្ញុំ​ឃើញ​គាត់​ដួល​ម៉ូតូ ខ្ញុំ​ស្មាន​គាត់​ជិះ​ប៉ះ​អី​ បាន​ខ្ញុំ​រក​ចេញ​ទៅ​លើក ដល់​ពេល​ឃើញ​គេ​[​ជន​បង្ក​]ចុះ​មក វាយ​បាត់​ហើយ​ហ្នឹង​ ខ្ញុំ​អត់​ដឹង​រឿង​អី​ខ្ញុំ​រត់​ចូល​ក្នុង​បាត់​ទៅ»។

​លោក យី សុខសាន្ត ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ជំរុញ​អាជ្ញាធរ​ត្រូវ​ពង្រឹង​សុវត្ថិ​ភាព​សន្តិ​សុខ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាព​ល​រដ្ឋ។

​លោក​ថ្លែង​ថា៖ ​«កន្លង​មក អ្នក​ដែល​ប្រព្រឹត្ត​ដើរ​វាយ ដើរ​វាយ ​តាម​ទី​សាធារណៈ​ហ្នឹង​មិន​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​យក​មក​ផ្តន្ទា​ទោស​តា​មផ្លូវ​ច្បាប់​ទេ។ ចំណុច​នេះ ហើយ​ជា​អសមត្ថ​ភាព​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក នី ណាក់ ​អាយុ​៤៤ឆ្នាំ ម្ចាស់​គណនី​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ IMan-KH ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម ​នៅ​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានាក្នុង​សង្គម​ ជា​ពិសេស​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម​ ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក។ ហើយ​លោក នី ណាក់ ក៏​ធ្លាប់​ជួប​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ផង​ដែរ កាល​ពី​កន្លង​ទៅ៕

XS
SM
MD
LG