ជនចំណាកស្រុកប្រហែល៨០០នាក់ដែលត្រូវបានគេជួយសង្គ្រោះពីទូកខណៈដែលកំពុងព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេបានទៅដល់កំពង់ផែ Palermo នៃកោះ Sicily ប្រទេសអ៊ីតាលីហើយ។
ជនចំណាកស្រុកភាគច្រើនមកពី ប្រទេសស៊ូដង់ (Sudan) អេរីត្រេ (Eritrea) និងប្រទេសស៊ីរីត្រូវបានគេយកទៅកាន់កំពង់ផែកាលពីថ្ងៃសៅរ៍ដោយដឹកតាមកប៉ាល់ Siem Pilot របស់ប្រទេសបែលហ្សិកដែលកំពុងចូលរួមនៅក្នុងការខំប្រឹងប្រែងជួយសង្គ្រោះរបស់សហភាពអឺរ៉ុបនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
ស្រ្តីនិងកូនក្មេងជាច្រើនស្ថិតនៅក្នុងចំណោមជនចំណាកស្រុកដែលត្រូវបានគេផ្តល់ឲ្យនូវអាហារសម្រន់ និងទឹកបរិភោគនៅពេលដែលពួកគេតម្រង់ជួរដើម្បីទទួលអត្តសញ្ញាប័ណ្ណ ហើយនិងពិនិត្យសុខភាពនៅឯកំពង់ផែ។
ក្រុមមួយផ្សេងទៀតត្រូវបានគេដឹកតាមនាវាយាមល្បាត Le Niamh របស់អៀឡង់ទៅកាន់ទីក្រុង Pozzallo នៅលើកោះ Sicilina ភាគអាគ្នេយ៍។
ការមកដល់របស់ជនចំណាកស្រុកនៅពេលថ្មីៗនេះកើតមានឡើងទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីជនចំណាកស្រុកអាហ្វ្រិក៤០នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកនៅឯសមុទ្របន្ទាប់ពីទូកប្រើខ្យល់បានលិចនៅជិតឆ្នេរសមុទ្រប្រទេសលីប៊ីកាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា មនុស្សស្លាប់ទាំងអស់មកពីតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិកដូចជាប្រទេសសេណេហ្គាល់ (Senegal) ប្រទេសម៉ាលី (Mali) និងបេណាំង (Benin)៕