កាលចុងពីខែឧសភាកន្លងទៅ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានជាប់ឆ្នោតជាសំណង់ប្រវត្តិសាស្ត្រលំដាប់កំពូលទីមួយរបស់ពិភពលោកសម្រាប់ភ្ញៀវទេសចរណ៍ក្នុងឆ្នាំ២០១៧ ក្នុងកម្មវិធីផ្តល់រង្វាន់មួយ របស់គេហទំព័រប្រឹក្សាធ្វើដំណើរដ៏ល្បីរបស់អាមេរិកឈ្មោះ TripAdvisor (TripAdvisor’s 2017 Traveller’s Choice Awards–Landmarks)។
ពលរដ្ឋរស់នៅខេត្តសៀមរាប និងភ្ញៀវបរទេសមួយចំនួនក្នុងខេត្តដ៏ពិសិដ្ឋនេះលើកឡើងថា អង្គរវត្តជាសំណង់ដែលស័ក្តិសមនឹងទទួលបានចំណាត់ថ្នាក់លំដាប់កំពូលទីមួយរបស់ពិភពលោក សម្រាប់ដំណើរទេសចរណ៍ ដូចដែលគេហទំព័រTripAdvisor ដ៏ល្បីល្បាញរបស់អាមេរិកបានជ្រើសរើស។
ពលរដ្ឋរស់នៅខេត្តសៀមរាបម្នាក់ លោក ធឿន ធា ប្រាប់VOAនាសប្តាហ៍នេះ ថា លោកសប្បាយចិត្តនៅពេលដែលប្រាសាទអង្គរវត្តទទួលបានពានរង្វាន់ជាសំណង់ប្រវត្តិសាស្រ្តលំដាប់កំពូលទី១ របស់ពិភពលោក។ បុរសវ័យ២៨ឆ្នាំរូបនេះបន្ថែមថា ការទទួលបានចំណាត់ថ្នាក់នេះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកាន់តែច្រើននិងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរក្នុងខេត្តសៀមរាបផ្ទាល់។
លោកបញ្ជាក់ថា៖
«ខ្ញុំមានអារម្មណ៍ថាត្រេកអរ និងសប្បាយ ពីព្រោះអង្គរវត្តជារបស់ដូនតាខ្មែរយើង។ យើងជាកូនចៅជំនាន់ក្រោយ ដល់ពេលអង្គរវត្តល្បីទូទាំងពិភពលោក ខ្ញុំមានអារម្មណ៍ថាសប្បាយ ហើយគឺរីករាយមែនទែន។ ហើយសម្រាប់ប្រជាពលរដ្ឋ ពិសេសអ្នកសៀមរាបទាំងមូលអាចបង្កើនចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់គាត់បាន»។
ចំណែកពលរដ្ឋម្នាក់ទៀតដែលកំពុងឈរថតរូបនៅខាងមុខច្រកចូលប្រាសាទអង្គរវត្ត អ្នកស្រី ជួន សាវរី លើកឡើងថា អ្នកស្រីមានភាពរំភើប នៅពេលដែលដឹងថាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរត្រូវបានចាត់ចំណាត់ថ្នាក់លេខ១ សម្រាប់ដំណើរកម្សាន្ត ល្អជាងគេក្នុងពិភពលោក។
ស្រ្តីវ័យ២៨ឆ្នាំរូបនេះបញ្ជាក់ថា៖
«តាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលថាខ្លួនឯងនៅលើទឹកដីដែលអស្ចារ្យអីចឹង។ ហើយក៏មានមោទនភាពចំពោះប្រទេសជាតិខ្លួនឯងដែលមិនគួរឲ្យជឿថា បានលេខមួយនៅក្នុងវេបសាយមួយហ្នឹង»។
ប្រាសាទអង្គរវត្តត្រូវបានជាប់ឆ្នោតក្នុងលេខរៀងទីមួយ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដែលមានចំនួន២៥។ សំណង់ប្រវត្តិសាស្ត្រដែលជាប់ឆ្នោតពីលេខរៀងទីពីរ ដល់ទី៥ រួមមានមជ្ឈមណ្ឌលព្រះវិហារសាសនាឥស្លាមដ៏ប្រណិតឈ្មោះថា Sheikh Zayed ក្នុងប្រទេសអារ៉ាប់រួម ប្រាសាទ Mezquita Cathedral de Cordoba របស់ប្រទេសអេស្ប៉ាញ សំណង់ St Peter’s Basilica ក្នុងបុរីវ៉ាទីកង់ និងសំណង់ Taj Mahal របស់ប្រទេសឥណ្ឌា។
ភ្ញៀវទេសចរណ៍ជនជាតិបារាំងដែលកំពុងទស្សនាប្រាសាទអង្គរវត្ត អ្នកស្រី Constance Talicmet ប្រាប់ VOA ថា អ្នកស្រីបានធ្វើដំណើរទៅកាន់ប្រទេសចំនួន១៤ក្នុងតំបន់អាស៊ី និងទស្សនាកន្លែងទេសចរណ៍ជាច្រើនក្នុងប្រទេសទាំងនោះ។ អ្នកស្រីបន្ថែមថា នេះជាលើកទី១ដែលអ្នកស្រីបានមកទស្សនាប្រាសាទអង្គរវត្តដែលអ្នកស្រីថា ជាប្រាសាទដែលសក្តិសមទៅនឹងការចាត់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្រ្តលំដាប់កំពូលរបស់ពិភពលោក។
អ្នកស្រីបញ្ជាក់ថា៖
«ខ្ញុំបានទៅទស្សនាសំណង់ប្រាសាទជាច្រើននៅបណ្តាប្រទេសផ្សេងៗ ប៉ុន្តែអង្គរវត្តគឺពិតជាអស្ចារ្យណាស់។ ខ្ញុំពិតជាមានការស្ងើចសរសើរមែនទែន។ ទាំងវប្បធម៌ អ្វីគ្រប់បែបយ៉ាងហាក់ដូចជានៅកណ្តាលព្រៃ ហើយពួកយើងត្រូវឆ្លងកាត់ស្រះទឹក។ ខ្ញុំពិតជាមិនអាចស្រម៉ៃបានទេ។ ខ្ញុំគិតថាវាគឺជាប្រាសាទដែលស្អាតបំផុត បើធៀបទៅនឹងប្រទេសផ្សេងទៀតដែលខ្ញុំបានទៅទស្សនា»។
ចំណែកភ្ញៀវទេសចរបរទេសម្នាក់ទៀតដែលកំពុងទស្សនាប្រាសាទអង្គរវត្តជាមួយភរិយា លោក Robert Davis បានលើកឡើងថា លោកទើបតែបានធ្វើដំណើរទៅទស្សនាសំណង់បែបប្រវត្តិសាស្រ្តមួយចំនួនតូច តាមបណ្តាប្រទេសផ្សេងៗ ដូច្នេះលោកមិនទាន់អាចប្រៀបធៀបប្រាសាទអង្គរវត្តទៅនឹងសំណង់ប្រាសាទផ្សេងៗទៀតក្នុងពិភពលោកបាននៅឡើយ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ផ្នែកជាច្រើននៃប្រាសាទអង្គរវត្តមានភាពល្អឯកលើសពីការរំពឹងទុករបស់លោក។
បុរសជនជាតិអូស្រ្តាលីវ័យ៦៨ឆ្នាំរូបនេះបន្ថែមថា៖
«បឹង ធ្វើឲ្យខ្សាច់នៅខាងក្រោមមានសំណើម ហើយទឹកនោះចេញទៅចូលឡាំងទឹក ហើយទឹកចូលក្នុងនេះហើយធ្វើឲ្យស្អាតចូលក្នុងប្រាសាទ។ វាគឺជាសំណង់ដែលអស្ចារ្យដែលមិនគួរឲ្យជឿ»។
ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋាភិបាលបានសម្រេចដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរសម្រាប់ជនបរទេស ឡើងជិតទ្វេដង។ តម្លៃសំបុត្រសម្រាប់ចូលទស្សនារយៈពេល១ថ្ងៃត្រូវបានដំឡើងពី២០ដុល្លារ ទៅ៣៧ដុល្លារ។ តម្លៃសំបុត្រសម្រាប់រយៈពេល៣ថ្ងៃ ត្រូវបានដំឡើងពី៤០ដុល្លារ ទៅ៦២ដុល្លារ និងតម្លៃសំបុត្រចូលទស្សនារយៈពេលមួយសប្ដាហ៍ ត្រូវបានដំឡើងពី៦០ដុល្លារ ទៅ៧២ដុល្លារ។
បើតាមគេហទំព័ររបស់អាជ្ញាធរជាតិអប្សរា ស្ថិតិភ្ញៀវទេសចរណ៍អន្តរជាតិទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ២០១៦ មានចំនួនជាង២លាននាក់ និងបានចំណូលជាង៦២លានដុល្លារអាមេរិក។ សម្រាប់រយៈពេលបួនខែដំបូងក្នុងឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរចំនួនជិត៩៥ម៉ឺននាក់ និងរកចំណូលបានជាង ៣៩លានដុល្លារអាមេរិក៕