ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​កម្ពុជា៖ មរណភាព​លោក ​Abe មិន​អាចបង្ក​ភាពរង្គោះ​រង្គើ​ដល់​​នយោបាយ​សេរីនិយម​របស់​ជប៉ុនទេ


អ្នក​កាន់​ទុក្ខម្នាក់​ចុះ​ហត្ថលេខា​នៅ​ពី​មុខ​រូបថត​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។ លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់ស្លាប់​កាល​ពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។
អ្នក​កាន់​ទុក្ខម្នាក់​ចុះ​ហត្ថលេខា​នៅ​ពី​មុខ​រូបថត​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។ លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់ស្លាប់​កាល​ពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។

ទង់​ជាតិ​របស់​ប្រទេស​កម្ពុជាត្រូវ​បាន​បង្ហូតត្រឹមពាក់​កណ្តាល​នៅទីសាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​បង្ហាញ​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្រជាជន​ប្រទេស​ជប៉ុន​ ដែលបាន​បាត់​បង់​អតីត​នាយករដ្ឋ​មន្ត្រី​របស់​ខ្លួន​គឺលោក​ Shinzo Abe (ស៊ីន​ហ្សូ​ អាបេ)​។

លោក ​Abe គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ជប៉ុន​ គិត​ចាប់តាំងពី​សម័យ​ក្រោយ​សង្គ្រាម​លោកលើក​ទី​២​។

ក្រុម​អ្នក​ជំនាញ​កម្ពុជា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ និង​អ្នកវិភាគ​នយោបាយ​វាយតម្លៃ​ថា​ លោក Shinzo​ Abe ​ជា​រដ្ឋ​បុរស​មាន​ការ​គិតគូរ​ហ្មត់​ចត់​ក្នុងបញ្ហា​សន្តិសុខ​តំបន់​ និង​សកល​លោក​ ហើយ​លោក​បានរួម​ចំណែក​គួរ​ឲ្យកត់​សម្គាល់​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​ និង​ជប៉ុន​។

ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​ជា​អ្នក​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​លោក ឈាង វណ្ណារិទ្ធ​ ចាត់ទុក​លោក​ Shinzo​ Abe ​ថា​ ជា​ឥស្សរជន​នយោបាយ​សំខាន់​មួយ​ដែល​បាន​ប្រឹងប្រែង​លើក​មុខមាត់​ប្រទេស​ជប៉ុន​លើ​ឆាក​អន្តរជាតិ​ តាម​រយៈគោលនយោបាយ​ការ​ទូត។​

លោក​ថ្លែង​ថា៖ «លោក​ Shinzo​ Abe គឺ​ជា​តួអង្គ​មួយ​សំខាន់​របស់​ជប៉ុន​ នៅក្នុង​ការ​ជំរុញ​តួនាទី​របស់​ជប៉ុន​ នៅក្នុង​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ និយាយ​ឲ្យ​ចំ​ទៅ​គោល​នយោបាយ​ការបរទេស​របស់​ជប៉ុន​ និង​វត្តមាន​របស់​ជប៉ុន​លើ​ឆាក​អន្តរជាតិ​បាន​លេច​ធ្លោ​ច្រើន​ ក្នុង​ការ​ដឹកនាំ​របស់​លោក Shinzo​ Abe អីចឹង​ទេ​ហ្នឹង​ គឺ​ជា​តួនាទី​សំខាន់​ នៅ​ក្នុង​ការ​ពង្រឹង​នូវ​តួនាទី​របស់​ជប៉ុន​នៅ​លើ​ឆាក​អន្តរជាតិ​»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (កណ្ដាល) អម​ដោយសមាជិកកំពូល​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក គោរពវិញ្ញាណក្ខន្ធរបស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។ (Kok Kyi/Cambodia's Prime Minister Cabinet via AP)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (កណ្ដាល) អម​ដោយសមាជិកកំពូល​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក គោរពវិញ្ញាណក្ខន្ធរបស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។ (Kok Kyi/Cambodia's Prime Minister Cabinet via AP)

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Abe ​ក៏បាន​ដើរ​តួនាទី​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជាជប៉ុន​ ផងដែរ​។​នេះ​បើ​តាម​លោក​ឈាង​ វណ្ណារិទ្ធ។

លោក​និយាយថា៖«តួអង្គ​ Shinzo​ Abe នេះ​ ក៏ជាតួអង្គ​មួយ​សំខាន់​នៅ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ពង្រឹង​បន្ថែម​ទំនាក់​ទំនង​ យុទ្ធសាស្ត្រ​ ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ ជាមួយ​នឹង​ជប៉ុន​។ អ៊ីចឹង​ទេ​ គឺហៅ​ថា​ ការ​ចូលរួមចំណែក​ដ៏​សំខាន់​របស់​លោក Shinzo​ Abeក្នុងការ​ជំរុញ​ទំនាក់​ទំនងទ្វេភាគី​កម្ពុជា​ជប៉ុន​នេះ​»។

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​លោក​ Shinzo​ Abe​ អាយុ​ ៦៧​ឆ្នាំបាន​ទទួល​មរណភាព​នៅ​ថ្ងៃសុក្រ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​ចំ​ដើមទ្រូង​ចំនួន២ គ្រាប់​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​មួយ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​ពេទ្យ​ដែល​លោក​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នោះ​ លោក ​Abe បាន​ថ្លែង​ នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ។​

បុរសម្នាក់​នោះដែល​ត្រូវ​បានគេ​ដឹងថា​មាន​ឈ្មោះ​ថា (តេតស៊ូយ៉ា យ៉ាម៉ាហ្គាមិ) Tetsuya Yamagami ​ក្រោយ​មក​ត្រូវបាន​ចាប់​ខ្លួន​ និង​ត្រូវបាន​បញ្ជាក់​ដោយ​អាជ្ញាធរ​ជប៉ុនថាធ្លាប់​មាន​ប្រវត្តិ​បម្រើ​ការ​ងារ​ក្នុង​ជួរ​កងទ័ព​ជប៉ុន។ កាំភ្លើង​ដែល​បុរស​នោះ​ប្រើប្រាស់​គឺ​ជា​កាំភ្លើង​កែច្នៃ​។

បុរ​សម្នាក់​ដែល​គេ​ជឿ​ថា គឺ​ជា​ជនសង្ស័យ​ដែលបាន​បាញ់​សម្លាប់​លោក Shinzo Abe ត្រូវ​បាន​ប៉ូលិស​ចាប់បាន​ភ្លាមៗ​នៅ​ក្រុង Nara ប្រទេស​ជប៉ុន ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។
បុរ​សម្នាក់​ដែល​គេ​ជឿ​ថា គឺ​ជា​ជនសង្ស័យ​ដែលបាន​បាញ់​សម្លាប់​លោក Shinzo Abe ត្រូវ​បាន​ប៉ូលិស​ចាប់បាន​ភ្លាមៗ​នៅ​ក្រុង Nara ប្រទេស​ជប៉ុន ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។

​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ លោក​ពូ សុធីរៈ ប្រាប់​វីអូអេ​កាលពីថ្ងៃ​សៅរ៍​ថា​ លោក​ Abe ​ជា​ជើង​ឯក​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​ដោយសារ​គោល​នយោបាយ​របស់​លោក​ដែល​គាំទ្រ​សេរី​ភាព​ និង​ពហុភាគី​និយម ដែល​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុនត្រូវ​គេមើល​ឃើញ​ថា​ ជាប្រទេស​ដែល​មាន​សេរីភាព​មួយ​។ លោក​ថ្លែងថា​៖ ​

«ដោយ​សារ​គាត់​ហ្នឹងគេបាន​រក្សា​ អត្តសញ្ញាណ​ហ្នឹង​ជា​ ប្រទេស​សេរី​ លោក​សេរីនិយម​ ប្រជាធិបតេយ្យ​ ហើយ​និង​ឈរ​ទៅលើ​គោល​ការណ៍ ​multilateralism [ពហុភាគី​និយម​]»។

អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ លោក ​ពូ សុធីរៈ បាន​បន្ថែម​ថា​ ឃាតកម្ម​លើ​លោក​ ​Abe និង​មិន​ធ្វើ​ឲ្យ​នយោបាយ​របស់​ជប៉ុន​ប្រឈម​នឹង​វិបត្តិ​ណាមួយ​ទៅថ្ងៃអនាគត​ទេ​ ព្រោះ​ជប៉ុនមាន​មេដឹកនាំ​ផ្សេង​ទៀត​ ដែលនឹង​បម្រើ​ពលរដ្ឋ​ដោយគោរពតាម​តួនាទី​ និង​មិន​បំពាន​លើ​សិទ្ធិអំណាច​របស់​ខ្លួន។​ លោក​ថ្លែងថា៖

«នៅប្រទេស​ជប៉ុន​មាន​អ្នកដឹកនាំ​ផ្សេង​ៗ​ទៀត​ ដែល​ទទួល​ការ​បោះឆ្នោត​ពីប្រជារាស្ត្រ​ហ្នឹង​មក​ ក៏មាន​ស្នាដៃ​ ហើយ​មាន​អត្តចរិត​ professionalism [ប្រកបដោយ​វិជ្ជាជីវៈ] អត្តចរិត​ជា​អាជីព​ ជាអ្នក​ដឹកនាំ​ គេប្រកាន់​បាន​ល្អ​ណាស់​។​ ខ្ញុំមិន​ជឿ​មាន​បញ្ហា​អី​ខ្លាំង​ គ្រាន់​តែ​ថា​ ដូច​ខ្ញុំនិយាយ​ចឹង​ គាត់​ឈាន​មុខ​គេ​ ដូច​ជារឿង​ ​democracy (លទ្ធិប្រជាធិបតេយ្យ) ដូច​រឿង​ multilateralism [ពហុភាគី​និយម​]​ free trade [ពាណិជ្ជកម្ម​សេរី​] ស្អីៗ​ហ្នឹង​ គឺ​លោក​ Abe ហើយ»។ ​

ដោយ​ឡែកការ​ស្លាប់​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​Abe កាល​ពី​ថ្ងៃ​សុក្រ ក៏​បាន​អង្រួន​អារម្មណ៍នៃ​ការ​សោកស្តាយរបស់​មេដឹកនាំ​នៃប្រទេស​នានា​ក្នុង​ពិភព​លោក។ លោក​ ​Abe ត្រូវបាន​មេដឹកនាំ​ពិភព​លោក​មួយចំនួន​កោតសរសើរ​ថា​ បាន​ជួយ​ឲ្យ​មានតុល្យការនៅ​ក្នុងបញ្ហាសន្តិសុខ​របស់ពិភព​លោក​ និង​ជា​អ្នក​ហ៊ាន​តទល់​នឹង​ឥទ្ធិពល​របស់​ចិន​។​

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក​Joe Biden បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម គ្រួសារ​របស់​លោក​Abe​នៅវិមាន​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនវ៉ាស៊ីន​តោន​កាលពី​ថ្ងៃសុក្រ​។ លោក​Biden​ បានលើក​ឡើង​ នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​៖«នេះ​ជា​សោក​នាដកម្ម​មួយ​សម្រាប់​ប្រទេស​ជប៉ុន ​និង​សម្រាប់​មនុស្ស​គ្រប់​រូបដែល​បាន​ស្គាល់​លោក​ [Abe]»។

លោក ​Biden ​ក៏បាន​ប្រកាស​ឲ្យ​សហរដ្ឋ​អាមេរិក​បង្ហូត​ទង់ជាតិ​ចុះពាក់​កណ្តាល​ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ របស់​លោក Abe។

ចំណែក​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​ រួមមាន​ឥណ្ឌា និង​មេដឹកនាំអឺរ៉ុប​ជា​ច្រើននាក់ ក៏​បានចូលរួម​រំលែក​ទុក្ខ​ដល់​ការ​ស្លាប់​របស់​លោក Abe។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​Narenda Modi បាន​យក​ថ្ងៃទី​៩ខែ​កក្កដា​ ជា​ទិវាជាតិ​នៃ​ការ​កាន់​ទុក្ខ​ ដើម្បី​បង្ហាញ​ «ការគោរព​ដ៏ជ្រាលជ្រៅ»​ នៃ​មរណភាព​លោក​ Abe។ ​

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel បាន​ហៅ​កា​រវាយប្រហារ​លើ​លោក​Abe ថា ជា​ទង្វើ​ «កំសាក» និង​បាន​ហៅ​លោក​ Abeថា​ ជា «មិត្ត​ពិត​ប្រាកដ» ​និងជា «អ្នក​ការពារ​ដ៏ខ្លាំងក្លា​នៃ​សណ្តាប់ធ្នាប់ពហុភាគី​ និង​តម្លៃ​ប្រជាធិបតេយ្យ»។ នេះបើ​តាមទស្សនាវដ្តី​ Time​របស់​សហរដ្ឋ​អាមេរិក។

នៅ​ប្រទេស​កម្ពុជា ទង់ជាតិ​ត្រូវបាន​បង្ហូត​ត្រឹម​ពាក់​កណ្តាល​នៅតាម​ផ្លូវ​សាធារណៈនានា​ និង​នៅ​តាម​ស្ថាប័ន​រដ្ឋ​ និង​គ្រឹះ​ស្ថាន​ជំនួញ​ឯកជន​។ ​នេះ​ជាការ​ចូលរួមរំលែក​ទុក្ខរបស់​រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ដល់​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​។

ទង់​ជាតិ​ប្រទេស​កម្ពុជា​ត្រូវបាន​បង្ហូត​ត្រឹម​ពាក់​កណ្តាលដង​ នៅមុខ​វិមាន​ឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​អាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
ទង់​ជាតិ​ប្រទេស​កម្ពុជា​ត្រូវបាន​បង្ហូត​ត្រឹម​ពាក់​កណ្តាលដង​ នៅមុខ​វិមាន​ឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​អាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
ទង់​ជាតិ​ប្រទេស​កម្ពុជា​ត្រូវបាន​បង្ហូត​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល​ រស្មី/វីអូអេ)​
ទង់​ជាតិ​ប្រទេស​កម្ពុជា​ត្រូវបាន​បង្ហូត​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល​ រស្មី/វីអូអេ)​

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​កាន់​ទុក្ខ​ការស្លាប់​លោក Abe នៅ​ទូទាំង​ប្រទេស​ផងដែរនៅ​ថ្ងៃអាទិត្យ​។

ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​លើកឡើងថា៖ «មរណភាព​របស់​លោក​ Shinzo Abe មិន​ត្រឹម​តែ​ជា​ការ​បាត់​[បង់​]ប្រកប​ដោយ​ភាព​សោកស្តាយ ​តក់ស្លុត​ រន្ធត់​ និង​អាឡោះ​អាល័យ​សម្រាប់​តែប្រជាពលរដ្ឋ​ជប៉ុន​ប៉ុណ្ណោះ​ តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​លើ​ពិភព​លោក រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​»។

ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ទាំង​ពីរ​លើក​ លោក ​Shinzo Abe ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដល់​ការ​ជំរុញ​ទំនាក់​ទំនង​រវាង​ជប៉ុន​ និង​កម្ពុជា​ រហូត​ក្លាយ​ទៅ​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​នៅឆ្នាំ២០១៣។ នេះបើតាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។

នៅក្នុង​លិខិត​មួយផ្ញើជូន​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ហ្វឹមីអូ​ គីស៊ីដា (Fumio Kishida )លោក​ហ៊ុន សែន បាន​ចាត់​ទុក​លោក​Shinzo Abe ​ថា​ ជា«​រដ្ឋ​បុរស​ជប៉ុន​លេច​ធ្លោ​មួយ​រូប»​ ដែល​ត្រូវបាន​គេ​ទទួល​ស្គាល់​ និង​លើក​សរសើរ​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​សមត្ថភាព​ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន​ និង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុងតំបន់​ និង​ពិភពលោក​ទាំង​មូល​។

ក្រោយ​ការ​វាយ​ប្រហារ​លើ​លោក ​Abe កាល​ពីថ្ងៃ​សុក្រ​កន្លងទៅ​ លោក​ ​Fumio Kishida​ នាយក​រដ្ឋមន្ត្រីជប៉ុន​បាន​ថ្កោល​ទោស​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នោះដោយ​និយាយ​ថា ការ​វាយ​ប្រហារ​នោះបាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេលនៃ​ការ​បោះឆ្នោត​ដែល​ជា​ឫសគល់​នៃលទ្ធិ​ប្រជា​ធិប​តេយ្យ​។

​អ្នក​វិភាគ​នយោបាយ​លោក​សេង​ សារី​ យល់​ថា​ ឃាតកម្ម​លើ​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុនលោក​Shinzo Abe គឺ​ជា​រឿង​ដ៏កម្រ ក្រោម​ហេតុផលថា​ ជប៉ុន​មានការ​រឹត​បន្តឹង​ខ្លាំង​លើ​ការ​ប្រើ​ប្រាស់​អាវុធ​។ លោក​បន្ថែមថា​ មរណ​ភាពលោក​Abe ក៏​ទំនង​ជា​នឹង​មិន​មាន​ឥទ្ធិពល​ណាមួយ​ទៅ​លើ​នយោបាយ​ប្រទេស​ជប៉ុន​ និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ដោយ​សារ​លោក​មិន​មែន​ជា​មេដឹកនាំ​ប្រទេស​។ លោក​និយាយ​ថា​៖

«សួរ​ថា​តើ​ការ​ចាកចេញ​ ឬក៏ការ​ស្លាប់​របស់Shinzo Abe ​នឹង​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​អន្តរជាតិ​បែប​ណា​នោះ​ ខ្ញុំ​មិន​ទាន់​មើល​ឃើញ​ថា​ វា​នឹង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​នយោបាយ​របស់ជប៉ុនទៅលើ​ពិភព​លោក​ទេ​ ព្រោះ​អំឡុង​ពេល​នេះ​គឺ​ អំឡុង​លោកShinzo Abe គាត់ស្លាប់​ ហើយ​គាត់​ត្រូវ​បាន​ធ្វើ​ឃាត​អំឡុង​ពេល​ដែល​គាត់​មិន​មែន​ជា​មេដឹកនាំ​របស់​ជប៉ុន​»។

អ្នក​កាន់​ទុក្ខ​កាន់​រូបថត​លោក Shinzo Abe និង​ដុត​ទៀន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២។
អ្នក​កាន់​ទុក្ខ​កាន់​រូបថត​លោក Shinzo Abe និង​ដុត​ទៀន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២។

សាស្ត្រចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា​លោក​ឯម សុវណ្ណារ៉ា​កត់សម្គាល់​ថា​ ​ការបាញ់​សម្លាប់​លោកAbe អាច​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​សន្តិសុខ​ផ្ទៃ​ក្នុងនៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​លោក ជឿថា មរណភាព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ នឹង​មិនធ្វើឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ដំណើរ​របស់​រដ្ឋាភិបាល​ជប៉ុន ពាក់​ព័ន្ធបញ្ហា​សន្តិ​សុខ​ក្នុង​ប្រទេស​នោះ​ទេ​។ ​

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ វាមិន​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​អីខ្លាំងក្លា​ទេ​ ព្រោះ​នៅ​ជប៉ុន​ កិច្ចការ​ ឬការ​ធ្វើ​ការ​នានា​ ធ្វើ​ជា​ប្រព័ន្ធ វាខុស​ពី​នៅ​បណ្តាប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​ការ​លក្ខណៈ​ជាបុគ្គល​ កាលណា​បុគ្គល​ហ្នឹង​ស្លាប់​ វាប៉ះពាល់​ ប៉ុន្តែ ជប៉ុន វាដូច​ជា​លោក​ខាង​លិច​ហើយ ដូច​ជា​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ហើយ​ បុគ្គល​ម្នាក់​ស្លាប់​ វាមិនប៉ះពាល់​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​ប្រទេស​ជាតិ​ទេ»។

បើតាម​លោក​ឯម សុវណ្ណារ៉ា​ លោក Shinzo Abe ជា​មេដឹកនាំ​ដែលបាន​ធ្វើឱ្យប្រទេស​ជប៉ុនមាន​មុខមាត់​លើ​ឆាក​អន្តរ​ជាតិ​ ក្នុងវិស័យ​ការពារ​ជាតិ​។

យ៉ាង​ណា​ក៏​ដោយ​ កេរ​ដំណែល​នយោបាយ​ដែល​ត្រៀមខ្លួន​ជាមុន​សម្រាប់​ឆ្លើយ​តប​នឹង​បញ្ហា​ផ្សេង​ៗ​របស់​លោក​ Abe នឹង​ត្រូវ​បាន​អនុវត្ត​បន្ត​ដោយ​មេដឹកនាំ​ប្រទេស​ជប៉ុន​ជំនាន់​ក្រោយ​។ នេះ​ បើតាម​អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ​លោក ​ឈាង វណ្ណារិទ្ធ​។ លោក​និយាយ​ថា​៖

«ទោះបី​ជា​លោក ​Shinzo​ Abe បាន​លាចាក​លោក​នេះ ផុត​ទៅ​ហើយ​ក៏​ដោយ​ ក៏ប៉ុន្តែ​ខ្ញុំ​នៅ​សង្ឃឹម​ថា​ ថ្នាក់​ដឹកនាំ របស់​ជប៉ុនជំនាន់​ក្រោយ​និង​បន្ត​អនុវត្ត​នូវ​គោល​នយោបាយ​ដ៏សកម្ម​ បុរេសកម្ម​របស់​លោកShinzo​ Abe បន្ត បន្ទាប់​ទៀត​»។

លោក Shinzo​ Abe ដែល​បាន​កើត​នៅ​ក្នុង​គ្រួសារ​អ្នក​នយោបាយ​ដ៏លេចធ្លោ​មួយ​ នៅភាគ​ខាងលិច​ប្រទេស​ជប៉ុន ត្រូវ​បាន​គេចងចាំ​នូវ​គុណសម្បត្តិ​របស់​លោក​ក្នុង​ការធ្វើ​ឲ្យមាន​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ដែលមាន​ស្ថាន​ភាព​មិន​ល្អ​ប្រសើរ​ផងដែរ។ លោក​ Abe​ ធ្លាប់​លា​លែង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មួយ​លើក​កាលពី​ឆ្នាំ​២០០៧​ក្រោម​ហេតុ​ផល​សុខភាព​ នៅ​ពេល​គណបក្ស​ប្រជាធិបតេយ្យ​សេរី​(Liberal Democratic Party)​ដែល​ជា​គណបក្ស​គ្រប់​គ្រង​អំណាច​បាត់បង់​ការ​គ្រប់គ្រង​សភា​ជាលើក​ដំបូង​ក្នុង​រយៈពេល​៥២​ឆ្នាំ។

ប្រជាជន​ជប៉ុន​ដាក់​បាច់ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក Shinzo នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ Liberal Democratic Party (LDP) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។
ប្រជាជន​ជប៉ុន​ដាក់​បាច់ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក Shinzo នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ Liberal Democratic Party (LDP) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។

កាលពី​ខែ​សីហា​ ឆ្នាំ​២០២០​ លោក​បានប្រកាស​លាលែង​តំណែង​ជានាយក​រដ្ឋមន្ត្រី​ជប៉ុន​ម្តង​ទៀត ក្រោម​ហេតុ​ផល​សុខភាព​ដូច​គ្នា បន្ទាប់ពី​លោក​បាន​ដឹកនាំប្រទេស​ជប៉ុនតាំង​ពី​ឆ្នាំ​២០១២។​ លោក​Abe​ មានជំងឺ​រលាក​ពោះ​វៀន​ធំ​។

មុន​ពេល​គេធ្វើ​ឃាត​ លោក​ Abe ត្រូវ​គេ​កត់សម្គាល់ថាជា​អ្នក​នយោបាយ​ជប៉ុន​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ជប៉ុន​មាន​អំណាច​ឡើងវិញ​លើ​ឆាកអន្តរជាតិ​ ខណៈ​ជប៉ុនត្រូវ​បាន​ចង​ភ្ជាប់​ដោយ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម ​និង​ការ​ពារ​ដោយ​ឥទ្ធិពល​នុយក្លេអ៊ែ​របស់​សហរដ្ឋ​អាមេរិក​។ នេះ​បើ​តាម​កាសែត​ The Washington Post

កាសែត​ដ៏ល្បីល្បាញ​របស់​អាមេរិក​មួយនេះ​ឲ្យ​ដឹង​ថា​ការ​កាន់​តំណែង​របស់​លោក​ Abeគឺយូរ​ជាង​រយៈពេល​នៃការ​គ្រប់គ្រង​អំណាច​របស់​ជីតារបស់​លោក​គឺ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​Nobusuke Kishi ដែល​បាន​ដឹកនាំ​ប្រទេស​ជប៉ុន​ពី​ឆ្នាំ​១៩៥៧​ ដល់​ឆ្នាំ​១៩៦០ និង​ឪពុក​របស់​លោក​គឺ​លោក Shintaro Abe ដែល​បម្រើ​ការ​ជា​ប្រធាន​គណៈរដ្ឋមន្ត្រី​ ដែល​ជាញឹក​ញាប់​ត្រូវគេ​មើល​ឃើញ​ថា​ ជា​តំណែង​ដ៏​មាន​ឥទ្ធិពល​លំដាប់​ទី​២​របស់​ប្រទេស​ជប៉ុន​។​

កាសែត​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​ការ​បារម្ភ​ពីភាព​ក្អេងក្អាង​របស់ចិន​ លោក​ក៏បាន​បង្កើ​ត​ឲ្យមាន​ចំណង​ទាក់​ទង​កាន់​តែ​ជិតស្និទ្ធ​រវាង​ជប៉ុន​ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មាន​ទ្រព្យ​សម្បត្តិ​ក្រាស់​ក្រែល​ជាង​គេ​ក្នុងតំបន់​អាស៊ី និង​ឥណ្ឌា​ ដែល​មានពលរដ្ឋ​ច្រើនក្នុង​តំបន់​។​ លោក​Abe ក៏​ធ្លាប់​ជា​អ្នកគាំទ្រ​ខ្លាំង​ក្លា​នៃ​សម្ព័ន្ធភាព​ Quad ​ដែល​ជា​ការ​ប្រមូលផ្តុំ​របស់​ជប៉ុន ឥណ្ឌា​ អូស្ត្រាលី​ និងសហរដ្ឋ​អាមេរិក​ ដើម្បី​ជា​កម្លាំង​ទប់​ទល់​នឹង​ទីក្រុង​ប៉េកាំង៕

XS
SM
MD
LG