លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសឲ្យ ប្រជាពលរដ្ឋកម្ពុជា កាន់មរណទុក្ខមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា សម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។ នេះបើតាមសារសំឡេងរបស់លោក ហ៊ុន សែន ដែលត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។
នៅក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានណែនាំឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីបង្ហាញការចូលរួមមរណទុក្ខជាមួយប្រជាជន ជប៉ុន។
លោកថ្លែងថា៖ «…ខ្ញុំព្រះករុណាខ្ញុំសម្រេចឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស ទាំងវិស័យសាធារណៈនិងវិស័យឯកជន ធ្វើការកាន់ទុក្ខមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា តែម្តង»។
លោក ហ៊ុន សែន បញ្ជាក់ថា ការយកមួយថ្ងៃកាន់ទុក្ខនេះ គឺដើម្បីបង្ហាញ«សាមគ្គីភាព និងការសោកស្តាយ»។
លោក ហ៊ុន សែន ចាត់ទុកលោក Abe ជាមិត្តដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយថាអតីតនាយករដ្ឋមន្រ្តីរូបនោះបានដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីកសាងទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។
គួរបញ្ជាក់ថា លោក Shinzo Abe បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានគេបាញ់ ២ គ្រាប់ ក្នុងអំឡុងយុទ្ធនាការឃោសនាមួយ នៅទីក្រុង Nara ប្រទេសជប៉ុន៕