ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវបាន​​ជួយ​សង្រ្គោះ​ពី​ការ​បង្ខាំង​ទុក​នៅ​ប្រទេស​ចិន


រូបឯកសារ៖ ទង់ជាតិចិនត្រូវបានឃើញនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ ទង់ជាតិចិនត្រូវបានឃើញនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​ឃ្លីប​ពី​សំណាក់​ក្មេងស្រីម្នាក់​ដែល​សុំ​ជំនួយ ដើម្បី​ជួយ​សង្រ្គោះ​ពី​ការ​បង្ខាំង​ទុក​នៅ​ប្រទេស​ចិន អាជ្ញាធរ​ខ្មែរ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​ក្នុង​ការ​ជួយ​សង្រ្គោះ​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​រូប​នោះ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​សៀងហៃ​បាន​ទាក់​ទង​ទៅ​កាន់​ក្មេងស្រី​ដែល​ជា​ជន​រង​គ្រោះ ហើយ​អាជ្ញាធរ​ចិន​បាន​ជួយ​សង្រ្គោះ​រួច​ហើយ កាល​ពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​ ២០២៤។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ ក្មេងស្រី​រង​គ្រោះ​កំពុង​ទទួល​បាន​ការ​ថែ​ទាំ​ពី​សំណាក់​ស្ថាន​អគ្គកុង​ស៊ុល និង​ការិយាល័យ​នគរ​បាល​ចិន ហើយ​កំពុង​បំពេញ​បែប​បទ​ទៅ​តាម​នីតិវិធី​របស់​ចិន នៅ​ការិយាល័យ​នគរបាល​ខេត្ត​ជឺជាំង សម្រាប់​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុង​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល​ប្រមាណ ​១ ​នាទី​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក ក្មេងស្រី​រង​គ្រោះ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ និង​មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ក្រូច​ឆ្មា ខេត្ត​ត្បូង​ឃ្មុំ បាន​អះអាង​ថា ​ខ្លួន​ចាញ់​បោក​មេខ្យល់​បោក​បញ្ឆោត​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ចិន។ ក្មេងស្រី​រូប​នោះ​បន្ត​ថា ​ខ្លួន​ត្រូវ​គេ​យក​មក​«លក់» និងបង្ខាំង​ទុក​ក្នុង​បន្ទប់​មិន​ឱ្យ​ចេញ​ទៅ​ខាង​ក្រៅ​ប្រមាណ ៦ ​ខែ។

ក្មេងស្រី​រូប​នោះ​និយាយ​ថា៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​បាន​ចាញ់​បោក​គេ​ហើយ​មេ​ខ្យល់​យក​ខ្ញុំ​មក​លក់​នៅ​ប្រទេស​ចិន​ គេ​ថា​យក​ខ្ញុំ​មក​ធ្វើ​ការ ប៉ុន្ដែ​ឥឡូវ​គេ​យក​ខ្ញុំ​មក​លក់ ហើយ​គេ​ចាប់​ខ្ញុំ​ឃុំ​នៅ​ក្នុង​បន្ទប់​៥-៦​ខែ​ហើយ​គេ​អត់​ដែល​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ គេ​ចាក់​សោ​ពី​ក្រៅ​ទៀត»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​ព័ត៌មាន​ពី​បង​ស្រី​ជន​រង​គ្រោះ កាល​ពី​ដើម​ឆ្នាំ ២០២៣ ប្អូន​ស្រី​របស់​ខ្លួន​បាន​ចេញ​ពី​ផ្ទះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​រោង​ចក្រ និង​តែង​ផ្ញើ​ប្រាក់​មក​គ្រួសារ​ជា​ប្រចាំ លុះ​ប្រមាណ​ជា​ ៦ ​ខែ​ក្រោយ​មក​ ស្រាប់​តែ​បាត់​មិន​ឃើញ និង​ទាក់ទង​លែង​បាន។ ក្រុម​គ្រួសារ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដោយ​គិត​ថា​ជន​រង​គ្រោះ​ខឹង​នឹង​ក្រុមគ្រួសារ ឬ​មាន​សង្សារ​មិន​ឱ្យ​គ្រួសារ​ដឹង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG