ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​រវាង​វៀតណាម និង​សហរដ្ឋ​អាមេរិក​កាន់តែ​ជិតស្និទ្ធ​ជាង​មុន ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អាមេរិកាំង​នៅ​វៀតណាម


រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន​លោក Wei Fenghe ស្វាគមន៍​រដ្ឋ​មន្ត្រីការពារ​ប្រទេស​អាមេរិក​លោក Mark Esper ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៨ ខេវិច្ឆិកា​ ឆ្នាំ២០១៩។
រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន​លោក Wei Fenghe ស្វាគមន៍​រដ្ឋ​មន្ត្រីការពារ​ប្រទេស​អាមេរិក​លោក Mark Esper ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៨ ខេវិច្ឆិកា​ ឆ្នាំ២០១៩។

ប្រទេស​វៀតណាម​ទទួល​បាន​ដំណើរ​ទស្សនកិច្ច​ការទូត​ពីរ​ផ្សេង​គ្នា​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ទីក្រុង​ហាណូយ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Mark Esper បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​នាវា​ល្បាត​សមុទ្រ​មួយ​គ្រឿង​ទៀត​ដល់​ប្រទេស​វៀតណាម​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះ ប្រទេស​វៀតណាម​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ចិន។

ចំណែក​ឯ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​វិញ នៅ​ក្នុង​រយៈពេល​ប្រហែល​គ្នា​នេះ​ដែរ អគ្គ​កុងស៊ុល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​តាម​ទូក​កាត់​តាម​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទាក់ទិន​នឹង​ការ​អប់រំ បរិស្ថាន និង​វប្បធម៌។

ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​ពីរ​នេះ ដែល​មួយ​បង្ហាញ​អំពី​អំណាច​យោធា និង​មួយ​ទៀត​បង្ហាញ​អំពី​អំណាច​ការទូត បាន​បង្ហាញ​អំពី​មធ្យោបាយ​ផ្សេង​គ្នា ដែល​វៀតណាម និង​សហរដ្ឋ​អាមេរិក​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​គ្នា​ខ្លាំង​ជាង​មុន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​វៀតណាម។

អ្នកស្រី Marie Damour ដែល​ជា​អគ្គ​កុងស៊ុល​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​ចំណាយ​ពេល ៣ ថ្ងៃ នៅ​ក្នុង​ខេត្ត An Giang ស្ថិត​ក្នុង​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​នៅ​ក្បែរ​ទីក្រុង​ហូជីមិញ ដើម្បី​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​មួយ។

មជ្ឈមណ្ឌល​ដូច​នេះ​មាន​រួច​មក​ហើយ​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ដែល​នៅ​ទី​នោះ មជ្ឈមណ្ឌល​ទាំង​នេះ​បាន​ក្លាយជា​កន្លែង​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​សាធារណជន។ ពលរដ្ឋ​វៀតណាម​វ័យ​ក្មេង​បាន​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​របស់​ពួកគេ​នៅ​មជ្ឈមណ្ឌល​ទាំង​នេះ​សម្រាប់​កិច្ចការ​គ្រប់​មុខ​ទាំង​អស់​ដូចជា​ការ​រៀន​ពី​ជំនាញ​សរសេរ ការ​ជជែក​ពិភាក្សា​គ្នា​ជាមួយ​នឹង​តន្ត្រីករ​ផ្នែក​តន្ត្រី​ហ្សាស និង​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ផ្សេងៗ​ជា​ដើម។ ទាំង​នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​នៃ​អំណាច​ការទូត។

អ្នកស្រី Damour បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​នោះ​នៅ​ឯ​សាកល​វិទ្យាល័យ An Giang យ៉ាង​ដូច្នេះ​ថា៖ «មជ្ឈមណ្ឌល​អាមេរិកាំង​នេះ​គឺ​ជា​តឹកតាង​នៃ​ទស្សន​វិស័យ​រួម​គ្នា​របស់​យើង និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណាក់កាល​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដ៏​ខ្លាំង​រួច​ស្រេច​មក​ហើយ [រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម]‍»។

មជ្ឈមណ្ឌល​បែប​នេះ​ក៏​មាន​ជា​លើក​ដំបូង​ផង​ដែរ​នៅ​ក្រៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​វៀតណាម។ ទីតាំង​មជ្ឈមណ្ឌល​នេះ​ក៏​សំខាន់​ផង​ដែរ ដោយសារតែ​ពលរដ្ឋ​វៀតណាម​ពីរ​ភាគ​បី​រស់នៅ​ក្នុង​តំបន់​ជនបទ។ ចំណុច​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​កំពុង​បញ្ជ្រាប​ទូទាំង​ប្រទេស​វៀតណាម។

អ្នកស្រី Damour បាន​បញ្ជាក់​ថា៖ «អនាគត​របស់​ប្រទេស​វៀតណាម និង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម​នឹង​កំណត់​ដោយ​មិន​ត្រឹមតែ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ខេត្ត និង​ក្រុង​ទាំង ៦៣ របស់​ប្រទេស​វៀតណាម​ផង​ដែរ‍»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ អ្នកស្រី​ក៏​បាន​ធ្វើ​ដំណើរ​ផង​ដែរ​ទៅ​សួរ​សុខទុក្ខ​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ជា​ជនជាតិ​ចាម​នៅ​ព្រះ​វិហារ​ឥស្លាម Mubarak ដើម្បី​ពិភាក្សា​អំពី​ការ​ជួញដូរ​មនុស្ស​ជាមួយ​នឹង​មន្ត្រី​ព្រំដែន និង​ពិភាក្សា​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតកម្ម​កសិកម្ម​ជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត។

ពាណិជ្ជកម្ម​គឺ​ជា​ឧទាហរណ៍​យ៉ាង​ជាក់​ច្បាស់​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ប្រទេស​វៀតណាម និង​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តិច​ជាង ៣ ទសវត្សរ៍។ ប៉ុន្តែ សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​វៀតណាម​នាំ​ចេញ​ទំនិញ​ទៅ ហើយ​វៀតណាម​បាន​ក្លាយ​ជា​ទីផ្សារ​ដែល​កើន​ឡើង​ខ្លាំង​បំផុត​សម្រាប់​ទំនិញ​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក។

ប្រទេស​វៀតណាម​ក៏​នាំ​ចេញ​ផលិតផល​កសិកម្ម​ផង​ដែរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត ដោយសារ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​គឺ​ជា​ជង្រុក​ស្រូវ​ដ៏​សំខាន់​មួយ និង​ជា​តំបន់​កសិកម្ម។

ទ្រឹស្ដី Thucydides Trap

សម្រាប់​ផ្នែក​ការពារ​ជាតិ រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មាន​សម្ព័ន្ធ​ភាព​យោធា​ជាមួយ​គ្នា​ទេ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​រួម​គ្នា​អំពី​ឥទ្ធិពល​កើន​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នៅ​ក្នុង​ការ​ប្រកាស​អំពី​ការ​ប្រគល់​នាវា​ល្បាត​សមុទ្រ​មួយ​គ្រឿង​ទៀត​ដល់​ប្រទេស​វៀតណាម រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Mark Esper បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «ផ្ដល់​ឲ្យ​វៀតណាម​នូវ​សមត្ថភាព​ដែល​វៀតណាម​ត្រូវការ​ដើម្បី​ការពារ​អធិបតេយ្យ​ភាព និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន‍»។

លោក Esper ថែម​ទាំង​បាន​លើក​ឡើង​ពី​ទ្រឹស្ដី​របស់​ប្រវត្តិ​វិទូ​ក្រិក​លោក Thucydides ផង​ដែរ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​ថ្លែង​ទៅ​កាន់​បណ្ឌិត​សភា​ការទូត​នៃ​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ។ ឈ្មោះ​របស់​លោក Thucydides ដែល​កាល​ពី​មុន​គេ​មិន​សូវ​ស្គាល់​នេះ ឥឡូវ​នេះ​ត្រូវ​បាន​គេ​ឧស្សាហ៍​លើក​ឡើង​នៅ​ក្នុង​រង្វង់​អ្នក​ជំនាញ​ខាង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ។

កាល​ពី​ជាង ២ ពាន់​ឆ្នាំ​មុន លោក Thucydides បាន​សរសេរ​អំពី​សង្គ្រាម​រវាង​ទីក្រុង​ក្រិក​បុរាណ Sparta និង​ទីក្រុង Athens ដែល​កំពុង​មាន​ឥទ្ធិពល​កើន​ឡើង។ នៅ​ក្នុង​សហស្សវត្ស​នេះ ប្រវត្តិវិទូ​នៃ​សាកល​វិទ្យាល័យ Harvard ម្នាក់ បាន​ប្រៀបធៀប​ភាគី​ទាំង​ពីរ​នេះ​ទៅ​នឹង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ដោយ​និយាយ​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ ការ​ប្រជែង​គ្នា​ភាគ​ច្រើន​រវាង​មហា​អំណាច​ដែល​ខ្លាំង​ស្រាប់ និង​មហា​អំណាច​ដែល​កំពុង​តែ​លេច​ឡើង​នឹង​ក្លាយទៅជា​ជម្លោះ​នៅ​ទី​បំផុត ដែល​នេះ​គឺ​ជា​អ្វី​ដែល​គេ​ហៅ​ថា​ទ្រឹស្ដី Thucydides' trap។

ក្នុង​នាម​ជា​មន្ត្រី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក លោកEsper បាន​រិះគន់​ប្រទេស​ចិន​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ជម្លោះ​នេះ​កើត​ឡើង។ ដំបូង លោក​បាន​ផ្ដោត​លើ​វិធី​ដែល​ទីក្រុង Athens ដែល​ជា​មហា​អំណាច​កំពុង​មាន​ឥទ្ធិពល​កើន​ឡើង បាន​ប្រើ «ភាព​គឃ្លើន​ក្អេងក្អាង» និង «អានុភាព​អំណាច‍» ដើម្បី​សម្លុត​គំរាម​កំហែង​រដ្ឋ​តូច​ជាង​ខ្លួន។ បន្ទាប់​មក លោក​បាន​លើក​ឡើង​អំពី​ជម្លោះ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​លោក​និយាយ​ថា នៅ​ទី​នោះ ប្រទេស​តូច​ជាង​ចិន​ដូចជា វៀតណាម​ជា​ដើម ប្រឈម​នឹង «ការ​យាយី​ធ្វើ​បាប‍» ពី​ប្រទេស​ចិន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «កិច្ច​ប្រឹងប្រែង​ឯកតោ​ភាគី​របស់​ចិន​ដើម្បី​គាំទ្រ​ការ​ទាមទារ​កាន់កាប់​ដោយ​ខុស​ច្បាប់​នូវ​ដែន​សមុទ្រ បាន​គំរាម​ដល់​លទ្ធភាព​របស់​ប្រទេស​ដទៃ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​សំខាន់​នានា ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​ទីផ្សារ​ថាមពល​នៅ​ក្នុង​តំបន់ និង​បង្កើន​ហានិភ័យ​នៃ​ជម្លោះ‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG