កំណត់និពន្ធ៖ ប្រទេសហ្គំប៊ីមានប្រធានាធិបតីថ្មីបន្ទាប់ពីលោកយ៉ាយ៉ា ជេម៉េបាននីរទេសខ្លួនចេញពីប្រទេសនិងបញ្ចប់ការកាន់អំណាចផ្តាច់ការរយៈពេល២២ឆ្នាំ។ បទពិសោធន៍ប្រទេសដែលនៅតំបន់អាហ្វ្រិកខាងលិចនេះបង្ហាញថាការរួបរួមរបស់គណបក្សប្រឆាំងអាចនាំឱ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ។ ហើយការមានអង្គការក្នុងតំបន់មួយដែលខ្លាំងអាចជួយបញ្ចៀសវិបត្តិធ្ងន់ធ្ងរបាន។ នេះដោយសារតែលោកអាដាម៉ា បារ៉ូប្រធានាធិបតីថ្មីបានឡើងកាន់អំណាចដោយស្របច្បាប់ក្រោមការជួយអន្តរាគមន៍ពីប្រទេសក្នុងតំបន់អាហ្វ្រិកបន្ទាប់ពីវិបត្តិនយោបាយរយៈពេលខ្លីដោយសារលោកជេម៉េមិនទទួលស្គាល់លទ្ធផលឆ្នោត។
ខាងក្រោមនេះជាកិច្ចសន្ទនារវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកអាប់ឌូរ៉ាម៉ាន់ ឌៀ អ្នកយកព័ត៌មានវីអូអេនៃសេវាភាសាបារាំងទៅកាន់តំបន់អាហ្វ្រិកដែលយកព័ត៌មានជាប្រចាំលើការវិវត្តន៍នយោបាយក្នុងប្រទេសហ្គំប៊ី។
VOA៖ សូមជម្រាបសួរលោកអាប់ឌូ!
អាប់ឌូរ៉ាម៉ាន់៖ សូមជម្រាបសួរ!
VOA៖ នៅថ្ងៃនេះលោកអាដាមា បារ៉ូ ប្រធានាធិបតីថ្មីនៃប្រទេសហ្គំប៊ីបានវិលត្រឡប់ចូលប្រទេសវិញ។ តើលោកនឹងមានផែនការត្រូវធ្វើអ្វីបន្ទាប់ពីនេះ?
អាប់ឌូរ៉ាម៉ាន់៖ អ្វីដែលលោកត្រូវធ្វើបន្ទាប់គឺរៀបចំប្រព័ន្ធគ្រប់គ្រងផ្ទាល់របស់គាត់និងរដ្ឋាភិបាលមួយ។ លោកបានតែងតាំងរួចហើយនូវនាយករដ្ឋមន្ត្រីមួយដែលជាស្ត្រីធ្លាប់ធ្វើការជាមួយនឹងលោកយ៉ាយ៉ា ជេម៉េ ប៉ុន្តែបានលាឈប់ដោយសារតែមិនយល់ស្របនឹងការដឹកនាំរបស់លោកជេម៉េ។ គាត់ត្រូវស្វែងរកមនុស្សដែលគាត់ទុកចិត្តដើម្បីឱ្យកាន់តំណែងកងទ័ពដែលជាការសំខាន់។
VOA៖ បាទសូមអរគុណ។ លោកបារ៉ូទទួលដឹកនាំប្រទេសដែលស្ទើរតែគ្មានថវិកាជាតិហើយជំពាក់បំណុលជាច្រើន។ តើលោកនឹងជំរុញសេដ្ឋកិច្ចយ៉ាងណាទៅវិញ?
អាប់ឌូរ៉ាម៉ាន់៖ នេះគឺជាកិច្ចការសំខាន់ណាស់។ នៅថ្ងៃនេះពេលដែលលោកចាកចេញពីប្រទេសសេណេហ្កាល់ លោកនៅជាមួយនឹងបេសកជនអង្គការសហប្រជាជាតិប្រចាំតំបន់អាហ្វ្រិកខាងលិចដែលបានធ្វើការអំពាវនាវសារជាថី្ម ឱ្យសហគមន៍អន្តរជាតិជួយប្រទេសហ្គំប៊ី។ អីចឹងខ្ញុំគិតថាដំណាក់កាលបន្ទាប់គឺនឹងមានកិច្ចប្រជុំម្ចាស់ជំនួយមួយ។ គាត់ត្រូវធ្វើយ៉ាងណាទប់ស្កាត់យុវជនរាប់ពាន់នាក់មិនឱ្យធ្វើចំណាកស្រុកទៀតព្រោះពួកគេគ្មានការងារធ្វើក្នុងប្រទេស។
VOA៖ តើជីវិតនយោបាយរបស់យ៉ាយ៉ា ជេម៉េនឹងទៅជាយ៉ាងណាដែរ?
អាប់ឌូរ៉ាម៉ាន់៖ ពិបាកនិយាយណាស់ពីព្រោះនៅពេលដែលគាត់ចាកចេញមានឯកសារមួយដែលត្រូវបានគេផ្សាយថាមានកិច្ចព្រមព្រៀងដែលធានាអភ័យឯកសិទ្ធិដល់គាត់។ ប៉ុន្តែប្រធានាធិបតីថ្មីនិយាយថាគេអត់មានមកពិភាក្សាជាមួយនឹងគាត់លើកិច្ចព្រមព្រៀងនោះទេ។ ដូច្នេះគឺសភាត្រូវតែធានាអភ័យឯកសិទ្ធិចំណែកគាត់គឺមិនអាចធានាអ្វីជូនទេ។ យើងដឹងថាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្មាន សុនកូត្រូវបានអាជ្ញាធរស្វីសចាប់ខ្លួន។ តាមមើលទៅគេអាចទុកឱ្យលោកជេម៉េរួចខ្លួនប៉ុន្តែអ្នកដទៃទៀតប្រហែលជានឹងត្រូវចាប់ខ្លួន។
VOA៖ ប៉ុន្តែលោកប្រធានាធិបតីបារ៉ូសន្យាបង្កើតតែគណៈកម្មការស្វែងរកការពិតនិងការផ្សះផ្សារ ជាតិតែប៉ុណ្ណោះ។
អាប់ឌូរ៉ាម៉ាន់៖ ជាការពិតហើយគឺនឹងមានគណៈកម្មការស្វែងរកការពិតនិងការផ្សះផ្សារជាតិហើយវាអាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចថាតើត្រូវផ្តោតលើតែការផ្សះផ្សារជាតិឬយ៉ាងណាព្រោះសមាជិកក្រុមគ្រួសារជនរងគ្រោះក៏ចង់បានយុត្តិធម៌ដែរ។
VOA៖ ត្រឡប់ទៅពេលមុនការបោះឆ្នោតបន្តិច។ តើមូលហេតុអ្វីដែលធ្វើឱ្យលោកបារ៉ូឈ្នះឆ្នោត?
អាប់ឌូរ៉ាម៉ាន់៖ លោកធ្លាប់ជាសន្តិសុខនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសហើយបានសម្រេចចិត្តត្រឡប់ចូលប្រទេសវិញដើម្បីវិនិយោគលើផ្នែកអចលនទ្រព្យ។ បន្ទាប់មកលោកសម្រេចចូលក្នុងឆាកនយោបាយប៉ុន្តែមិននៅថ្នាក់ខ្ពស់ទេ។ លោកគឺជាហិរញ្ញិកនៅក្នុងគណបក្សប្រឆាំងមួយ។ គ្មានអ្នកណារំពឹងថាគេដាក់បេក្ខភាពគាត់សម្រាប់ការបោះឆ្នោតនេះទេ។ប៉ុន្តែហេតុផលតែមួយគត់គឺមេដឹកនាំបក្សប្រឆាំងធំជាងគេត្រូវគេចាប់ដាក់ពន្ធនាគារ។ ដូច្នេះពួកគេយល់ថាបុគ្គលម្នាក់នេះមិនសូវពាក់ព័ន្ធនឹងរឿងនយោបាយពីមុនមកច្រើនទេដូច្នេះគាត់អាចនឹងតំណាងឱ្យការផ្លាស់ប្តូរហើយក្រុមបក្សប្រឆាំងអាចគាំទ្រគាត់បាន។ ជាលើកទីមួយហើយចាប់តាំងពីឆ្នាំ១៩៩៤មកដែលក្រុមគណបក្សប្រឆាំង៩រួបរួមគ្នាជាសំឡេងតែមួយគាំទ្របេក្ខជនតែមួយដែលនេះជាកត្តាសំខាន់មួយ។
VOA៖ តើហេតុផលអ្វីដែលធ្វើឱ្យពួកគេចូលរួមគ្នាជាធ្លុងមួយ?
អាប់ឌូរ៉ាម៉ាន់៖ ពួកគេចូលរួមគ្នាដោយសារគេមើលឃើញថាគាត់ជាមនុស្សគួរឱ្យទុកចិត្តបាន។ គាត់មិនដែលប្រឡូកក្នុងកិច្ចការនយោបាយយូរទេ។ មេដឹកនាំបក្សប្រឆាំងធំជាប់ពន្ធនាគារហើយពួកគេមើលឃើញថាគាត់គឺជាមនុស្សតែមួយគត់ដែលអាចរាប់រងកិច្ចការនេះ។ ហើយការចាប់ដាក់គុកនេះធ្វើឱ្យក្រុមបក្សប្រឆាំងផ្សេងៗភ្ញាក់ខ្លួនថាដល់ពេលដែលយើងត្រូវតែធ្វើការរួមគ្នាបើមិនអីចឹងទេដល់ទីបញ្ចប់ហើយ។
VOA៖ លោកថាលោកបារ៉ូគឺជាអតីតឆ្មាំសន្តិសុខក្នុងទីក្រុងឡុងដ៍តើពលរដ្ឋរំពឹងថាគាត់អាចជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានទេ?
អាប់ឌូរ៉ាម៉ាន់៖ នេះគឺជាក្តីសង្ឃឹមហើយគាត់បានសន្យាថាគាត់កាន់អំណាចតែបីឆ្នាំទេគឺមិនកាន់រហូតពេញអណត្តិប្រាំឆ្នាំទេបន្ទាប់ពីនោះគឺនឹងរៀបចំការបោះឆ្នោតសារជាថ្មី។ បើធ្វើអីចឹងបានមែនគេនឹងចងចាំគាត់ថាជាមនុស្សដែលមិនស្រឡាញ់អំណាចដែលជារឿងមួយអស្ចារ្យនៅតំបន់អាហ្វ្រិក។
VOA៖ ប៉ុន្តែលោកជេម៉េក៏និយាយអីចឹងដែរនៅពេលដែលលោកធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៤។ មែនទេ?
អាប់ឌូរ៉ាម៉ាន់៖ ជាការពិតមែន។ ប៉ុន្តែឥឡូវនេះពេលវេលាខុសពីមុន។ លោកបារ៉ូមិនមែនធ្វើរដ្ឋប្រហារទេគឺគាត់ជាប់ឆ្នោត ហើយគ្មានអ្នកណាម្នាក់បង្ខំគាត់ថាត្រូវតែធ្វើការសន្យាអីចឹងទេ។
VOA៖ តើអង្គការក្នុងតំបន់ដើរតួនាទីយ៉ាងម៉េចខ្លះក្នុងការដោះស្រាយស្ថានភាពនយោបាយក្នុងប្រទេសហ្គំប៊ី?
អាប់ឌូរ៉ាម៉ាន់៖ អង្គការក្នុងតំបន់ដើរតួនាទីយ៉ាងសំខាន់ពីព្រោះបើពួកគេមិនសម្រេចថានឹងដាក់ទ័ពពេលគ្មានដំណោះស្រាយនយោបាយនោះគឺជេម៉េពិតជានឹងមិនចាកចេញទេពីព្រោះគាត់ចាកចេញនៅថ្ងៃដែលកងទ័ពមកដល់ក្នុងប្រទេសហើយ។ នេះគឺជាអ្វីដែលយើងកម្រនឹងឃើញថាកើតមានអីចឹងដែរ។ ប្រទេសសេណេហ្កាល់បានដើរតួនាទីយ៉ាងសំខាន់ព្រោះ ប្រទេសសេណេហ្កាល់គឺជាប្រទេសជិតខាងតែមួយគត់របស់ហ្គំប៊ី។ ពួកគេឆ្លៀតឱកាសនេះដោយសារតែពួកគេបានចោទលោកជេម៉េថាបានគាំទ្រក្រុមបះបោរនៅផ្នែកខាងត្បូងប្រទេស។ ដូច្នេះនេះគឺជាឱកាសដែលជំរុញមេដឹកនាំក្នុងតំបន់ថាយើងត្រូវតែបណ្តេញបុគ្គលនេះចេញពីអំណាចដើម្បីអាចមានសន្តិភាពនៅក្នុងតំបន់។
VOA៖ សូមអរគុណលោកអាប់ឌូរ៉ាម៉ាន់ ឌៀ ដែលបានផ្តល់សម្ភាសនេះដល់វីអូអេខេមរភាសា។
អាប់ឌូរ៉ាម៉ាន់៖ បាទមិនអីទេ!