ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ជាប់ឆ្នោត​ហ្គំប៊ី​ស្បថ​ចូល​កាន់​តំណែង ខណៈ​លោក Jammeh មិន​ព្រម​ចុះ​ចេញ​ពី​តំណែង


ប្រធានាធិបតី​ជាប់​ឆ្នោត​ហ្គំប៊ី លោក Adama Barrow បក់​ដៃ​ទៅ​អ្នក​គាំទ្រ​បន្ទាប់​ពី​បាន​ស្បថ​ចូល​តំណែង​នៅ​ស្ថានទូត​ហ្គំប៊ី​ប្រចាំ​ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតី​ជាប់​ឆ្នោត​ហ្គំប៊ី លោក Adama Barrow បក់​ដៃ​ទៅ​អ្នក​គាំទ្រ​បន្ទាប់​ពី​បាន​ស្បថ​ចូល​តំណែង​នៅ​ស្ថានទូត​ហ្គំប៊ី​ប្រចាំ​ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​ជាប់​ឆ្នោត​ហ្គំប៊ី លោក Adama Barrow បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ស្ថានទូត​ហ្គំប៊ី​ក្នុង​ប្រទេស​សេណេហ្គាល់​ដែល​ជា​ប្រទេស​ជិតខាង ខណៈ​ដែល​មេដឹកនាំ​រយៈពេល​យូរ​របស់​ហ្គំប៊ី លោក Yahya Jammeh មិន​ព្រម​ចុះចេញ​ពី​តំណែង។

លោក Barrow បាន​និយាយ​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ​ថា «នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ប្រជាពលរដ្ឋ​ហ្គំប៊ី​នឹង​មិន​អាច​បំភ្លេច​បាន​ទេ​ក្នុង​មួយ​ជីវិត។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ប្រទេស​ហ្គំប៊ី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ១៩៦៥ ដែល​ហ្គំប៊ី​បាន​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​របស់​ខ្លួន​តាមរយៈ​ការបោះឆ្នោត»។

ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ កាល​ពី​ដើមឡើយ​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី Banjul នៃ​ប្រទេស​ហ្គំប៊ី។

លោក Barrow បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ។ លោក Jammeh ដែល​ធ្លាប់​ប្តេជ្ញា​ថា​នឹង​គ្រប់គ្រង​ប្រទេស​នេះ​រយៈពេល​១​ពាន់​ឆ្នាំ បាន​យល់​ព្រម​ទទួល​យក​លទ្ធផល​ចាញ់​ឆ្នោត​កាល​ពី​ដំបូង​ឡើយ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ប្ដូរ​ចិត្ត ដោយ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ការ​បោះឆ្នោត។

ប្រធានាធិបតី​ប្រទេស​ម៉ូរីស (Mauritius) លោក Ould Abdel Aziz បាន​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Jammeh បន្ទាប់​មក​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សេណេហ្គាល់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ដើម្បី​ជួប​ជាមួយ​នឹង​លោក Barrow។ លោក Aziz បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​មាន​សុទិដ្ឋិនិយម​ច្រើន​ជាង​មុន​ទៅលើ​លទ្ធផល​សន្តិវិធី​ក្រោយ​ពី​លោក​បាន​និយាយ​ជាមួយ​ភាគី​ទាំង​សង​ខាង​រួច​មក៕​

XS
SM
MD
LG