លោក ស៊ិន វត្ថា គ្រូបង្រៀនមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិជ្ជា កម្រិតអនុវិទ្យាល័យនិង វិទ្យាល័យនៅវិទ្យាល័យសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ចាត់ទុកការលុបឈ្មោះរូបលោកចេញពីក្របខណ្ឌគ្រូបង្រៀនជាការរើសអើងនយោបាយមួយ ដោយសារលោកជាសមាជិកគណបក្សជំទាស់។
ក្រសួងអប់រំបានលុបឈ្មោះលោក ស៊ិន វត្ថា អាយុ៣៨ ឆ្នាំ ប្រធានប្រតិបត្តិខេត្តបន្ទាយមានជ័យរបស់គណបក្សភ្លើងទៀន ចេញពីក្របខណ្ឌគ្រូបង្រៀន ក្រោមហេតុផលថា«មានកំហុសឆ្គងក្នុងវិជ្ជាជីវៈជាមន្រ្តីរាជការ»។ ប៉ុន្តែគ្រូបង្រៀនរូបនោះបានបដិសេធ។
ក្រោយក្រសួងអប់រំចេញសេចក្តីប្រកាសលុបឈ្មោះ លោក ស៊ិន វត្ថា បុគ្គលិកអប់រំបម្រើការងារនៅវិទ្យាល័យសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ គ្រូបង្រៀនរូបនោះអះអាងថាការលើកឡើងរបស់ក្រសួង មិនសមស្របដូចអ្វីដែលបានកើតឡើងឡើយ។
គ្រូបង្រៀនរូបនោះក៏បានចេញឃ្លីបវីដេអូមួយប្រមាណ៧នាទី បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃចន្ទនេះ។
លោកថ្លែងថា៖ «ការសម្រេចលុបឈ្មោះខ្ញុំចេញពីក្របខណ្ឌគ្រូបង្រៀននេះ គឺជាអំពើរើសអើងដែលត្រូវបានហាមឃាត់ដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយមាត្រា២៦ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា២៦៩»។
លោក ស៊ិន វត្ថា ប្រាប់វីអូអេថាមុនឈានដល់ការលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌក្រសួងអប់រំ លោកធ្លាប់ត្រូវបាននាយកសាលា និងប្រធានមន្ទីរអប់រំខេត្តតាមលួងលោមរូបលោកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធ។
លោកស្នើឱ្យក្រសួងអប់រំគួរតែសិក្សាបន្ថែមទៀតអំពីកំហុសរបស់លោកជុំវិញការបង្រៀន និងស្នើសុំក្របខណ្ឌជាគ្រូបង្រៀនរបស់លោកឡើងវិញ ដែលលោកបានបំពេញតាំងពីឆ្នាំ២០០៧។
លោកថ្លែងថា៖ «តែបងបង្រៀនគឺច្បាស់ហ្មង គឺថាសិស្សអត់មានទៅនិយាយក្រៅពីមេរៀនសីលធម៌ពលរដ្ឋទេ ហើយគ្រូៗក៏យើងមិនដែរ ទៅជិះជាន់ឈ្លីគ្នាឯង មានតែសេចក្តីល្អ អំពើល្អរបស់បងរស់នៅសុខសប្បាយជាមួយគ្នាមិនថា នាយក នាយកទាំងប៉ុន្មាន ក៏ដោយ ប្រធានមន្ទីរអីក៏ដោយ គឺជាបងប្អូនរបស់បងហ្នឹងជា អ្នកស្រឡាញ់គ្នាហ្នឹង គ្រាន់តែថាមាននិន្នាការខុសគ្នា»។
គ្រូបង្រៀនរូបនោះបញ្ជាក់ទៀតថា ទោះបីលោកចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀនក៏ដោយ ប៉ុន្តែមិនបានយកតួនាទីជាគ្រូបង្រៀនទៅពាក់ព័ន្ធនឹងការធ្វើនយោបាយមកលាយឡំក្នុងការបង្រៀនសិស្សនោះឡើយ។
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានបដិសេធមិនឆ្លើយតប នៅពេលវីអូអេទាក់ទងទៅ ដោយអះអាងថាខ្លឹមសារមាននៅក្នុងលិខិតបញ្ចប់តួនាទីមានអស់ហើយ។ លោកឱ្យអ្នកសារព័ត៌មានទាក់ទងទៅក្រសួងអប់រំវិញ។
សេចក្តីប្រកាសរបស់ក្រសួងអប់រំមិនបានបញ្ជាក់អង្គហេតុដែលនាំឱ្យក្រសួងបញ្ចប់ក្របខណ្ឌរបស់គ្រូបង្រៀនរូបនោះឡើយ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បាននៅឡើយទេ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វីអូអេថានេះជាករណីរើសអើងនយោបាយក្នុងវិស័យអប់រំនៅកម្ពុជា ដែលតែងតែកើតមានជាហូរហែ។
អ្នកស្រីថ្លែងថា៖ «ការដែលលុបឈ្មោះរបស់លោកគ្រូដែលគាត់មាននិន្នាការគណបក្សផ្សេងពីគណបក្សកាន់អំណាចនេះ ចាត់ទុកជាការរើសអើង ចាត់ទុកជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាហើយព្រោះអីក្នុងច្បាប់បានចែងច្បាស់ណាស់ថាបុគ្គលគ្រប់រូបមានសិទ្ធិក្នុងការបង្កើត ឬក៏មកចូលរួមសកម្មភាពផ្សេងៗណាមួយដែលខ្លួនចង់»។
អ្នកស្រីក៏ជំរុញឱ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធនានាគួរតែការអនុវត្តច្បាប់ដែលចែងស្រាប់ថាមនុស្សគ្រប់រូបមានសិទ្ធិចូលរួមធ្វើនយោបាយទៅតាមសិទ្ធិរបស់ពួកគេម្នាក់ៗ។
អ្នកស្រីបញ្ជាក់ថា៖ «ដូច្នេះអ្វីដែលជាទង្វើលុបឈ្មោះចេញពីក្របខណ្ឌក្រសួងអប់រំនេះហើយបញ្ជាក់ប្រាប់ថាប្រទេសកម្ពុជាយើងបាត់សិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពណាមួយក្រៅពីសកម្មភាពរបស់គណបក្សកាន់អំណាច ជាគណបក្សចាំផ្ទះនេះ យើងឃើញហើយថាជាច្រើនករណីហើយវាមិនមែនជាករណីលើកទីមួយទេ។ ច្រើនករណីហើយដែលជារឿងដដែល ធ្វើជាការគំរាមកំហែងអ្នកដែលមាននិន្នាការផ្ទុយពីគណបក្សរបស់គេ[គណបក្សកាន់អំណាច]»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៨ ក្រសួងអប់រំក៏បានបញ្ចប់តួនាទីគ្រូបង្រៀនចំនួន១៣នាក់ដែលបម្រើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដែលកាលនោះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចាត់ទុកការបណ្តេញចេញពីក្របខណ្ឌនេះ ជាការគុំគួនផ្នែកនយោបាយ ដោយសារបុគ្គលិកអប់រំទាំងនោះជាអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីចុងឆ្នាំ២០១៧៕