ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​៖ ការបែកបាក់គ្នា​គឺ​ជា​ហានិភ័យ​មួយ​ក្នុង​ចំណោម​ហានិភ័យ​ចម្បងៗ​ក្នុង​សកលលោក


និមិត្ត​សញ្ញា​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​យើងអាច​មើលឃើញ​តាមបង្អូច​នៃមជ្ឈមណ្ឌល​សន្និបាត​ដែលប្រារព្ធ​ជារៀងរាល់​ឆ្នាំនៅទីក្រុង​ Davos ប្រទេសស្វ៊ីស​(រូបថត​ថ្ងៃទី១៥​ ខែមករា​ ឆ្នាំ​២០១៧)។
និមិត្ត​សញ្ញា​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​យើងអាច​មើលឃើញ​តាមបង្អូច​នៃមជ្ឈមណ្ឌល​សន្និបាត​ដែលប្រារព្ធ​ជារៀងរាល់​ឆ្នាំនៅទីក្រុង​ Davos ប្រទេសស្វ៊ីស​(រូបថត​ថ្ងៃទី១៥​ ខែមករា​ ឆ្នាំ​២០១៧)។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ​ដែល​បង្ហាញ​ពី​និន្នាការ​ចម្បងៗ​ដែល​អាច​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍ​ជា​សកល​ក្នុង​រយៈពេល ​១០ឆ្នាំខាង​មុខ។ ក្រុម​អ្នក​ជំនាញ​ប្រមាណ​៧៥០រូប​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ចង​ក្រង​​របាយការណ៍​អំពី​ហានិភ័យ​​ជា​សកល​ឆ្នាំ២០១៧​នេះ។

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ ស្រប​ពេល​ជាមួយ​នឹង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​ដែល​បាន​ប្រារព្ធធ្វើ​ឡើង​នៅក្នុង​ទីក្រុងដាវ៉ូស ​នៃ​ប្រទេស​ស្វ៊ីស ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​ទៅ​នេះ​ដែរ។ របាយការណ៍នេះ បាន​សង្កត់​ធ្ងន់​លើ​អ្វី​ដែល​គេ​ហៅថា «សំណុំ​ស្មុគស្មាញ​នៃ​ហានិភ័យ​សង្គម​និង​សេដ្ឋកិច្ច​ ដែល​អាចបង្ក​ឲ្យ​មានការបែកបាក់​គ្នា​នៅ​ក្នុង​ពិភព​លោក»។

លោក ​Aengus Collins​ គឺជា​អ្នក​សរសេរ​របាយការណ៍​ស្តី​ពី​ហានិភ័យ​ជា​សកល​នេះ​។ លោកបាន​និយាយ​ថា ​វិសមភាព​ប្រាក់ចំណូល ​និង​ការ​បែកបាក់​គ្នា​ គឺ​ជា​កត្តា​ចម្បង​ក្នុង​ចំណោម​កត្តាធំៗ​បំផុត​ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ជា​សកល។

«ខ្ញុំ​គិតថា ក្នុង​បរិបទ​នៃ​ការវិវឌ្ឍ​នយោបាយ​មួយ​ចំនួន​ដែល​យើង​បាន​ឃើញ​កាល​ពី​ឆ្នាំ​២០១៦ គឺ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់ថា បញ្ហា​ទាំងនេះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយវា​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នកនយោបាយ​នៅទូទាំង​ពិភពលោក​ផង​ដែរ។ ខ្ញុំ​យល់​ថា​មនុស្ស​ជាច្រើន​ផ្តោត​យកចិត្តទុកដាក់​លើ​បញ្ហា​នយោបាយ​នៃ​បណ្តា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ ជាក់ស្តែង​បញ្ហា​នយោបាយ​ក្នុង​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស។ ប៉ុន្តែ​ការ​បែក​បាក់​គ្នា គឺ​ជា​បញ្ហា​ប្រឈម​ដែល​កំពុងតែ​រីកដុះដាល។ ខ្ញុំ​គិត​ថា​ឆ្នាំ២០១៦​គឺ​ជា​ការ​ភ្ញាក់រលឹក​មួយ»។

របាយការណ៍​នេះ ​ក៏​បានបង្ហាញ​ផង​ដែរ​ថា បញ្ហា​បរិស្ថាន​នឹង​«គ្របដណ្តប់​បញ្ហាធំ​ទាំង​អស់» ជា​ពិសេស ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ជា​ប្រវត្តិសាស្រ្ត​បាន​សម្រេច​ក្នុង​ទីក្រុង​ប៉ារីស។

«ឆ្នាំ​២០១៦​គឺ​ជា​ឆ្នាំ​ដ៏​វិជ្ជមានសម្រាប់​កសាង​ជំហាន​គោល​នយោបាយនៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​២០១៥ ​ប៉ុន្តែ​ស្ថានភាព​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រួចស្រាវ​នៅឡើយ។ ​បើ​ក្រឡេក​មើល​ទៅ​លើ​លទ្ធផល​នៃ​ការស្ទង់​មតិ​វិញ ​របាយ​ការណ៍​ហានិភ័យ​ជា​សកល​ឆ្នាំនេះ ​បាន​រំលេច​ពី​ការពិត​ដែល​ថា ហានិភ័យ​ចំនួន​បួន​នៃ​ហានិភ័យប្រាំ​ គឺ​ជា​ហានិភ័យ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ ដែល​វាស្ថិត​ក្នុង​កម្រិត​ដែល​អាច​កើត​មាន​ខ្ពស់ហើយ​ក៏មាន​ផលប៉ះពាល់​ខ្ពស់​ដែរ។ ហានិភ័យ​បរិសា្ថន​ ពិត​ជា​ហានិភ័យ​ដែល​លេច​ធ្លោខ្លាំង​ក្នុង​ឆ្នាំនេះ​ដែលមិន​ធ្លាប់​មាន​ពីមុន​មក»។

លោក ​Aengus Collins​ បាន​បញ្ជាក់​ថា​ ហានិភ័យ​ជា​សកល​ទាំងឡាយ​គឺ​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​និង​កាន់​តែ​ប្រទាក់​ក្រឡា​គ្នា​កាន់​តែ​ខ្លាំង។

«យើង​ទាំងអស់​គ្នា​មើល​ឃើញ​បញ្ហា​នេះ​ដូចគ្នា។ ខ្ញុំ​គិត​ថា​បច្ចេកវិទ្យា​គឺ​ជា​បញ្ហា​គន្លឹះ​។ ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ទៅលើ​សេដ្ឋកិច្ច​តាមរយៈ​ទីផ្សារ​ការងារ​ គឺ​កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ដល់​សង្គម​និងនយោបាយ​យ៉ាងខ្លាំង​។ ខ្ញុំ​គិត​ថា​ យើង​ក៏​គួរ​តែ​សង្កេត​មើល​លើ​ភូមិសាស្ត្រ​នយោបាយ​ ផលប៉ះពាល់​នៃ​ហានិភ័យ​កត្តា​បរិស្ថាន​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ និង​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ ដែល​ជា​ការលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ទៅ​លើភូមិសាស្ត្រ​នយោបាយ​ផង​ដែរ»។

លោក Collins ​បាន​ថ្លែង​ថា ​ហានិភ័យ​បែបនេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​ធ្វើ​ការសម្រប​ខ្លួន​ឲ្យបានឆាប់រហ័ស​ទៅ​នឹង​ស្ថានភាព​ថ្មីៗ។

«នៅ​ពេល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នាបែប​នេះ រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ឬ​ផ្នែក​ជំនួញ​តែ​ម្នាក់​ឯង​មិន​អាចដោះស្រាយ​បញ្ហាថ្មី​ៗ​នេះ​ទេ។ វា​តម្រូវ​ឲ្យ​មាន​ការដោះស្រាយឲ្យ​បាន​លឿន ដោយ​ប្រើប្រាស់​វិធីសាស្រ្ត​ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ នេះ​គឺ​ជា​ផ្នែក​ធំ​មួយ​នៃ​អ្វី​ដែល​វេទិកា​នេះ​កំពុង​ធ្វើ​»។

លោក Collins ​និយាយ​ថា​ «ប្រធាន​បទ​សំខាន់» នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​នេះ គឺ​ «ភាព​ជា​អ្នកដឹកនាំ​ដែល​ឆ្លើយ​តបទៅ​នឹង​បញ្ហា​ទាន់​ពេល​វេលា​និង​មាន​ការ​ទទួលខុស​ត្រូវ»។

របាយការណ៍​នេះ​បាន​ព្រមាន​ពីហានិភ័យ​នៃ​អ្វីដែល​របាយការណ៍​នេះ​ហៅ​ថា​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន ដែល​រួម​មានការប្រើប្រាស់​មនុស្ស​យន្ត​និង​ភាពវ័យឆ្លាត​សិប្បនិម្មិត​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ ឆាយ គីមហ៊ង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG