រដ្ឋាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានសន្យាផ្តល់ថវិកាចំនួន១០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីសាងសង់អគារទីស្តីការក្រសួងការពារជាតិ ខណៈរដ្ឋាភិបាលកម្ពុជាត្រៀមសម្ពោធវិមានឈ្នះ-ឈ្នះ ដែលអាចមានតម្លៃរាប់លានដុល្លារ តែមិនមានការបញ្ចេញឲ្យដឹងពីតម្លៃនៃការសាងសង់។
នៅរសៀលថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក អមដោយរូបភាព អំពីជំនួបទ្វេភាគីរវាងលោកនិងរដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich)។ រដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) កំពុងបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជាជាទី ដែលលោកគ្រោងជួបប្រមុខរដ្ឋសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្នុងសារនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់តាមន័យដើមថា៖
«លោក Ngo Xuanlich ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាមបានផ្តល់ថវិកាចំនួន១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយធ្វើការសាងសង់នូវអគារទីស្តីការក្រសួងការពារជាតិកម្ពុជាផងដែរ។ ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីសម្តែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាម»។
យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់លម្អិតអំពីគម្រោងនៃការសាងសង់អគារទីស្តីការក្រសួងការពារជាតិនោះទេ ហើយលោកក៏មិនបានបញ្ជាក់ថា តើការផ្តល់ថវិកា១០លានដុលា្លរពីរដ្ឋាភិបាលវៀតណាមសម្រាប់ឲ្យកម្ពុជាសាងសង់អគារទីស្តីការក្រសួងការពារជាតិនោះ គឺជាការស្នើសុំរបស់កម្ពុជា ឬជាការផ្តល់ដោយឯកឯងពីរដ្ឋាភិបាលវៀតណាមនោះទេ។
ការផ្តល់ជំនួយរបស់ប្រទេសកុម្មុយនិស្តវៀតណាមបានធ្វើឡើង មិនប៉ុន្មានសប្តាហ៍ក្រោយទស្សនកិច្ចដ៏កម្រររបស់ព្រះមហាក្សត្រខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសំខាន់ៗរបស់លោក ទៅកាន់ប្រទេសក្បែរខាងកម្ពុជា និងក្រោយមានព័ត៌មានស្តីពីវត្តមានមូលដ្ឋានកងទ័ពជើងទឹកនៃប្រទេសចិនក្នុងខេត្តកោះកុង ដែលរដ្ឋាភិបាលកម្ពុជាហៅថា «ព័ត៌មានក្លែងក្លាយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លោកមិនទាន់ទទួលបានព័ត៌មានណាមួយ ពាក់ព័ន្ធនឹងការផ្តល់ថវិកាដើម្បីសាងសង់អគារទីស្តីការក្រសួងការពារជាតិនោះទេ។
ការផ្តល់ថវិកា១០លានដុល្លារដើម្បីសាងសង់អគាររដ្ឋសំខាន់ក្នុងក្រសួងការពារជាតិនេះ ធ្វើឡើងខណៈដែលកម្ពុជាកំពុងត្រៀមសម្ពោធវិមាន ឈ្នះ-ឈ្នះ ដែលជាសំណង់មិនត្រូវបានបញ្ចេញពីចំនួនទឹកប្រាក់ក្នុងការសាងសង់ តែត្រូវបានប៉ាន់ស្មានថាអាចចំណាយអស់រាប់លានដុល្លារ។ ការសម្ពោធវិមានឈ្នះ-ឈ្នះ ដែលត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា តំណាងឲ្យការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជានេះ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសៅរ៍នេះតទៅ។
លោក មាស នី អ្នកស្រាវជ្រាវពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថាការទទួលយកជំនួយពីបរទេសក្នុងការសាងសង់អគាររដ្ឋសំខាន់ៗ អាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងហានិភ័យក្នុងការគ្រប់គ្រងការការពារជាតិ។
លោកបញ្ជាក់ថា៖
«បើសិនជាប្រទេសគេដែលមានអធិបតេយ្យភាពត្រឹមត្រូវ គេមានការប្រុងប្រយ័ត្នណាស់រឿងអ៊ីចឹងៗ។ ប៉ុន្តែយើង យើងមិនដឹងថាតើទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហើយនឹងវៀតណាមហ្នឹង មានទំនាក់ទំនងតាមបែបជាឪពុកម្តាយ តាមបែបមិត្តភក្តិ ឬក៏តាមបែបចៅហ្វាយនាយ យើងអត់ដឹងទេ។ ក៏បុន្តែបើសិនជាយើងបណ្តោយឲ្យគេសាងសង់តែនៅកន្លែងសំខាន់ៗ ហើយជួយតែកន្លែងសំខាន់ៗ ដូចជាប្រព័ន្ធទំនាក់ទំនងផ្នែកទូរស័ព្ទអីទាំងអស់ហ្នឹង អាហ្នឹងបានន័យថា យើងហាក់ដូចជាហុចដងដាវឲ្យគេខ្លាំងពេក»។
លោក មាស នី បន្ថែមថា កម្ពុជាគួរមានភាពរឹងមាំ និងទទួលខុសត្រូវលើការសាងសង់អគាររដ្ឋសំខាន់ៗដោយខ្លួនឯង។
លោកមានប្រសាសន៍ថា៖
«រដ្ឋបាលកម្ពុជាគួរតែគិតអំពីកិត្តិយសខ្លួនឯងខ្លះផង កុំឲ្យជួនកាលរឿងខ្លះ តែ១លាន ២លាន ឬ៧-៨សែនដុល្លារ ក៏យើងសុំពីគេដែរ ក៏យើងយកជំនួយពីគេដែរ អាហ្នឹងវាហាក់ដូចជាមិនបានគិតពីកិត្តិយសខ្លួនឯង។ កុំឲ្យតែគេឲ្យមកយើងចេះតែយកដោយពុំបានមើលអំពីថាតើ តើការយកហ្នឹងវាអាចខូចទៅដល់ប្រយោជន៍មុខមាត់របស់សង្គមជាតិ វាអាចខូចមុខមាត់រដ្ឋាភិបាលជាមួយពលរដ្ឋខ្លួនឯងយ៉ាងម៉េចនោះ អាហ្នឹងសុទ្ធតែជារឿងដែលរដ្ឋាភិបាលត្រូវពិចារណាផងដែរ»។
កន្លងមករដ្ឋាភិបាលវៀតណាមតែងផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់អគាររដ្ឋសំខាន់ៗនៅកម្ពុជា។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួនជិត១៧ម៉ឺនដុល្លារអាមេរិក (១៦៧,៧០០ដុល្លារអាមេរិក) ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីយកទៅសាងសង់អគារវិទ្យាស្ថានពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីកម្ពុជា។
នៅខែកក្កដាឆ្នាំ២០១៧ វៀតណាម ក៏បានផ្តល់ថវិកាចំនួន២៥លានដុល្លារ ដើម្បីសាងសង់អគាររដ្ឋបាលរដ្ឋសភាជាតិកម្ពុជា។ ហើយនៅខែសីហា ឆ្នាំ២០១៧ វៀតណាមបានផ្តល់ជំនួយឲ្យកម្ពុជា ៣លានដុល្លារ ដើម្បីសាងសង់មណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុជាដើម៕