កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃច័ន្ទនេះថាខ្លួនបានហាមប្រាមបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសជប៉ុន មិនឲ្យទទួលទានគ្រឿងស្រវឹងនិងបានរឹតត្បិតសកម្មភាពនៅខាងបន្ទាយ ក្រោយពីទាហានជើងទឹកម្នាក់នៅលើកោះ Okinawa ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថាបានបើកបរដោយស្រវឹងស្រា។
កងទ័ពជើងទឹកអាមេរិកបានរងសម្ពាធកាន់តែខ្លាំងឡើងនៅលើកោះ Okinawa ដោយសារពលរដ្ឋដែលរស់នៅកោះនោះ កំពុងតែអំពាវនាវឲ្យដកមូលដ្ឋានទ័ពអាមេរិកចេញពីទីនោះក្រោយពីមានការផ្សព្វផ្សាយឧបទ្ទវហេតុធ្ងន់ធ្ងរជាច្រើននៅលើទំព័រមុខ ពាក់ព័ន្ធនឹងបុគ្គលិកអាមេរិកនៅមូលដ្ឋានទ័ពនោះក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
ឧបទ្ទវហេតុថ្មីបំផុតដែលបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ គឺការចាប់ខ្លួនព្រឹន្ទបាលទោ Aimee Mejia ក្រោយពីនាងត្រូវបានចោទប្រកាន់ថា បានបើកបរបញ្ច្រាសទិសលើផ្លូវធំមួយហើយក៏បុកគ្នា ជាមួយរថយន្តពីរគ្រឿងទៀតដោយបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសស្រាល យោងតាម អ្នកនាំពាក្យនគរបាលឈ្មោះ Takashi Shirado ។
ក្រោយពីឧបទ្ទវហេតុបើកបរទាំងស្រវឹងនេះ ទាហានជើងទឹកអាមេរិកដែលស្ថិតនៅទូទាំងប្រទេសជប៉ុន ត្រូវបានហាមប្រាមមិនឲ្យទទួលទានគ្រឿងស្រវឹងជាដាច់ខាត យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់កងទ័ពជើងទឹកអាមេរិក៕