ក្រុមអ្នកវិភាគនិងអ្នកធ្វើអត្ថាធិប្បាយក្នុងប្រទេសហ្វីលីពីន និយាយថាប្រធានាធិបតី Rodrigo Duterte កំពុងបង្វែរគោលនយបាយការបរទេសរបស់ប្រទេសនេះឆ្ពោះទៅកាន់និទានកថាជាតិនិយមជាងមុន ដែលមានលក្ខណៈប្លែកពីពួកមេដឹកនាំហ្វីលីពីន កាលពីពេលមុនៗ។
ភ័ស្តុតាងនៃរបៀបដោះស្រាយរបស់លោក Duterte មានឡើងនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងកាលពីថ្ងៃចន្ទនៅពេលលោកបានអំពាវនាវឱ្យមានការដកពួកទីប្រឹក្សាយោធាស.រ.អា.ចេញពីតំបន់ Mindanao នាប៉ែកខាងត្បូងប្រទេសដែលនៅទីនោះពួកទាហានហ្វីលីពីន កំពុងប្រយុទ្ធប្រឆាំងពួកបះបោរកាន់សាសនាឥស្លាមជ្រុលនិយម។ កងកម្លាំងពិសេសស.រ.អា.បានឋិតនៅក្នុងតំបន់នោះដើម្បីជួយក្នុងកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មចាប់តាំងពីឆ្នាំ២០០២មក។
លោក Duterte បាននិយាយថា៖ «ដរាបណាយើងឋិតជាមួយអាមេរិក យើងនឹងគ្មានសន្តិភាពដាច់ខាតនៅ Mindanao។ យើងប្រហែលឈប់ធ្វើដូចនេះហើយ»។លោកបានថ្លែងថា លោកចង់សើរើគោលនយោបាយការបរទេសយូរមកហើយ ក៏ប៉ុន្តែលោកមិនអាចធ្វើបានទេពីព្រោះលោក «មិនចង់មានការបែកបាក់ជាមួយប្រទេសអាមេរិកទេ»។ លោក Duterte បាននិយាយថា ក៏ប៉ុន្តែពួកទាហានអាមេរិកាំងត្រូវតែទៅ ដោយលោកបានព្រមានថា ប្រសិនបើពួកអាមរិកាំងមានវត្តមាននៅក្នុងតំបន់នោះ ពួកគេនឹងត្រូវចាប់ជាចំណាប់ខ្មាំងឬត្រូវសម្លាប់ថែមទៀតផង»៕