លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថាអំពីការសម្លឹងឆ្ពោះទៅអនាគតទៅកាន់ប្រជាជនវៀតណាមថា ប្រជាជនវៀតណាម និងប្រជាជនអាមេរិកាំង «ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនមកជាមួយគ្នាអស់រយៈពេល១០០ឆ្នាំមកហើយ»។
ក្នុងសុន្ទរកថាផ្ដោតលើប្រធានបទជាច្រើនដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិក្រុងហាណូយកាលពីថ្ងៃអង្គារកន្លងទៅនេះ ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានលើកពីបញ្ហាសិទ្ធិមនុស្សដែលជាប្រធានបទរសើបផងដែរ។
លោក អូបាម៉ា ក៏បានសង្កត់ធ្ងន់ផងដែរថា សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី និងសិទ្ធិសេរីភាពសារព័ត៌មាន ក៏ដូចជាសិទ្ធិក្នុងការប្រមូលផ្តុំ គឺសុទ្ធតែមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម។ លោកក៏បានថ្លែងអំពីការបើកឱកាសឲ្យបេក្ខជនដែលមកពីគណបក្សផ្សេងក្រៅពីគណបក្សកុម្មុយនិស្ត ឲ្យចូលរួមដំណើរការនយោបាយក្នុងប្រទេសវៀតណាមផងដែរ។
លោក អូបាម៉ា បានមានប្រសាសន៍ដោយផ្ទាល់ថា៖ «តាមគំនិតរបស់ខ្ញុំ ការប្រកាន់ខ្ជាប់សិទ្ធិមនុស្សទាំងអស់នេះ នឹងមិនគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសនោះទេ»។
មានអ្នកទោសនយោបាយប្រមាណ១០០នាក់កំពុងត្រូវបានជាប់ឃុំនៅក្នុងប្រទេសវៀតណាម ហើយមានការឃាត់ខ្លួនជាបន្តបន្ទាប់ដែលការឃាត់ខ្លួនចុងក្រោយនោះ គឺទើបតែកើតឡើងកាលពីសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងទៅតាមក្រុមសកម្មជននានា។
នៅមុនពេលថ្លែងសុន្ទរកថានាថ្ងៃអង្គារនេះ លោក អូបាម៉ា បានជួបជាមួយសមាជិកក្រុមសង្គមស៊ីវិលវៀតណាម៦នាក់ ហើយលោកបានមានប្រសាសន៍ទៅកាន់ពួកគេថាមាន «ចំណុចគួរឲ្យបារម្ភខ្លាំងមួយចំនួន» ជុំវិញបញ្ហាសេរីភាពនយោបាយ ហើយលោកសម្ដែងការកោតសរសើរចំពោះជនជាតិវៀតណាមទាំងនោះដែល «ហ៊ានបញ្ចេញមតិរបស់ពួកគេ»។
លោក អូបាម៉ា ក៏បានទទួលស្គាល់ផងដែរពីសេចក្តីរាយការណ៍ដែលថា មានសកម្មជនជនជាតិវៀតណាមមួយចំនួនទៀតដែលត្រូវបានរារាំងមិនឲ្យជួបលោកកាលពីថ្ងៃអង្គារ។
ដោយមិនបញ្ចេញឈ្មោះប្រទេសចិន លោក អូបាម៉ា បានរំឭកសារជាថ្មីម្ដងទៀតអំពីសិទ្ធិក្នុងការធ្វើនាវាចរណ៍ដោយសេរី និងបានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរគាំទ្រសិទ្ធិនាវាចរណ៍នោះចំពោះប្រទេសដទៃទៀតផងដែរ។
លោកប្រធានាធិបតីអាមេរិក បានមានប្រសាសន៍បន្ថែមទៀតថា៖ «ប្រទេសធំមិនគួរសន្សំរឿងជាមួយប្រទេសតូចជាងខ្លួននោះទេ»។
ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់លោក អូបាម៉ា កាលពីថ្ងៃច័ន្ទនេះ បានផ្ដល់ឲ្យប្រទេសវៀតណាមនូវកាដូដែលពួកគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះ គឺការដកទាំងស្រុងនូវទណ្ឌកម្មនាំចូលគ្រឿងសព្វាវុធ។
លោក អូបាម៉ា បានបដិសេធថា ការដកទណ្ឌកម្មនាំចូលគ្រឿងសព្វាវុធនេះ មិនទាក់ទងនឹងការកើនឡើងនៃក្តីបារម្ភអំពីសកម្មភាពយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ។
អ្នកវិភាគមួយចំនួនយល់ឃើញខុសពីនេះ។
លោក Murray Hiebert អ្នកប្រឹក្សាជាន់ខ្ពស់កម្មវិធីសិក្សាតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ បានប្រាប់ VOA ថា៖ «ការសម្រេចចិត្តរបស់លោកប្រធានាធិបតីនេះ បានជំរុញឲ្យដំណើរការនៃការធ្វើឲ្យមានចំណងទាក់ទងធម្មតារវាងប្រទេសដែលជាអតីតសត្រូវនឹងគ្នានេះ ខិតទៅមុខបានមួយកម្រិតទៀត ហើយថែមទាំងផ្ដល់ឲ្យប្រទេសវៀតណាមនូវគ្រឿងការពារខ្លួនដើម្បីតតាំងជាមួយនឹងភាពគឃ្លើនដែលចេះតែកើនឡើងរបស់ប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង»។
កាសែតចិនឈ្មោះថា Global Times ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តបានសរសេរនៅក្នុងច្បាប់ចេញផ្សាយរបស់ខ្លួននៅថ្ងៃអង្គារថា ការលើកឡើងរបស់លោក អូបាម៉ា ដែលថាការដកទណ្ឌកម្មនាំចូលគ្រឿងសព្វាវុធនៅវៀតណាម មិនជាប់ពាក់ព័ន្ធនឹងការឃុំចិននោះ គឺជាការភូតកុហក។
កាសែតដដែលនេះបន្តថា សហរដ្ឋអាមេរិក«កំពុងតែកេងចំណេញពីនយោបាយនៅវៀតណាមដើម្បីកកូរកកាយបញ្ហាសមុទ្រចិនខាងត្បូង»ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាខ្លួនមានអធិបតេយ្យភាព។
ប្រធានាធិបតីប្រទេសវៀតណាម លោក Tran Dai Quang បានមានប្រសាសន៍នៅឯពិធីពិសាអាហារថ្ងៃត្រង់កាលពីថ្ងៃច័ន្ទកន្លងទៅនេះថា លោកមានការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់ «ទំព័រប្រវត្តិសាស្ត្ររកាំរកូសរវាងប្រទេសទាំងពីរ»។
ក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃអង្គារ លោក អូបាម៉ា ក៏បានរំឭកផងដែរ អំពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាម ដោយធ្វើការកត់សម្គាល់ការរំឭកវិញ្ញាណក្ខន្ធកងទ័ព និងជនស៊ីវិលវៀតណាមប្រមាណ៣លាននាក់ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាម។
លោកប្រធានាធិបតី ក៏បានស្ងើចសរសើរកិច្ចការរបស់លោករដ្ឋមន្ត្រីការបរទេស John Kerry ដែលជាអតីតយុទ្ធជនសម័យសង្គ្រាម ក្នុងការជួយឲ្យមានចំណងទាក់ទងធម្មតារវាងក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោន។ លោកប្រធានាធិបតីបានថ្លែងថា៖ «សង្គ្រាមដែលជាអ្នកបំបែកបំបាក់យើងនោះ ឥឡូវក្លាយជាប្រភពព្យាបាលការបែកបាក់នេះ។ ហើយការធ្វើទស្សនកិច្ចនេះ នឹងជួយធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំតទៅអនាគត»។
លោក Carl Thayer សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា ការដកទណ្ឌកម្មសព្វាវុធ នឹងអនុញ្ញាតឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ប៉ុន្តែ លោក Thayer បានលើកឡើងបន្ថែមថា ជាមួយនឹងការដកទណ្ឌកម្មនេះចេញដែលនាំឲ្យមានសហប្រតិបត្តិការនយោបាយនិងការទូតសម្រាប់ប្រទេសវៀតណាម បញ្ហាសិទ្ធិមនុស្សនៅតែជាធាតុគន្លឹះនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក។
លោក Thayer បានថ្លែងប្រាប់ VOA ថា «ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង គ្មានអ្វីផ្លាស់ប្ដូរនោះទេ។ ខណៈដែលទណ្ឌកម្មសព្វាវុធត្រូវបានដកចេញ ឥឡូវនេះវៀតណាមនឹងនៅតែមានគំនាបដដែល ដែលអ្នកទិញគ្រឿងសព្វាវុធចង់បានពីសហរដ្ឋអាមេរិក ហើយគោលនយោបាយដែលផ្សារភ្ជាប់ទៅនឹងសិទ្ធិមនុស្សរបស់អាមេរិកនៅតែមានដដែល»។
អត្ថប្រយោជន៍សម្រាប់ប្រទេសវៀតណាមដែលបានមកពីការផ្លាស់ប្ដូរនេះ មានន័យថា គឺជាការបញ្ចប់ការរើសអើងនយោបាយ។ ចំណែកឯសម្រាប់អាមេរិកវិញ វាគឺជាការដកចេញនូវឧបសគ្គដ៏ធំមួយពីក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ។
ប៉ុន្តែលោក Thayer បានលើកឡើងថា ក្នុងរយៈពេលខ្លីនេះ វៀតណាមនឹងត្រូវពឹងផ្អែកលើរុស្សី ដែលជាដៃគូរបស់វៀតណាមជាយូរណាស់មកហើយ ដើម្បីទិញគ្រឿងសព្វាវុធយោធាសំខាន់ៗ។
«គ្រឿងសព្វាវុធយោធាដ៏ទំនើបបំផុតរបស់វៀតណាម ដូចជា យន្តហោះចម្បាំង Su-30s នាវាចម្បាំងប្រភេទ Gepard និងនាវាមុជទឹកប្រភេទ Kilo គឺទិញពីរុស្សីទាំងអស់»។
ប៉ុន្តែ លោក Thayer រំពឹងថា ប្រទេសវៀតណាមនឹងទន្ទឹងរង់ចាំបច្ចេកវិទ្យាទំនាក់ទំនងដ៏ទំនើបពីអាមេរិក បច្ចេកវិទ្យាផ្កាយរណបនៅឆ្នេរសមុទ្រនិងការស៊ើបការណ៍សម្ងាត់ និងបច្ចេកវិទ្យាឈ្លបយកការណ៍ដើម្បីជួយដល់ការត្រួតពិនិត្យមើលដែនសមុទ្រ។
លោក Thitinan Pongsudhirak អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chulalongkorn បានពិពណ៌នាការដកទណ្ឌកម្មសព្វាវុធនេះថា ជាការឈានដល់គោលដៅសំខាន់មួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
លោក Thitinan បាននិយាយថា ប្រទេសទាំងពីរនេះមានតម្រូវការរៀងខ្លួនក្នុងការកសាងទំនាក់ទំនងនេះ។
លោកបានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖ «ប្រទេសវៀតណាមពិតជាត្រូវការសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងប្រទេសចិន ហើយស្របពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកចង់បន្សល់ទុកនូវកេរ្តិ៍ដំណែល ដែលលោក Obama បានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រឲ្យមានតុល្យភាពឡើងវិញរបស់លោក។ ហើយខ្ញុំគិតថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកពិតជាកំពុងតែបោះជំហានចូលទៅក្នុងតំបន់នេះ ជាពិសេសនៅផ្នែកដែនសមុទ្រ»។
ប៉ុន្តែ ចិនបានបង្កើនឥទ្ធិពលការទូតរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ថៃ និងឡាវ ដែលជាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន។ ហើយប្រទេសហ្វីលីពីន ក៏បានចូលរួមប្រជែងនឹងការទាមទារកាន់តែខ្លាំងជាងមុនរបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ ហើយប្រទេសនេះក៏បានទន្ទឹងរង់ចាំការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក។
លោក Thitinan បានមានប្រសាសន៍ដើមយ៉ាងដូច្នេះថា៖ «នេះមានន័យថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងស្ថិតនៅក្រោមសំពាធខ្លាំងជាងមុន ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលជាព្យាយាមបំបែកបំបាក់ប្រទេសនៅអាស៊ានបន្ថែមទៀត ដោយសាររដ្ឋាភិបាលក្រុងប៉េកាំងនឹងមានអារម្មណ៍ថា ខ្លួនកាន់តែមិនមានសុវត្ថិភាពពីដំណើរការវិវឌ្ឍន៍នយោបាយនេះ ដោយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនត្រូវបានបង្កើនឡើង ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមក៏ត្រូវបានបង្កើនឡើងដែរ។
លោក Tay បានថ្លែងប្រាប់ VOA ពីប្រទេសសិង្ហបុរីមកថា៖ «ក្នុងបរិបទនេះ អាស៊ានប្រឈមនឹងការបែកបាក់គ្នា ដោយការកាន់ជំហរកណ្ដាលរបស់អាស៊ានដែលមានប្រទេសជាសមាជិកទាំង១០នឹងត្រូវទន់ខ្សោយភា្លមៗ ហើយប្រទេសនីមួយៗនឹងក្លាយទៅជាប្រទេសរណបឲ្យប្រទេសមហាអំណាចមួយឬច្រើន»។
ស្របពេលដែលវៀតណាមគឺជាប្រទេសសមាជិកសំខាន់មួយនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬហៅថា TPP ដែលដឹកនាំដោយសហរដ្ឋអាមេរិក វៀតណាមក៏ពឹងផ្អែកលើចិនសម្រាប់ការវិនិយោគពាណិជ្ជកម្មនិងជំនួញផងដែរ ហើយចិនគឺជាដៃគូពាណិជ្ជកម្មនាំមុខគេរបស់វៀតណាម។
លោក Thitinan បានមានប្រសាសន៍ថា៖ «ចិនគឺជាប្រទេសជិតខាងដ៏ធំរបស់វៀតណាម ដែលវៀតណាមមិនអាចបង្ករឿងជាមួយបាននោះទេ។ ហើយខណៈពេលជាមួយគ្នានេះដែរ វៀតណាមកំពុងតែគាំទ្រដល់កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះ។ ដូច្នេះវៀតណាមបានបោះជើងចូលក្នុងដែនអាមេរិករួចហើយពេលនេះ ហើយស្របពេលជាមួយគ្នានេះដែរ វៀតណាមមិនប្រឆាំងជាមួយនឹងចិនដោយបើកចំហនោះទេ។ នេះគ្រាន់តែជាការលេងយុទ្ធសាស្ត្រភូមិសាស្ត្ររបស់វៀតណាមតែប៉ុណ្ណោះ»។
លោកប្រធានាធិបតី អូបាម៉ា បានបន្តធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដែលកាលពីមុនត្រូវបានគេស្គាល់ថាជាទីក្រុង Saigon ដែលនៅទីនោះសុន្ទរកថារបស់លោកបានងាកទៅផ្ដោតសំខាន់លើការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដានាយកក្រុមហ៊ុននិងសហគ្រិនវិញ៕
ប្រែសម្រួលដោយ ហឿន សុភ័ក្ត្រ និង ហុង ចិន្តា