នៅថ្ងៃអង្គារទី១៩ខែកុម្ភៈនេះ កម្ពុជាប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏មានសារៈសំខាន់មួយនៃព្រះពុទ្ធសាសនា ដោយមានការសូត្រធម៌ បួងសួង និងមានការចូលរួមពីសំណាក់ពុទ្ធសាសនិករាប់ម៉ឺននាក់នៅតាមវត្តអារាមនានានៅទូទាំងប្រទេស។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រសួងបានចេញសារាចរផ្សព្វផ្សាយដើម្បីបង្កើនចំនួនពលរដ្ឋកាន់ពុទ្ធសាសនាចូលរួមក្នុងពិធីបុណ្យមាឃបូជានេះ។
អ្នកនាំពាក្យរូបនេះក៏បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន និងបច្ចេកវិទ្យាកាន់តែជឿនលឿនជាចលករមួយជំរុញឲ្យពលរដ្ឋ ជាពិសេសយុវជន យល់ដឹងកាន់តែច្រើនអំពីពុទ្ធសាសនា។
លោកមានប្រសាសន៍ថា៖
«សម័យមុនយើងសិក្សាតាមបែបតមាត់ អីអ៊ីចឹងទៅ! ក្មេងៗសួរចាស់ៗអីអ៊ីចឹងទៅ! សម័យបច្ចុប្បន្ននេះគឺមានគម្ពីរស្រាវជ្រាវ មានប្រព័ន្ធផ្សព្វផ្សាយ។ ព្រះពុទ្ធសាសនាយើងក៏មានការបញ្ចូលព័ត៌មានហ្នឹងតាមបណ្តាញសង្គមនានាហ្នឹង ដើម្បីផ្សព្វផ្សាយ។ វិទ្យុ ទូរទស្សន៍ក៏យើងបានផ្សព្វផ្សាយ។ អ៊ីចឹងការយល់ដឹងរបស់យុវជន ជាពិសេសនាសម័យនេះ គឺមានកម្រិតខ្ពស់ បើយើងវាយតម្លៃទៅលើការយល់ដឹងពីពុទ្ធសាសនានោះ»។
នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីតួនាទីសំខាន់របស់ព្រះពុទ្ធសាសនានៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកក្នុងន័យដើមថា៖
«ព្រះពុទ្ធសាសនា មិនត្រឹមតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សិ្ថរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាអត្តសញ្ញាណជាតិទៀតផង»។
ចំណែកឯលោក ហេង សំរិន ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា បានដឹកនាំសមាជិកព្រឹទ្ធសភា រដ្ឋសភានិងក្រុមមន្ត្រីនៃរាជរដ្ឋាភិបាល ក៏ដូចជាពុទ្ធសាសនិក ប្រារព្ធពិធីបុណ្យមាឃបូជានៅព្រះសក្យ មុនីចេតិយ ភ្នំព្រះរាជទ្រព្យ ដែលគេស្គាល់ថាជា ភ្នំឧដុង្គ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលក្រុងភ្នំពេញ។
ពិធីបុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មីទី១៥កើត ខែមាឃ ដើម្បីរំឭកអំពីថ្ងៃដែលព្រះពុទ្ធបង្កើតព្រះពុទ្ធសាសនាឡើងនៅក្នុងមហាសន្និបាតមួយ កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជនៅប្រទេសឥណ្ឌា។ មហាសន្និបាតនេះមានការជួបប្រជុំភិក្ខុ១២៥០អង្គ ដែលមិនមានការណាត់ជួបទុកជាមុន ក្នុងរយៈពេល៩ខែ បន្ទាប់ពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង៕