ប្រទេសកម្ពុជានៅសប្តាហ៍នេះបានប្រកាសថ្កោលទោស និងសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាលនិងប្រជាជនស្រីលង្កា ជាពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះនៅក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី២១ មេសាកន្លងទៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែល VOA ទទួលបាន។
យ៉ាងហោចណាស់ មានមនុស្ស ២៩០ នាក់បានស្លាប់ ហើយជាង ៥០០ នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនកន្លែងក្នុងប្រទេសស្រីលង្កា នៅថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យ។ គ្រាប់បែកយ៉ាងហោចណាស់ចំនួន ៦ ត្រូវបានគេបំផ្ទុះកាលពីព្រឹកថ្ងៃអាទិត្យ នៅជាច្រើនកន្លែងខុសៗគ្នាក្នុងទីក្រុង Dehiwala និងទីក្រុង Dematagoda ក្នុងនោះមាន ៣ កន្លែងនៅវិហារគ្រិស្តសាសនា និង ៣ កន្លែងផ្សេងទៀតក្នុងសណ្ឋាគារ។ នេះបើយោងតាមរបាយការណ៍ដែល VOA ទទួលបាន។
ក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងសេចក្តីថ្លែងការណ៍ចេញកាលពីល្ងាចថ្ងៃអាទិត្យ និងចែកចាយឱ្យអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា៖
«រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហិង្សាដ៏សាហាវឃោរឃៅនេះ ហើយទង្វើបង្កឱ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឱ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់ឱនឲ្យជាដាច់ខាត។ ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងជ្រុលនិយមតាមគ្រប់ទម្រង់និងរូបភាព»។
ក្រសួងដដែលបានបញ្ជាក់បន្ថែមថា កម្ពុជានិងប្រជាជនកម្ពុជាមានជំហរសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនស្រីលង្កានៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឱ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឆាប់រហ័សឡើងវិញ៕