មន្ត្រីស្រីលង្កានិយាយថា មនុស្សជាង ២០០នាក់ បានត្រូវសម្លាប់ ហើយរាប់រយនាក់ទៀត បានរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅថ្ងៃបុណ្យ Easter នៅថ្ងៃអាទិត្យនៅវិហារគ្រិស្តសាសនានិងសណ្ឋាគារ។
ក្រុមមន្ត្រី និយាយទៀតថា មនុស្ស៧នាក់បានត្រូវចាប់ខ្លួននៅក្នុងការទាក់ទិនទៅនឹងការផ្ទុះនោះ។
ប្រទេសស្រីលង្កា បានដាក់បម្រាមគោចរ ដែលបានចូលជាធរមានភ្លាមៗ ហើយបានបិទបណ្តាញព័ត៌មានសំខាន់ៗ និងការបញ្ជូនសារតាម app ដើម្បីរារាំងការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម។
ការផ្ទុះចំនួន៦ បានត្រូវគេរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្ យនៅឯវិហារគ្រិស្តសាសនាចំនួន ៣ កន្លែង និងសណ្ឋាគារ ៣ កន្លែង។
ការផ្ទុះ២ទៀត បានត្រូវគេរាយការណ៍ បន្ទាប់ពីការផ្ទុះចំនួន៦ដំបូង ការផ្ទុះមួយនៅក្នុងទីក្រុង Dehiwala និងទីក្រុង Dematagoda នៅក្បែរដ្ឋធានី។
នាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា លោក Ranil Wicramesighe បានសម្តែងនូវការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖
«ខ្ញុំមើលឃើញការផ្ទុះនេះថាជាវិបត្តិដ៏ធំមួយ ដែលនឹងនាំប្រទេស និងសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្ពោះទៅកាន់អស្ថិរភាព។ខ្ញុំថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារទាំងនេះ ដែលដៅលើទីកន្លែងសាសនានិងសណ្ឋាគារប្រណិត។ យើងទាំងអស់គ្នាត្រូវតែលើកស្ទួយច្បាប់របស់ប្រទេស»។
ទីភ្នាក់ងារព័ត៌មាន Associated Press បានដកស្រង់សម្តីមន្ត្រីសន្តិសុខម្នាក់មកចុះផ្សាយថា ការផ្ទុះ២ អាចត្រូវបានធ្វើឡើង ដោយពួកអ្នកដាក់គ្រាប់បែកអត្តឃាត។
អាជ្ញាធរ និយាយថា វិហារគ្រិស្តសាសនាមួយឈ្មោះ Saint Anthony's និងសណ្ឋាគារទាំងអស់ដែលរងការវាយប្រហារដោយការផ្ទុះលើកទី១ ស្ថិតនៅក្នុងរដ្ឋធានី Colombo៕