នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានជ្រោយចង្វាទីមួយ ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ក្រោយពីបិទជួសជុលជាង១ឆ្នាំ។
ក្នុងសារមួយដែលចុះផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក លោក ហ៊ុន សែនក៏បានស្នើឲ្យអ្នកប្រើប្រាស់ស្ពាននេះគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ។
ការដាក់ឲ្យដំណើរការស្ពានប្រវត្តិសាស្ត្រឡើងវិញនេះ កើតមានឡើងមុនពីរខែនៃផែនការដែលបានគ្រោងទុក។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងកាលពីពេលកន្លងមកថា ការដ្ឋានសម្រាប់ជួសជុលស្ពានជ្រោយចង្វាទីមួយបានដំណើរការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ និងគ្រោងបញ្ចប់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរថាលោក ហ៊ុន សែន និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាទី១) បន្ទាប់ពីបានជួសជុលកែលម្អសោភ័ណភាព និងសុវត្ថិភាពរួចរាល់។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរក្នុងន័យដើមថា៖
«ស្ពានជ្រោយចង្វាទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ»។
លោក ហ៊ុន សែន បានស្នើអ្នកប្រើប្រាស់ស្ពានជ្រោយចង្វាទីមួយ ឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរលើស្ពានដែលទើបតែជួសជុលរួចហើយនេះ។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងន័យដើមថា៖
«សូមបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់ឲ្យនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានទេនៅថ្ងៃពុធនេះ។
ស្ពានជ្រោយចង្វាទីមួយ ត្រូវបានសាងសង់ឡើងដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុននៅឆ្នាំ ១៩៦៦ តែស្ពានដែលឆ្លងកាត់ទន្លេសាបមួយនេះ ធ្លាប់ត្រូវបានធ្វើឱ្យខូចខាតដោយសារសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧២ និងឆ្នាំ ១៩៧៣ នៅពេលក្រុមខ្មែរក្រហមដាក់គ្រាប់មីនផ្ដាច់ស្ពាននេះ។
ស្ពានដែលមានប្រវែង ៩៧១ម៉ែត្រ និងមានអាយុកាលប្រាំទសវត្សរ៍នេះ ត្រូវបានសាងសង់ឡើងវិញដោយប្រទេសជប៉ុននៅទសវត្សរ៍ ១៩៩០ ហើយក៏ត្រូវបានប្ដូរឈ្មោះដោយអតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ទៅជា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ដែលប្រជាជនទូទៅហៅថាស្ពានជ្រោយចង្វានេះ។
អ្នកឃ្លាំមើលដំណើរការអភិវឌ្ឍសង្គមកម្ពុជា បានលើកឡើងកាលពីពេលកន្លងមកថា ប្រទេសជប៉ុន បានបង្ហាញនូវសន្តានចិត្តល្អចំពោះប្រជាជនកម្ពុជា ព្រោះប្រទេសមហាអំណាចសេដ្ឋកិច្ចទីបីនៅក្នុងពិភពលោកនេះ បានផ្ដល់ជំនួយជាថ្មី ស្តារស្ពាននេះឡើងវិញ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាគួររៀបចំឲ្យមានវិធានការជួសជុលស្ពានដែលជាជំនួយឥតសំណងរបស់ប្រទេសជាមិត្តនានា ជាជាងរង់ចាំតែគេជួយ ដើម្បីបញ្ចៀសពីការរិះគន់។
រដ្ឋាភិបាលប្រទេសជប៉ុន បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ខ្លួនដើម្បីជួសជុលស្ពានជ្រោយចង្វាទីមួយនេះ៕