លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅព្រឹកថ្ងៃពុធនេះបានថ្លែងថា លោកនឹងឲ្យក្រសួងការពារជាតិកម្ពុជាពិនិត្យស្ថានភាពទាហានកម្ពុជា បម្រើការក្នុងបេសកកម្មអ.ស.បនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ។
លោកហ៊ុន សែនបន្ថែមថា ការណ៍នេះគឺ «ដើម្បីនឹងពិនិត្យមើលនូវចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំថាហេតុអ្វីបានជា បណ្តាលឲ្យមានព្រឹត្តិការណ៍បែបនេះកើតឡើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងដូច្នេះនៅក្នុងពិធីខួបទី១០ឆ្នាំនៃទិវាអតីតយុទ្ធជននៅរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោកហ៊ុន សែនគឺ ធ្វើឡើងនៅថ្ងៃដែលលោកអគ្គលេខាធិការអ.ស.បAntónio Guterres បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារដែលបានសម្លាប់ទាហានកម្ពុជាសរុប៤នាក់ របួសម្នាក់នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ សេចក្តីថ្លែងការណ៍របស់លោកអគ្គលេខាធិការអ.ស.បក៏និយាយដែរថា ទាហានម៉ារ៉ុកម្នាក់នៅបាត់ខ្លួននៅឡើយ។
សេចក្តីថ្លែងការណ៍នេះសរសេរថា លោកអគ្គលេខាធិការអ.ស.បថ្កោលទោសខ្លាំងក្លាចំពោះការវាយប្រហារក្រុមប្រឆាំង Balaka ដ៏គួរឲ្យសង្ស័យ ដែលវាយប្រហារមកលើក្បួនរថយន្តបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃច័ន្ទ។ លោកអគ្គលេខាធិការបានសម្តែងការចូលរួមរំលែកទុក្ខ ហើយបួងសួងឲ្យអ្នករបួសឆាប់បានជាសះស្បើយ។
លោកហ៊ុន សែននិយាយនៅថ្ងៃពុធនេះថា កម្ពុជានឹងមិនចុះចាញ់អំពើភេរវកម្ម ហើយនឹងមិនបញ្ឈប់ការចូលរួមចំណែកក្នុងបេសកកម្មរបស់អ.ស.ប ដោយសារតែគ្រោះថ្នាក់នេះទេ។
លោកហ៊ុន សែនបានបដិសេធព័ត៌មានតាមបណ្តាញសង្គម Facebook ដែលថា ទាហានកម្ពុជាត្រូវគេកាត់ក្បាលនោះ។ លោកបានព្រមានអ្នកប្រើប្រាស់ Facebook ឈ្មោះឡុង ឌីម៉ង់ ដែលបង្ហោះព័ត៌មានថា កងទ័ពមួកខៀវកម្ពុជាត្រូវគេកាត់ក្បាលនោះ។
«តែខ្ញុំនៅតែព្រមានចំពោះឡុង ឌីម៉ង់ ដែលបង្ហោះ Facebook នេះ ឲ្យដកចេញជាបន្ទាន់ ហើយក៏បញ្ជាឲ្យធ្វើការស្រាវជ្រាវ។ កងទ័ពកម្ពុជាមិនត្រូវបានកាត់ក្បាលនោះទេ»។
របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ បានចំនួនជាង៣.៥០០នាក់ដើម្បីទៅបំពេញបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនេះឯង៕