ពលករចំណាកស្រុក៖ បញ្ហារបស់កម្មករអាចជាឧបសគ្គសម្រាប់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីលំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់លំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ អ្នកជំនាញផ្នែកការងារលើកឡើងថា កម្មករកម្មការិនីរាប់សែននាក់ដែលកំពុងធ្វើការងារតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាប្រាក់ឈ្នួលទាប កង្វះការគាំពារសង្គម និងបញ្ហាផ្សេងៗទៀត។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានឲ្យវីអូអេថា កម្ពុជាអាចក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដោយមិនមានឧបសគ្គ លុះត្រាតែស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិតមានភាពប្រសើរឡើង៕