ពលករចំណាកស្រុក៖ ពលករខ្មែរកំពុងស្នើបន្តបណ្ណការងារនិងស្នាក់នៅក្នុងប្រទេសថៃ ខណៈអ្នកជំនាញបារម្ភពីការឆបោក
ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃដោយមានឯកសារមានចំនួនជាង ១ លាននាក់។ បើតាមក្រសួងការងារកម្ពុជា រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងរយៈពេល ២ ឆ្នាំបន្តទៀត។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុកនិងជាក្រុមការងារមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ពលករខ្មែរប្រមាណជា ៦ សែននាក់ កំពុងស្នើបន្តបណ្ណអនុញ្ញាតការងារនិងស្នាក់នៅក្នុងប្រទេសថៃនេះ ខណៈលោកបារម្ភថា ពលករអាចទទួលរងការឆបោកពីមេខ្យល់ជុំវិញការរៀបចំឯកសារ៕