ការពិភាក្សាពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃអង្គារទី៨ខែវិច្ឆិកា នេះត្រូវបានគេវាយតម្លៃថា នឹងមានលក្ខណៈប្រកៀកប្រកិតគ្នាហើយមានបញ្ហាចម្បងមួយចំនួនដែលអ្នកបោះឆ្នោតអាមេរិកាំងផ្តោតលើ។ បញ្ហាទាំងនោះមានអតិផរណា សិទ្ធិក្នុងការរំលូតកូន សន្តិសុខព្រំដែន អន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងការគ្រប់គ្រងអាវុធ។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង នៃវីអូអេ ពន្យល់សារៈសំខាន់នៃការបោះឆ្នោតនេះ តាមការផ្សាយ Facebook Live ដូចតទៅ៖
ការបោះឆ្នោតមុនពេលកំណត់មានការកើនឡើងក្នុងសហរដ្ឋអាមេរិក
ទោះបីថ្ងៃអង្គារទី៨ ខែវិច្ឆិកា នេះជាថ្ងៃបោះឆ្នោតផ្លូវការនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកក្តី ក៏ពលរដ្ឋអាមេរិកមានលទ្ធភាពអាចបោះឆ្នោតមុនកាលបរិច្ឆេទនេះ ដោយបោះឆ្នោតតាមប្រៃសណីយ៍ (vote by mail) ឬមកបោះឆ្នោតមុនពេលកំណត់ (early voting) ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានា។ នៅមុនថ្ងៃបោះឆ្នោតផ្លូវការនេះមានពលរដ្ឋអាមេរិកប្រមាណ៣៥លាននាក់ បានបោះឆ្នោតរួចទៅហើយ។ ចំណែកនៅរដ្ឋ Florida វិញ អាជ្ញាធរបានទទូចឱ្យពលរដ្ឋបោះឆ្នោតមុនថ្ងៃកំណត់ ដោយសារបារម្ភពីលទ្ធភាពមានខ្យល់ព្យុះនៅចំថ្ងៃបោះឆ្នោតផ្លូវការ៕
ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ឈានមកដល់ហើយនៅថ្ងៃអង្គារ ទី ៨ ខែវិច្ឆិកានេះ គ្រាដែលពលរដ្ឋអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក នាំគ្នាចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភា អភិបាលរដ្ឋ និងមន្ត្រីថ្នាក់មូលដ្ឋានជាច្រើនតំណែង។ សូមប្រិយមិត្តចូលទំព័រពិសេសដើម្បីទទួលព័ត៌មានថ្មីៗអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រង់នេះ៖ https://khmer.voanews.com/usmidterms2022
អាមេរិករៀបចំការបោះឆ្នោត ស្របពេលរបៀបវារៈលោក Biden ប្រឈមនឹងហានិភ័យ ហើយលោក Trump ហាក់ត្រៀមឈរឈ្មោះជាថ្មី
នៅថ្ងៃអង្គារនេះ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីដែលជាការបោះឆ្នោតមួយដែលអាចកំណត់អនាគតនយោបាយទាំងរបស់លោកប្រធានាធិបតី Joe Biden ផងនិងទាំងរបស់លោកអតីតប្រធានាធិបតី Donald Trump ផង។ គណបក្សប្រជាធិបតេយ្យរបស់លោក Biden កំពុងប្រឈមនឹងការប្រឹងប្រែងយ៉ាងលំបាកដើម្បីធ្វើយ៉ាងណាឱ្យបាននៅបន្តគ្រប់គ្រងសភា ចំណែកឯគណបក្សសាធារណរដ្ឋរបស់លោក Trump វិញ បានធ្វើយុទ្ធនាការខ្លាំងក្លាលើបញ្ហាចម្បងៗនានាដូចជាបញ្ហាអតិផរណានិងបញ្ហាឧក្រិដ្ឋកម្មជាដើម។ ព័ត៌មានលម្អិត