ក្រុមប្រឹក្សាឃុំសង្កាត់ទើបកាន់ដំណែងថ្មីគួរ «ធ្វើការដោយមិនរើសអើង មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម»
ក្រោយលទ្ធផលបោះឆ្នោតឃុំសង្កាត់ គណបក្សនយោបាយទាំង៩ បានព្រមទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់រៀងៗខ្លួន។ នៅក្នុងចំណោមកៅអីក្រុមប្រឹក្សាសរុប ១១.៦២២ មានគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ គណបក្សប្រជាជនទទួលបានតំណែងមេឃុំស្ទើរតែទាំងអស់ ដែលមានចំនួន ១៦៤៨ ឃុំសង្កាត់ ឯគណបក្សភ្លើងទៀនទទួលបានតែ៤ឃុំទេ គឺ ឃុំចំណារលើ ឃុំដូង និងឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំផ្តៅជុំ នៅខេត្តកំពង់ចាម។ ក្នុងបទសម្ភាសនៃកម្មវិធីហេឡូវីអូអេនេះ លោកប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា បើក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបនឹងឡើងតំណែងថ្មីៗនេះ ធ្វើការដោយមិនរើសអើង មិនប្រកាន់បក្ខពួក និងធ្វើការងារជាក្រុម នោះពួកគេនឹងជាធនធានដ៏ប្រសើរសម្រាប់ជួយដល់ប្រជាពលរដ្ឋ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី១៨ ខែកក្កដា ឆ្នាំ២០២២)