បទសម្ភាសន៍ VOA៖ ពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ
នៅថ្ងៃទី៣ ខែមេសានេះ ទីក្រុងខ្មែរ ឬ Cambodia Town ដែលស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California នឹងរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្បវប្បធម៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទីមួយ បន្ទាប់ពីមានជំងឺកូវីដ១៩។ កម្មវិធីក្បួនដង្ហែ និងបុណ្យវប្បធម៌នេះ ក៏មានបំណងឲ្យពលរដ្ឋខ្មែរជួបជុំគ្នាប្រារព្ធពិធីបុណ្យ ដែលជាប្រពៃណីរបស់ខ្មែរ និងចែករំលែកភាពសប្បាយជាមួយគ្នា បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអេ បានសម្ភាសអ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរអំពីពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរនេះ៕