បទសម្ភាសន៍ VOA៖ បទពិសោធន៍ឆ្លងកាត់សង្គ្រាមរបស់កុមារខ្មែរម្នាក់ ត្រូវបានសម្តែងនៅក្នុងល្ខោនរឿង Four Children ឬកុមារបួននាក់
សៀវភៅដែលមានចំណងជើងថា When Broken Glass Floats ឬជាភាសាខ្មែរថា «នៅពេលអំបែងអណ្តែត» និពន្ធដោយស្រ្តីខ្មែរអាមេរិកាំងម្នាក់គឺ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែលជាជនរងគ្រោះពីរបបខ្មែរក្រហម ត្រូវបានដកស្រង់យកធ្វើជាការសម្តែងល្ខោន រួមជាមួយនឹងសៀវភៅបីក្បាលទៀត ដែលរៀបរាប់អំពីបទពិសោធន៍របស់កុមារ៤នាក់ឆ្លងកាត់សង្គ្រាមនៅប្រទេសផ្សេងៗគ្នា។ ល្ខោនដែលមានចំណងជើងថា Four Children ឬជាភាសាខ្មែរថា «កុមារបួននាក់» ត្រូវបានសម្តែងកាលពីពាក់កណ្តាលខែតុលានៅក្នុងទីក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអេ បានសម្ភាសអ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បន្ទាប់ពីអ្នកស្រី បានត្រឡប់មកពីការចូលរួមទស្សនាការសម្តែងល្ខោននេះ កាលពីចុងខែតុលាកន្លងទៅ។ នៅក្នុងបទសម្ភាសន៍នេះ អ្នកស្រីបានរៀបរាប់អំពីអារម្មណ៍រំភើបអស្ចារ្យ រួមជាមួយនឹងការរំជួលចិត្ត នៅអំឡុងពេលដែលតួអង្គ ដែលសម្តែងជាអ្នកស្រី ដែលពេលនោះទើបមានវ័យ៨ទៅ៩ឆ្នាំ និងបាននាំអារម្មណ៍របស់អ្នកស្រីហាក់វិលត្រឡប់ទៅក្នុងទិដ្ឋភាពនាសម័យនោះវិញ៕