ការស្នើឲ្យប្ដូរឈ្មោះមូលដ្ឋានទ័ពគឺជារឿងចុងក្រោយបង្អស់នៅក្នុងជម្លោះវប្បធម៌នៅអាមេរិក
កិច្ចខិតខំប្រឹងប្រែងមួយដើម្បីដកឈ្មោះក្រុមមេដឹកនាំនៃអតីត Confederacy ចេញពីឈ្មោះមូលដ្ឋានយោធាសហរដ្ឋអាមេរិក កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកតំណាងរាស្ត្រពីគណបក្សនយោបាយទាំងពីរ ដែលបង្កឲ្យមានការប៉ះទង្គិចជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ Confederacy គឺជាបណ្ដុំរដ្ឋចំនួន ១១ នៅសហរដ្ឋអាមេរិក ដែលទាមទារចង់ឲ្យរក្សាទាសភាពនៅសម័យសង្គ្រាមស៊ីវិលអាមេរិក ក្នុងអំឡុងទសវត្ស ១៨៦០។ លោក ត្រាំ បានសន្យាថានឹងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងនេះ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន បានរាយការណ៍អំពីការជជែកដេញដោលលើនិមិត្តសញ្ញា Confederate នៅពេលដែលមានការតវ៉ាជុំវិញការស្លាប់របស់បុរសជនជាតិស្បែកខ្មៅម្នាក់ក្រោមសមត្ថកិច្ចប៉ូលិស ដែលបានបង្ខំឲ្យសហរដ្ឋអាមេរិកពិចារណាអំពីប្រព័ន្ធដែលមានលក្ខណៈរើសអើងជាតិសាសន៍របស់ខ្លួន។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕