នាយកមន្ទីរពិសោធន៍ជាតិសុវត្ថិភាពជីវសាស្ត្រក្នុងក្រុងវូហានបានច្រានចោលការអះអាងដែលថា មន្ទីរពិសោធន៍នេះអាចជាប្រភពនៃការផ្ទុះវីរុសកូរ៉ូណាថ្មី ដោយលើកឡើងថា «មិនអាចទៅរួចនោះទេ» ហើយបានហៅការអះអាងនោះថាជា «ជំនឿផ្ទុយពីការគិតទូទៅ»។ ការលើកឡើងរបស់នាយកមន្ទីរពិសោធន៍នេះគឺស្របគ្នាទៅនឹងការអះអាងរបស់រដ្ឋាភិបាលចិននិងក្រុមមន្ត្រីគណបក្សកុម្មុយនីស្តដែរ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ជាមួយនឹងបណ្ដាញព័ត៌មាន CGTN ជាភាសាអង់គ្លេសរបស់រដ្ឋចិន លោក Yuan Zhiming បានថ្លែងថា៖ «គ្មានផ្លូវនោះទេ» ដែលវីរុសនេះមានប្រភពចេញពីវិទ្យាស្ថានសិក្សាពីវីរុសក្នុងក្រុងវូហាន ជាពិសេសពីក្នុងមន្ទីរពិសោធន៍ P4 របស់ខ្លួន ដែលធ្វើការលើវីរុសដ៏គ្រោះថ្នាក់ជាច្រើនប្រភេទ។
លោក Yuan ថ្លែងថា មិនមានបុគ្គលិកណាម្នាក់នៃវិទ្យាស្ថាននេះបានឆ្លងវីរុសកូរ៉ូណានេះឡើយ។ លោកបានបន្ថែមទៀតថា៖ «វិទ្យាស្ថាននេះទាំងមូលកំពុងតែធ្វើការស្រាវជ្រាវលើផ្នែកជាច្រើន ពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះ»។
រដ្ឋាភិបាលក្រុងប៉េកាំងបានរងការរិះគន់ថាខ្វះតម្លាភាពក្នុងការចាត់វិធានការចំពោះជំងឺរាតត្បាតសាកលនេះ ហើយសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតថាតើវីរុសនេះមានប្រភពចេញពីវិទ្យាស្ថានសិក្សាពីវីរុសក្នុងក្រុងវូហាននេះ ឬក៏យ៉ាងណានោះ។ វិទ្យាស្ថាននេះគឺជាមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រដែលមានការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងជាទីបំផុត។
មានមន្ទិលសង្ស័យអំពីតួលេខផ្លូវការនៃចំនួនករណីឆ្លងវីរុសកូរ៉ូណាថ្មីក្នុងក្រុងវូហានតាំងពីដំបូងមកម៉្លេះ ដោយសារតែរដ្ឋាភិបាលចិនជារឿយៗកែប្រែលក្ខខណ្ឌក្នុងការរាប់ចំនួនករណីឆ្លង នៅពេលដែលវីរុសនេះឆ្លងរាលដាលខ្លាំងបំផុត។ រហូតដល់សប្ដាហ៍មុន ទើបអាជ្ញាធរក្នុងក្រុងវូហានបានសារភាពថា មានកំហុសឆ្គងក្នុងការរាប់ចំនួនករណីស្លាប់និងបានដំឡើងតួលេខករណីស្លាប់រហូតដល់៥០%។
ថ្វីត្បិតតែប្រភពនៃការឆ្លងជំងឺកូវីដ ១៩ មិនទាន់ត្រូវបានកំណត់ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រមួយចំនួនសង្ស័យថា វីរុសនេះឆ្លងពីសត្វទៅមនុស្សនៅក្នុងផ្សារលក់សាច់មួយកន្លែងក្នុងក្រុងវូហាន ប្រទេសចិន។
គិតត្រឹមព្រឹកថ្ងៃអាទិត្យម៉ោងក្នុងសហរដ្ឋអាមេរិក ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមានចំនួនជាង ២ លាន ៣ សែន នាក់ ករណីស្លាប់មានចំនួនជាង ១ សែន ៦ ម៉ឺន នាក់ និងករណីជាសះស្បើយមានចំនួនជិត ៦ សែន នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេដែលមានករណីឆ្លងនិងស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក គឺមានករណីឆ្លងជាង ៧ សែន ៣ ម៉ឺន នាក់ និងករណីស្លាប់ជាង ៣ ម៉ឺន ៩ ពាន់ នាក់៕