ទោះជាការងាររើសសំរាមស្មោកគ្រោក តែក៏នៅតែមានអ្នកធ្វើការនេះនៅអាហ្វ្រិកខាងត្បូង ដោយពួកគេថា បានជួយសម្អាតប្រទេស
នៅប្រទេសអាហ្វ្រិកខាងត្បូង អត្រាច្នៃសំរាមទៅជារបស់របរប្រើប្រាស់ឡើងវិញមានដល់ទៅជិត៦០ភាគរយ។ នេះបើយោងតាមការសិក្សាឧស្សាហកម្ម។ ស្ថិតិនេះ បង្ហាញឲ្យឃើញថា ប្រទេសនេះ មានអត្រាច្នៃសំរាមស្មើនឹងបណ្តាប្រទេសនៅទ្វីបអ៊ឺរ៉ុបមួយចំនួន។ ក៏ប៉ុន្តែ ការប្រមែប្រមូលសំរាមដើម្បីយកទៅច្នៃធ្វើជារបស់របរប្រើប្រាស់ឡើងវិញនេះ ធ្វើឡើងដោយបណ្តាញក្រៅផ្លូវការមួយក្រុមឈ្មោះថា «reclaimers» ដែលមានបុរស នារីរាប់ពាន់នាក់ រើសមើលក្នុងសំរាមថា តើរបស់ណាអាចច្នៃធ្វើជារបស់របរប្រើប្រាស់ឡើងវិញបាន ដើម្បីលក់។ កិច្ចការដែលត្រូវការកម្លាំងយ៉ាងច្រើន និងជាលក្ខណៈប្រព័ន្ធនេះ បានជួយដល់អ្នកដែលគ្មានការងារដ៏ច្រើននៅក្នុងប្រទេសនេះ ដែលអ្នកជំនាញ បានហៅថា នេះជាការច្នៃប្រឌិត បែបផែនថ្មីមួយ។ អ្នកស្រី Anita Powell រាយការណ៍ ពីទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕