លោក សម រង្ស៊ី ខឹង លោកហ៊ុន សែន រឿងព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា
មេដឹកនាំក្រុមជំទាស់លោក សម រង្ស៊ី ខឹងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ជាមួយអ្នកធ្វើអត្ថាធិប្បាយគាំទ្ររដ្ឋាភិបាលម្នាក់នៃក្រុមមួយហៅថាអង្គព្រោកប្រាជ្ញ ដែលថាលោកភ្នាល់ដាក់លុយ១លានដុល្លារ បើលោក សម រង្ស៊ី ចូលមកស្រុកខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហើយលុយនោះនឹងប្រគល់ជូនលោក សម រង្ស៊ី នៅក្នុងគុក បើលោក សម រង្ស៊ី ឈ្នះ។ លោក សម រង្ស៊ី ដែលមិនធ្លាប់អើពើនឹងការបបួលភ្នាល់នេះ បានអះអាងថា លោកមានបញ្ហាជាតិធំៗជាច្រើនត្រូវគិតគូ មិនមែនទៅរវល់ជាមួយរឿងគ្មានសារ:សំខាន់ គិតរឿងលុយនិងល្បែងភ្នាល់ដែលលោកថាឥតប្រយោជន៍ថោកទាបនោះទេ។ លោក សម រង្ស៊ី ប្រតិកម្មដូច្នេះ ក្រោយពេលលោកខាន់ សុវណ្ណ បានបង្កើតគំនិតភ្នាល់ជាមួយលោក សម រង្ស៊ី បើលោក សម រង្ស៊ី ពិតជាចូលមកកាន់ប្រទេសកម្ពុជាពីការនិរទេសខ្លួននៅក្រៅប្រទេសមែន។ លោក សម រង្ស៊ី ប្រកាសជាថ្មីនិងប្រើពាក្យគំរោះគំរើយខ្លះចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយបញ្ជាក់ខ្លីៗថា លោកនឹងនៅតែវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ៩ខែវិច្ឆិកាដដែល ដោយគ្មានការរាថយទេ ទោះជាអាជ្ញាធរនិងលោកនាយករដ្ឋមន្ត្រីគំរាមចាប់លោកក្តី។ សូមស្តាប់កិច្ចសម្ភាសន៍តាមទូរស័ព្ទរបស់លោកសុខ ខេមរា នៃVOA ជាមួយនឹងលោក សម រង្ស៊ី ពីប្រទេសNew Zealand ដូចតទៅ៕