បទសម្ភាសន៍ VOA៖ សាររបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា ជូនជនភៀសខ្លួន
អ្នកស្រី Xiao Yu នៃ VOAផ្សាយជាភាសាចិន និងអ្នកស្រី Lhakpa Kyizom នៃ VOA ផ្សាយជាភាសាទីបេ បានសម្ភាសសម្តេចសង្ឃ ដាឡៃ ឡាម៉ា ទី ១៤ នៅឯកុដរបស់ព្រះអង្គក្នុងទីក្រុង Dharamsala ប្រទេសឥណ្ឌានៅមុនទិវាជនភៀសខ្លួនពិភពលោក។ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៥៩ សម្តេចសង្ឃ ដាឡៃ ឡាម៉ា ដែលពេលនោះមានព្រះជន្ម២៤វស្សា បានរត់ភៀសព្រះកាយចេញពីប្រទេសកំណើតរបស់ព្រះអង្គក្នុងតំបន់ទីបេ ដែលចិនបានឈ្លានពានកាលពីឆ្នាំ១៩៥០ ក្រោយមកបានកាន់កាប់ និងទាមទារអធិបតេយ្យ។ ប្រជាជនទីបេរាប់ម៉ឺននាក់បានរត់ភៀសខ្លួនដូចសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែរ។ ក្នុងអំឡុងពេល៦០ឆ្នាំមកនេះ សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានក្លាយទៅជាមេដឹកនាំសាសនាម្នាក់ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងពិភពលោក។ ប៉ុន្តែដូចជាប្រជាជនទីបេជាច្រើននាក់ទៀតដែរ ព្រះអង្គមិនមានលិខិតឆ្លងដែនទេ ហើយព្រះអង្គអាចធ្វើដំណើរបានដោយប្រើប្រាស់ឯកសារសម្រាប់ធ្វើដំណើរដែលរដ្ឋាភិបាលឥណ្ឌាចេញឲ្យប្រើប្រាស់។ ឯកសារធ្វើដំណើរដែលចាស់និងមានពណ៌លឿងមួយនោះ គឺជាការរំឭកថា មានជនព្រាត់ចាកលំនៅចំនួន៧១លាននាក់នៅទូទាំងពិភពលោក ហើយព្រះអង្គគឺស្ថិតក្នុងចំណោមជនទាំងនោះ។សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែលបច្ចុប្បន្ននេះមានព្រះជន្ម៨៤វស្សា បានចំណាយពេលស្ទើរពេញមួយជីវិតរបស់ព្រះអង្គនិរទេសខ្លួន។ ព្រះអង្គបានមានពុទ្ធដីកាជាមួយនឹង VOA អំពីវិបត្តិជនភៀសខ្លួនពិភពលោក គន្លឹះនាំទៅរកបរមសុខ ក៏ដូចជាអត្ថន័យនៃពាក្យថា«ផ្ទះ»ផងដែរ។ ពុទ្ធដីការបស់ព្រះអង្គត្រូវបានកែសម្រួលដើម្បីអត្ថន័យនិងសង្ខេបដើម្បីភាពច្បាស់លាស់។ អ្នកស្រី ហុង ចិន្តា និងលោក ប៉ូចរាសី ប្រែសម្រួល៕