បទសម្ភាសន៍ VOA៖ សកម្មជនស្ត្រីបក្សប្រឆាំងសុំការអន្តរាគមន៍ពីអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការគាបសង្កត់លើសកម្មជនស្ត្រីបក្សនៅកម្ពុជា
បន្ទាប់ពីពិភពលោកបានអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅថ្ងៃពុធសប្តាហ៍នេះ សកម្មជនស្ត្រីនៃគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រីមូរ សុខហួរ អនុប្រធានបក្សម្នាក់ បានជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិស្ត្រី ដើម្បីស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការគាបសង្កត់របស់គណបក្សកាន់អំណាចមកលើសកម្មជនស្ត្រីបក្សប្រឆាំងនៅកម្ពុជា។ អ្នកស្រី ចេណិត សេង (Janet Seng) ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិបណ្តាញសកល បានប្រាប់ VOA ថា នាពេលបច្ចុប្បន្ននេះ សកម្មជនស្ត្រីបក្សប្រឆាំងមួយចំនួនបានទទួលរងការគាបសង្កត់ និងការរើសអើង ដែលបានបណ្តាលឲ្យស្ត្រីមួយចំនួនបានរត់ភៀសខ្លួន ឬលាក់ខ្លួន។ បើតាមលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ស្ត្រីនៃគណបក្សសង្គ្រោះជាតិចំនួន ៣៦ នាក់ បានជាប់ជាមេឃុំ និង៥០០ នាក់ទៀតបានជាប់ជាជំទប់ទី១និងទី២។ ក៏ប៉ុន្តែ ប៉ុន្មានខែក្រោយមក ស្ត្រីបក្សប្រឆាំងដែលជាប់ឆ្នោតទាំងនេះបានបាត់បង់តំណែង និងសិទ្ធិនយោបាយរបស់ខ្លួន បន្ទាប់ពីតុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ២០១៧។ តទៅនេះ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកនាង ទែន សុខស្រីនិត នៃ VOA ជាមួយអ្នកស្រី ចេណិត សេង៕