Hello VOA៖ អ្នកតស៊ូមតិខាងសិទ្ធិមនុស្សថាលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកនឹងមានឥទ្ធិពលលើកម្ពុជា
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១២ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា រដ្ឋសភាអាមេរិកដែលនឹងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលនឹងដឹកនាំដោយគណបក្សសាធារណរដ្ឋ នឹងនៅតែជួយធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា ដោយសារលោកថា គណបក្សទាំងពីរ មានគោលជំហររួមគ្នាលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ លោក យ័ប គឹមទឹង ថ្លែងថា៖ «គោលជំហរហ្នឹងជាគោលជំហររួម ម៉្លោះហើយគេនឹងធ្វើការជាមួយគ្នា។ គេអាចស្របគ្នាបាន ដើម្បីដូរបញ្ហាស្រុកខ្មែរហ្នឹង ព្រោះថា បញ្ហាហ្នឹងមិនថា ខាង Democrats ឬ Republicans ទេ គឺគោលជំហររួមរបស់គេ ម៉្លោះហើយគេនឹងមូលមតិគ្នាដដែលបាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ វិច្ឆិកា ២០១៨)