បទសម្ភាសន៍ VOA៖ អ្នកវិភាគយល់ថាចរន្តនយោបាយវៀតណាមបន្ត ខណៈអគ្គលេខាធិការបក្សក្លាយជាប្រធានាធិបតី
នៅថ្ងៃអង្គារនេះ រដ្ឋសភានៃប្រទេសវៀតណាមធ្វើសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដោយរួមទាំងការបោះឆ្នោតប្រថាប់ត្រាយល់ព្រមលើបេក្ខភាពលោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] លេខាគណបក្សកុម្មុយនីស្ត ឲ្យក្លាយជាប្រធានាធិបតីផ្លូវការវៀតណាមផងដែរ។ លោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] នឹងជំនួសតំណែងលោក Tran Dai Quang [ជឹន ដៃគ័ង] អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាពក្នុងអំឡុងពេលកាន់តំណែងកាលពីខែកញ្ញា។ ព្រឹត្តិការណ៍នេះនឹងនាំឱ្យលោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] ក្លាយជាអ្នកទីមួយចាប់តាំងពីជំនាន់លោក Ho Chi Minh [ហូ ជីមិញ] អគ្គលេខាធិការស្ថាបនិករបស់គណបក្សមក ដែលអាចកាន់តំណែងកំពូលទាំងពីររបស់ប្រទេសក្នុងពេលតែមួយ។ លោក អូន ឆេងប៉រ នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយនឹងបណ្ឌិត Le Hong Hiep [ឡេ ហុងហៀប] អ្នកជំនាញផ្នែកនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសវៀតណាម នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី ជុំវិញស្ថានការណ៍នយោបាយវៀតណាមក្នុងពេលអន្តរកាលនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕