ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈដែលមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយលោកMichael Bloomberg បានបង្ហាញខ្លួនជាអ្នកគាំទ្រខាងហិរញ្ញវត្ថុដ៏កំពូលម្នាក់របស់គណបក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីឆ្នាំ២០១៨នេះ។ លោកបានសន្យាវិភាគទានប្រាក់ជិត១០០លានដុល្លារដល់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យនិងសម្រាប់បុព្វហេតុផ្សេងៗ។
លោក Bloomberg វ័យ៧៦ឆ្នាំ ដែលជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Bloomberg LP ដ៏ធំ បានប្រកាសយ៉ាងដូច្នេះនៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Instagram។ លោក Bloomberg បាននិយាយវាយប្រហារដោយប្រយោលទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ដោយលើកឡើងថា ពួកគេបង្កការគំរាមកំហែងដល់ស្ថាប័នប្រជាធិបតេយ្យអាមេរិក។
លោក Bloomberg បានសរសេរថា «ក្នុងពេលសំខាន់ៗមួយចំនួននៃប្រវត្តិសាស្ត្រអាមេរិក គណបក្សមួយក្នុងចំណោមគណបក្សនយោបាយពីរបានដើរតួនាទីជារនាំងរារាំងដល់អ្នកដែលគំរាមកំហែងដល់ធម្មនុញ្ញរបស់យើង។ នៅក្នុងមហាសន្និបាតគណបក្សប្រជាធិបតេយ្យកាលពីពីរឆ្នាំមុន ខ្ញុំបានព្រមានអំពីការគំរាមកំហែងទាំងនោះ។ ហើយថ្ងៃនេះ ខ្ញុំបានចុះឈ្មោះជាសមាជិកគណបក្សប្រជាធិបតេយ្យ។ ខ្ញុំធ្វើជាសមាជិកគណបក្សនេះស្ទើរតែពេញមួយជីវិតខ្ញុំ ព្រោះយើងត្រូវការអ្នកប្រជាធិបតេយ្យដើម្បីត្រួតពិនិត្យមើលការក្តោបក្តាប់អំណាច ដែលត្រូវការចាំបាច់យ៉ាងខ្លាំងសម្រាប់ប្រទេសយើង»។
លោក Bloomberg បានចូលជាសមាជិកគណបក្សប្រជាធិបតេយ្យជាយូរមកហើយ។ ប៉ុន្តែនៅឆ្នាំ២០០១ លោកបានផ្លាស់ប្ដូរគណបក្សនយោបាយដើម្បីឈរឈ្មោះជាបេក្ខជនខាងគណបក្សសាធារណរដ្ឋវិញ ក្នុងគោលបំណងប្រជែងយកតំណែងអភិបាលក្រុង ញូវយ៉ក។ លោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនោះ ហើយបានកាន់តំណែងជាអភិបាលក្រុងដ៏មានប្រជាប្រិយភាព នៃក្រុងញូវយ៉ក ដែលជាក្រុងធំបំផុតនៅសហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០១៤។
ក្នុងអំឡុងពេលកាន់តំណែងជាអភិបាលក្រុង ញូវយ៉ក លោក Bloomberg ត្រូវបានគេលើកឡើងថា អាចក្លាយជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០០៤និង២០០៨។ នៅឆ្នាំ២០១៦ លោកចង់សាកល្បងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែលឯករាជ្យម្នាក់ «ប៉ុន្តែលោកបានសម្រេចចិត្តថា គេមិនងាយនឹងបោះឆ្នោតឲ្យបេក្ខជនឯករាជ្យណាម្នាក់នៅក្នុងប្រព័ន្ធអាមេរិកឡើយ»។ នេះបើយោងតាមសម្តីរបស់លោក Martin Frost អតីតសមាជិកសភារដ្ឋ តិចសាស និងជាប្រធានគណៈកម្មាធិការយុទ្ធនាការសភាគណបក្សប្រជាធិបតេយ្យ។
លោក Frost បានថ្លែងប្រាប់ VOA ថា៖
«ប្រសិនបើលោកឈរឈ្មោះជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ លោកនឹងក្លាយជាបេក្ខជនដ៏មានសក្តានុពលមួយរូប។ នេះមិនមែនមានន័យថា លោកនឹងទទួលបានការតែងតាំងដោយស្វ័យប្រវត្តិនោះទេ ហើយប្រសិនបើលោកទទួលបានការតែងតាំងមែននោះ លោកនឹងក្លាយជាបេក្ខជនដ៏ខ្លាំងក្លាមួយរូបនៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតី»។
អ្នកដែលទំនងជាអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដទៃទៀតសម្រាប់ឆ្នាំ២០២០ គឺមានលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាគាំទ្រការកែទម្រង់តំណាងរដ្ឋ Massachusetts លោក Corry Booker សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Jersey លោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាសង្គមនិយមតំណាងរដ្ឋ Vermont ដែលមិនបានទទួលជ័យជម្នះក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។
ជាអ្នកយល់ដឹងគួរសមលើបញ្ហាសង្គម លោក Bloomberg គាំទ្រសិទ្ធិរំលូតកូន គាំទ្រឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការ និងពង្រឹងច្បាប់ប្រើប្រាស់កាំភ្លើង។ មូលនិធិគាំទ្រសកម្មភាពនយោបាយឯករាជ្យ Everytown for Gun Safety Action Fund នៃអង្គការ Independence USA PAC ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃរបស់លោក បានចំណាយប្រាក់រាប់លានដុល្លារក្នុងអំឡុងពេលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនេះ ដើម្បីគាំទ្រដល់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យនិងប្រឆាំងនឹងសមាជិកគណបក្សសាធារណរដ្ឋ តាមរយៈការតស៊ូមតិលើការប្រើប្រាស់កាំភ្លើង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Bloomberg ដែលមានមោទនភាពចំពោះការប្រវត្តិគាំទ្រគណបក្សនយោបាយទាំងពីររបស់លោក បានគាំទ្រទាំងបេក្ខជនគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ ក៏ប៉ុន្តែកាលពីខែមិថុនាកន្លងទៅនេះ លោកបានប្រកាសថា លោកនឹងគាំទ្រសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ ដោយចោទប្រកាន់សមាជិកគណបក្សសាធារណរដ្ឋថាមិនបាន «ធ្វើការឲ្យគ្រប់គ្រាន់ដើម្បីឈានទៅរកដំណោះស្រាយដែលយល់ស្របដោយគណបក្សនយោបាយទាំងពីរ»។
មកដល់ពេលនេះ អតីតអភិបាលក្រុងរូបនេះបានប្រកាសថា លោកនឹងផ្តល់ប្រាក់ច្រើនបំផុតដែលមិនធា្លប់ផ្តល់ពីមុនចំនួន៨០លានដុល្លារដល់សមាជិកគណបក្សប្រជាធិបតេយ្យដើម្បីឲ្យសភាអាមេរិកមានសមាជិកមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនវិញ។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានសន្យាកាលពីសប្តាហ៍មុនថានឹងផ្តល់ប្រាក់ចំនួន២០លានដុល្លារដល់មូលនិធិព្រឹទ្ធសភាកំពូលរបស់គណបក្សប្រជាធិបតេយ្យ។
លោកស្រី Sarah Bryner នាយិកាផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌល Center for Responsive Politics ដែលមិនចំណុះឲ្យគណបក្សនយោបាយណាមួយ បានថ្លែងថា វិភាគទានរបស់លោក Bloomberg ធ្វើឲ្យលោកក្លាយជាអ្នកផ្តល់ប្រាក់ឧបត្ថម្ភសឹងតែច្រើនជាងគេបំផុតក្នុងការបោះឆ្នោតលើកនេះ៕
ប្រែសម្រួលដោយ ហុង ចិន្តា