លោក McCain កំពុងផ្សព្វផ្សាយសៀវភៅថ្មីមួយដែលបង្ហាញឧត្តមគតិផ្ទុយពីវិធីដែលប្រធានាធិបតី Donald Trump ចាត់ចែងកិច្ចការក្នុងសេតវិមាន។ ការច្រានចោលរបស់លោក McCain នូវប្រវត្តិរបស់លោកស្រី Gina Haspel ដែលបានត្រូវស្នើឈ្មោះឱ្យកាន់តំណែងជានាយិកាទីភ្នាក់ងារ CIA មានទាក់ទិននឹងការធ្វើទារុណកម្មបាននាំឱ្យលោកអតីតអនុប្រធានាធិបតី Dick Cheney ចូលរួមក្នុងការជជែកដេញដោលគ្នាថ្មីៗអំពីការជ្រមុជក្បាលក្នុងទឹកដើម្បីសួរចម្លើយនិងវិធីសួរចម្លើយឯទៀតៗដែលបានត្រូវហាមប្រាម។ កាលពីថ្ងៃសុក្រទី១៨ខែឧសភា ពួកមិត្តភក្តិបានប្រមែប្រមូលគ្នាការពារលោក McCain ប្រឆាំងនឹងការនិយាយលេងសើចដ៏ឃោរឃៅរបស់មន្ត្រីសេតវិមានម្នាក់ដែលថាគោលជំហររបស់លោកគ្មានសារៈសំខាន់ទេពីព្រោះ «លោកជិតស្លាប់ហើយ»។
ប្រសិនបើនេះជាការលាគ្នាយ៉ាងយូររបស់ក្រុង Washington ដល់កូនប្រុសសំណប់ម្នាក់ វាក៏ជាការលេចឡើងវិញនូវការតូចចិត្តកាលពីពេលមុនៗនិងខ្សែបន្ទាត់នយោបាយមានកំហុសដែលនៅតែធ្វើឱ្យប្រទេសជាតិមានការបែកបាក់គ្នាតទៅទៀត។
ប្រហែលគ្មាននរណាម្នាក់គួររំពឹងថាទទួលអ្វីដែលតិចបំផុតពីសមាជិកព្រឹទ្ធសភាស.រ.អា.វ័យ៨១ឆ្នាំរូបនេះដែលអាចមានអារម្មណ៍មិនល្អនិងរញ៉ាំរញ៉ូវ ក៏ប៉ុន្តែមានមនុស្សច្រើននាក់ ទាំងខាងក្នុងនិងខាងក្រៅវិស័យនយោបាយ យល់ថាជាវីរបុរសអាមេរិកាំងម្នាក់។
លោកអតីតអនុប្រធានាធិបតី Joe Biden បានមានប្រសាសន៍កាលពីថ្ងៃសុក្រទី១៨ខែឧសភាថានៅពេលដែលលោក McCain «ប្រយុទ្ធដើម្បីជីវិតលោក លោកសក្តិសមទទួលការកោតសរសើរជាងនេះ»។
លោក Biden បានមានប្រសាសន៍ថា «ពួកក្មេងៗជំនាន់ក្រោយរបស់យើងរៀនពីឧទាហរណ៍របស់យើង។ សំណួរគឺថាតើជាឧទាហរណ៍របស់នរណា? ខ្ញុំមានការច្បាស់លាស់ក្នុងចិត្តថាវាជាឧទាហរណ៍របស់ John»។
លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍ថា «កេរ្តិ៍តំណែលរបស់លោកវែងឆ្ងាយដែលធ្វើឱ្យលោក John McCain ជាវីរបុរសម្នាក់សម្រាប់យើងទាំងអស់គ្នា»។
កាលពីខែកក្កដាពួកវេជ្ជបណ្ឌិតបានរកឃើញថាលោក McCain មានជំងឺមហារីកខួរក្បាល។ លោកបានចាកចេញពីរដ្ឋធានី Washington កាលពីខែធ្នូ ហើយមានមនុស្សតិចតួចដែលរំពឹងថាលោកនឹងត្រឡប់មកវិញ។ របាយការណ៍អំពីសុខភាពរបស់លោកមានការប្រែប្រួលរៀងរាល់ពីរបីថ្ងៃ។
ពួកភ្ញៀវបានទៅសួរសុខទុក្ខលោក McCain នៅឯចម្ការគ្រួសារលោកនៅក្នុងរដ្ឋ Arizona ដោយមានរួមបញ្ចូលទាំងលោក Michael Bloomberg អតីតអភិបាលបុរី New York ដែលបានអញ្ជើញទៅទីនោះកាលពីថ្ងៃសុក្រទី១៨ខែឧសភា។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina ដែលជាមិត្តភក្តិជិតស្និទ្ធនិងជាសម្ព័ន្ធមិត្តនយោបាយបានទៅសួរសុខទុក្ខលោក McCain កាលពីសប្តាហ៍ទីបួននៃខែឧសភាហើយអស់លោកទាំងពីរនាក់នេះបានមើលខ្សែកុនចាស់មួយនិងបាននិយាយគ្នាអំពីការដិតជាប់របស់លោក McCain លើវិស័យនយោបាយ។
លោក Graham បានមានប្រសាសន៍ថាលោកបាននិយាយប្រាប់លោក McCain ថាលោកនឹងបន្សល់ទុកពីក្រោយនូវបញ្ជីវែងមួយនៃពួកសាធារណរដ្ឋនិងពួកប្រជាធិបតេយ្យដែលលោកបានជួយណែនាំក្នុងការធ្វើការងារដោយមានរូមបញ្ចូលទាំងលោក Graham ខ្លួនឯងផងដែរ។
លោក Graham បានថ្លែងថាលោកបាននិយាយប្រាប់មិត្តលោកថា «កេរ្តិ៍តំណែលរបស់អ្នកគឺពួកមនុស្សដែលអ្នកមានផលប៉ះពាល់។ លោក John McCain នឹងមានកេរ្តិ៍តំណែលច្រើន»។
នៅពេលនេះ មិនមែនមនុស្សគ្រប់គ្នាចង់ស្តាប់លោក McCain និយាយទេ។
ពួកសមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋភាគច្រើនមិនបានធ្វើតាមការណែនាំរបស់លោក McCain ឱ្យច្រានចោលលោកស្រី Haspel ដែលជាប្រធាននៃមូលដ្ឋានកន្លែងឃុំឃាំងមួយដែលនៅទីនោះពួកជនជាប់សង្ស័យថាជាភេរវជនបានត្រូវជ្រមុជក្បាលក្នុងទឹកនៅពេលសួរចម្លើយ។ លោក McCain បានស្ថិតនៅក្នុងការឃុំឃាំងច្រើនឆ្នាំក្នុងសង្គ្រាមវៀតណាម។
ប្រធានាធិបតី Trump បានស្នើឱ្យមានវិធីសួរចម្លើយដ៏ឃោរឃៅនេះជាថ្មីឡើងវិញ។ ហើយលោក Cheney ដែលជាអ្នកបង្កើតយុទ្ធសាស្ត្រម្នាក់នៅក្រោយព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ បាននិយាយថាលោកចង់រក្សាទុកកម្មវិធីនេះឱ្យនៅសកម្ម ប្រុងប្រៀបនឹងអនុវត្តកម្មវិធីនេះហើយលោកមិនយល់ថាវាជាការធ្វើទារុណកម្មទេ។
លោក Cheney បាននិយាយប្រាប់កម្មវិធីទូរទស្សន៍ Fox Business ថា «មនុស្សចង់វិលត្រឡប់ទៅក្រោយនិងខិតខំព្យាយាមសរសេរប្រវត្តិសាស្ត្រជាថ្មី ក៏ប៉ុន្តែប្រសិនបើខ្ញុំមានអំណាច ខ្ញុំនឹងបើកឱ្យធ្វើសកម្មភាពនេះទៀត»។
នៅក្នុងស្ថានីយទូរទស្សន៍ដដែលនេះកាលពីសប្តាហ៍ទីបីនៃខែឧសភា លោក Tom McInerny ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពអាកាសស.រ.អា.បានហៅលោក McCain ថា «សត្វស្លាបយំពិរោះឈ្មោះ John» ដោយសារលោកបានផ្តល់ព័ត៌មានដល់ពួកវៀតណាមខាងជើងនៅពេលលោកជាឈ្លើយសង្គ្រាម។ លោក McCain បានមានប្រសាសន៍ថាលោកបានផ្តល់ព័ត៌មានមិនត្រឹមត្រូវទេនៅក្រោយលោកបានត្រូវធ្វើទារុណកម្ម។ ទូរទស្សន៍ Fox បាននិយាយថាពួកគេនឹងមិនអញ្ជើញលោក McInerny ឱ្យមកនិយាយក្នុងបណ្តាញពាណិជ្ជកម្មឬបណ្តាញព័ត៌មានរបស់ពួកគេទេ។
កាលពីថ្ងៃសុក្រទី១៨ខែឧសភា ដៃគូម្នាក់យូរយារមកហើយរបស់លោក McCain គឺលោក Rand Paul សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Kentucky បានបញ្ជាក់ជាថ្មីអំពីការជំទាស់របស់លោកដល់ការតែងតាំងលោកស្រី Haspel។
នៅក្នុងការពន្យល់អំពីការជំទាស់របស់លោក លោក Paul បាននិយាយថា «យើងមិនគួរផ្តល់រង្វាន់ឱ្យនរណាដែលបានចូលរួមក្នុងការធ្វើទារុណកម្ម ហើយជាការពិតនៅតែមានបញ្ហាមិនហ៊ាននិយាយថាការធ្វើទារុណកម្មជាអំពើអសីលធ៌ម»។
កាលពីពីរបីឆ្នាំមុននេះ លោក McCain បានហៅលោក Paul និងលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas ថាជា «មនុស្សខុសគេ» ដោយសារអស់លោកទាំងពីរនាក់នេះបានតវ៉ាប្រឆាំងនឹងការស្នើតែងតាំងលោក John Brennan ជានាយកទីភ្នាក់ងារ CIA។ នៅពេលក្រោយមកលោក McCain បានសុំអភ័យទោស។
នៅក្រោយលោក McCain បានចូលសម្រាន្តក្នុងមន្ទីរពេទ្យដោយសារមានជំងឺដំបៅក្លាយក្នុងពោះវៀន លោក Graham បាននិយាយថាលោកខ្វល់ខ្វាយអំពីសុខភាពមិត្តភក្តិចាស់របស់លោក។ ក៏ប៉ុន្តែនៅក្រោយបានជួបលោកក្នុងសប្តាហ៍ទីបីនៃខែឧសភា លោក Graham បានថ្លែងថាលោក McCain នឹង «នៅជាមួយយើងក្នុងមួយរយៈពេលទៀត»។
អស់លោកទាំងពីរនាក់នេះមិនទាន់បាននិយាយលាគ្នាទេ។ លោក Graham បាននិយាយថាជាការពិត «គ្មានការនិយាយគ្នាអំពីពិធីបុណ្យសពទេ មានការនិយាយគ្នាអំពីអនាគត»។
លោក McCain និងលោក Graham បានមើលកុនបែប Western មួយមានចំណងជើងថា «The Man Who Shot Liberty Valance» ដោយលោក McCain បានធ្វើអត្ថាធិប្បាយដោយប្រើពាក្យពេចន៍ដែលមិនអាចត្រូវនិយាយជាថ្មីបានទេ។ អស់លោកទាំងពីរនាក់នេះក៏បាននិយាយគ្នាអំពីសៀវភៅរបស់លោក McCain ដែលលោក Graham បាននិយាយថាបានចេញផ្សាយចំពេលល្អ។ លោក Graham បានថ្លែងថា «ខ្ញុំបាននិយាយប្រាប់លោក McCain ថាគេគួរតម្រូវឱ្យមនុស្សគ្រប់រូបអានសៀវភៅនេះ»។
លោក Graham បានមានប្រសាសន៍ថាសៀវភៅនេះជារឿងមួយអំពីប្រទេសអាមេរិកហើយ «ទោះណាជាយើងបានរួមចំណែកក្នុងការធ្វើកំហុសក៏ដោយក៏យើងតែងតែខិតខំព្យាយាមធ្វើប្រទេសនេះឱ្យជាសហព័ន្ធមួយល្អប្រសើរជាងមុនដែរ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ