បទសម្ភាសន៍ VOA៖ អ្នកនាំពាក្យថា នៅឯមហាសន្និបាតអ.ស.ប.ក្នុងបុរីញូវយ៉ក លោក ហ៊ុន សែន គ្រោងជួបអគ្គលេខាធិការ អ.ស.ប និងមានកម្មវិធីច្រើនទៀត
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងជួបជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres ) អគ្គលេខាធិការ អ.ស.ប. និងប្រមុខដឹកនាំប្រទេសមួយចំនួន ហើយនឹងពលរដ្ឋខ្មែរអាមេរិកាំងផងដែរ ក្នុងអំឡុងពេលលោកស្ថិតនៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ បន្ថែមពីនេះ ក្នុងនាមប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីគ្រោងនឹងថ្លែងសន្ទរកថាក្នុងវេទិកាពិភពលោក គឺកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែកញ្ញានេះ។ លោកនឹងផ្តោតជាសំខាន់ទៅលើការវិវត្តនាពេលថ្មីៗនេះ ដូចជាសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបាន បញ្ហាតំបន់ និងបញ្ហាសកល ដែលជាក្តីបារម្ភរបស់ពិភពលោកផងដែរ។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ផៃ ស៊ីផាន តាមទូរស័ព្ទកាលពីថ្ងៃសុក្រអំពីគម្រោងរបស់លោកនាយករដ្ឋមន្ត្រី និងបញ្ហាប្រឈមរបស់កម្ពុជាមួយចំនួនទៀត៕