បទសម្ភាសន៍ VOA ជាមួយលោកស្រីអេង លីគង់៖ ទោះលំបាកជាងបុរស សហគ្រិនស្ត្រីកម្ពុជាអាចអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍និងជាតិប្រសើរឡើង
លោកស្រី អេង លីគង់ ដែលជាសហស្ថាបនិក និងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានទស្សនវិស័យដោះស្រាយបញ្ហាប្រឈមដែលស្ត្រីសហគ្រិនតែងតែជួបប្រទះ ដូចជាចំណេះដឹងនៅមានកម្រិត គំនាបវប្បធម៌និងគ្រួសារ និងកង្វះហិរញ្ញវត្ថុជាដើម ដើម្បីឲ្យស្ត្រីកាន់តែអាចអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន សហគមន៍ និងសេដ្ឋកិច្ចជាតិបានប្រសើរឡើង។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យដោយសារតែគ្មានជម្រើសនៅឆ្នាំ១៩៩៣ លោកស្រីបានបង្កើតអាជីវកម្មព្យាបាលធ្មេញ គឺគ្លីនិកព្យាបាលធ្មេញ ម៉ាស្ទើរ ឃែរ (Master Care) ដ៏ធំមួយនៅរាជធានីភ្នំពេញ។ លោកស្រីបានឆ្លងកាត់បទពិសោធន៍ធ្វើជំនួញ និងអាជីវកម្មជាយូរឆ្នាំមកហើយ តាមរយៈការគ្រប់គ្រងគ្លីនិកព្យាបាលធ្មេញនេះ និងអាជីវកម្មផ្សេងៗទៀត។ លោកស្រី អេង លីគង់ បានផ្តល់បទសម្ភាសន៍ដល់អ្នកនាង ទែន សុខស្រីនិត នៃ VOA នៅក្នុងអំឡុងពេលដែលអ្នកស្រី និងសហគ្រិនស្ត្រីចំនួន១១នាក់ផ្សេងទៀត មានវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមគម្រោងទស្សនកិច្ចស្តីពីភាពជាអ្នកដឹកនាំរបស់ក្រសួងការបរទេសអាមេរិក។ បទសម្ភាសន៍នេះ រៀបរាប់ពីដំណើរជីវិតជាសហគ្រិនរបស់លោកស្រី និងទស្សនវិស័យរបស់លោកស្រី អេង លីគង់ ក្នុងការលើកស្ទួយសហគ្រិនស្ត្រីនៅកម្ពុជា៕