បទសម្ភាសន៍ VOA៖ អង្គការសកម្មភាពដើម្បីកុមារទទួលបានពានរង្វាន់អន្តរជាតិជាថ្មីម្ដងទៀត
កំណត់និពន្ធ៖ អង្គការសង្គ្រោះកុមារចំនួន១០ទូទាំងពិភពលោក ត្រូវបានប្រគល់ពានរង្វាន់ Child 10 Award 2017 ដែលទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការទាំងនេះក្នុងការជួយសង្គ្រោះកុមារជិត២៨លាននាក់ ដែលកំពុងរត់គេចពីសង្គ្រាម ជម្លោះនិងការរំលោភបំពាននៅទូទាំងសាកលលោក។ ក្នុងចំណោមអង្គការទាំង១០នោះ មានអង្គការចំនួនពីរក្នុងប្រទេសកម្ពុជាដែលទទួលពានរង្វាន់អន្តរជាតិនេះកាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៧។ អង្គការសកម្មភាពដើម្បីកុមារ ឬហៅកាត់ថា APLE Cambodia ជាអង្គការក្នុងស្រុកមួយដែលបានទទួលពានរង្វាន់ Child 10 Award 2017 នេះ ដែលជាពានរង្វាន់ ផ្ដល់ដោយអង្គការសង្គ្រោះកុមារអន្តរជាតិ Reach for Change ក្នុងប្រទេសស៊ុយអែត។ កញ្ញា ទុំ ម្លិះ នៃ VOA បានធ្វើបទសម្ភាសន៍ពីរាជធានីភ្នំពេញជាមួយលោក ណេង វណ្ណៈ មន្ត្រីទំនាក់ទំនងសាធារណៈនៃអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia ) អំពីការទទួលបានពានរង្វាន់នេះ។