បទសម្ភាសន៍ VOA ៖ ក្រោយហោះសាកល្បង អ្នករៀនច្នៃបង្កើតយន្តហោះពី YouTube នៅព្រៃវែងចង់ឲ្យមានការគាំទ្រគំនិតច្នៃប្រឌិតនៅជនបទ
តាំងពីនៅកុមារ លោក ប៉ែន ឡុង តែងសុបិន្តចង់ឆ្នៃបង្កើតយន្តហោះដោយខ្លួនឯង ក្រោយពេលលោកបានប្រទះឃើញយន្តហោះដំបូង ដែលធ្លាក់នៅស្រុកកំណើតរបស់លោកក្នុងខេត្តស្វាយរៀង។ ជិត៣០ឆ្នាំក្រោយមក និងអស់ថវិកាជាងមួយម៉ឺនដុល្លារផងនោះ លោក ប៉ែន ឡុង ដែលសព្វថ្ងៃជាជាងមេកានិករថយន្តរូបនៅខេត្តព្រៃវែង បានច្នៃបង្កើតយន្តហោះមួយពិតប្រាកដមែន មួយផ្នែកដោយមានជំនួយពីវីដេអូណែនាំបច្ចេកទេសតំឡើងយន្តហោះ ដែលលោកបានរកឃើញក្នុងបណ្តាញ YouTube។ ក្នុងវ័យ៣០ឆ្នាំ អ្នកផលិតយន្តហោះមិនមានជំនាញរូបនេះ ថែមទាំងបានសាកល្បងហោះហើរយន្តហោះបង្កើតដោយខ្លួនឯងនេះទៀតផង។ បើទោះបីអាជ្ញាធរខេត្តព្រៃវែងមិនបានរារាំងលោកពីការសាកល្បងដ៏អាចមានគ្រោះថ្នាក់នេះក្តី ក៏លោក ប៉ែន ឡុង យល់ថា អាជ្ញាធរមិនបានលើកទឹកចិត្តគ្រប់គ្រាន់ខាងបច្ចេកទេសដល់គំនិតច្នៃប្រឌិតនៅជនបទ។ លោក សឹង សុផាត នៃ VOA បានសម្ភាសន៍លោក ប៉ែន ឡុងតាមទូរស័ព្ទដូចតទៅ។