បទសម្ភាសន៍ VOA ជាមួយលោកស្រី មូរ សុខហួរ៖ «ការតស៊ូរបស់ខ្ញុំគឺដើម្បីយុត្តិធម៌ សេរីភាព និងឱកាសរបស់ស្ត្រីខ្មែរក្នុងសង្គម»
នៅក្នុងឱកាសសិទ្ធិនារីអន្តរជាតិឆ្នាំនេះ លោកស្រី មូរ សុខហួរ បានប្រាប់ VOA ថា មានស្ត្រីខ្មែរជាច្រើននាក់កំពុងតែចូលរួមយ៉ាងសកម្ម ដោយគ្មានការភ័យខ្លាចក្នុងការតស៊ូមតិជាសាធារណៈជាមួយបុរសដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សុខមាលភាព គ្រួសារ និងប្រទេសជាតិ។ ថ្មីៗនេះ លោកស្រីត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោមអនុប្រធានបីនាក់។ នៅក្នុងបទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃ VOA តាមទូរស័ព្ទ លោកស្រី មូរ សុខហួរ បានលើកឡើងថា ការតស៊ូមតិរបស់លោកស្រីក្នុងជួរនយោបាយកម្ពុជាជាច្រើនទសវត្សរ៍មកនេះ «គឺដើម្បីយុត្តិធម៌សង្គម ដើម្បីស្ត្រី តួនាទីស្ត្រីក្នុងសង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី»។ លោកស្រីថា៖ «មិនថាស្ត្រីជាកម្មកររោងចក្រ ជាស្ត្រីមេផ្ទះ ជាស្ត្រីលក់ដូរ ជាស្ត្រីលក់សាបៀរ ស្ត្រីទាំងអស់នេះគឺមានតួនាទីសំខាន់ក្នុងការបង្កើតសង្គមខ្មែរមួយ ដែលស្ត្រីមានតួនាទីសកម្មក្នុងការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិដូចបុរសដែរ»។ តាំងពីដើមទសវត្សរ៍១៩៩០មក លោកស្រី មូរ សុខហួរ គឺជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមក្រុមស្ត្រីខ្មែរដំបូងគេបង្អស់ ដែលបានប្រឡូកក្នុងវិស័យនយោបាយ ការតស៊ូមតិក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ និងដំណើរការតាក់តែងគោលនយោបាយ ដោយលោកស្រីបានបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយនាពេលបច្ចុប្បន្ននេះ ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ទាំងស្រុងរបស់ VOA ជាមួយលោកស្រី មូរ សុខហួរ ដូចតទៅ។