បទសម្ភាសន៍ VOA៖ វប្បធម៌ចងពារគ្នា និងនយោបាយស្លាប់រស់នៅកម្ពុជារារាំងដំណើរលទ្ធិប្រជាធិបតេយ្យសេរីនិយម
លោក Sorpong Peou គឺជាសាស្ត្រាចារ្យខ្មែរសញ្ជាតិកាណាដាម្នាក់នៃសាកលវិទ្យាល័យ Ryerson University នៅទីក្រុង Toronto ប្រទេសកាណាដា។ មុនមករស់នៅប្រទេសកាណាដា លោកសាស្ត្រាចារ្យបានឆ្លងកាត់របបខ្មែរក្រហម។ លោកសាស្ត្រាចារ្យ Sorpong Peou បានស្រាវជ្រាវ និងនិពន្ធសៀវភៅជាច្រើនដែលផ្តោតលើសន្តិភាព និងសន្តិសុខ ជាពិសេសគឺដំណើរកសាងសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍១៩៩០ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យយល់ថា សព្វថ្ងៃនេះប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍធម្មតាដែលរងកត្តាប្រឈមខាងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ក៏ប៉ុន្តែ លោកសាស្ត្រាចារ្យកត់សម្គាល់ថា វប្បធម៌ចងពារគ្នាក្រោយរបបខ្មែរក្រហម និងនយោបាយបែបស្លាប់រស់នៅកម្ពុជាដែលមេដឹកនាំនយោបាយ និងអ្នកមានអំណាចបានអនុវត្ត គឺជាកត្តារារាំងដ៏«ធំ»ដល់កម្ពុជា ក្នុងការសម្រេចបានលទ្ធិប្រជាធិបតេយ្យសេរីនិយមដ៏ពេញលេញ និងសេរីភាពខាងសេដ្ឋកិច្ច និងសង្គម។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនាង ទែន សុខស្រីនិត នៃ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន លោកសាស្ត្រាចារ្យ Sorpong Peou នៅប្រទេសកាណាដា បានឲ្យដឹងថា ដើម្បីជម្នះកត្តាប្រឈមនេះបាន លុះត្រាតែមេដឹកនាំនយោបាយជាន់ខ្ពស់ ទាំងគណបក្សកាន់អំណាច និងគណបក្សជំទាស់ និងក្រុមអ្នកមានអំណាចនៅកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ក្នុងការធ្វើកិច្ចការនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ។