របាយការណ៍អង្គការសហប្រជាជាតិ៖ ភាគច្រើននៃក្មេងស្រីវ័យ១០ឆ្នាំនៅទូទាំងពិភពលោកចាញ់ប្រៀបក្មេងប្រុស
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា កង្វះខាតការអប់រំសម្រាប់ក្មេងស្រីនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ប្រហែលជាអាចរួមចំណែកដល់ការកើនឡើងនៃភាពក្រីក្រជាសកល។ របាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០១៦របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី១ខែធ្នូនៅក្នុងរដ្ឋធានី Amman នៃប្រទេសហ្សកដានី ផ្តោតទៅលើសុខុមាលភាពរបស់ក្មេងស្រីវ័យ១០ឆ្នាំ ដែលជាសូចនាករនៃការអភិវឌ្ឍជោគជ័យឬបរាជ័យ។ របាយការណ៍នោះបានឲ្យដឹងថា កុមារវ័យ១០ឆ្នាំនៅក្នុងពិភពលោកភាគច្រើនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្មេងស្រីប្រឈមនឹងឧបសគ្គក្នុងការការទទួលបានការអប់រំសមរម្យ សេវាថែទាំសុខភាព និងសុវត្ថិភាពជាដើម។ របាយការណ៍នោះបានចង្អុលបង្ហាញពីគុណវិបត្តិនៃវិសមភាពយេនឌ័រដែលនៅតែបន្តកើតមាន ក្នុងចំណោមប្រជាជនវ័យក្មេងពាក់កណ្តាលពិភពលោក។ អ្នកស្រី Zlatica Hoke រាយការណ៍លម្អិតអំពីរឿងនេះ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕